ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា អាចនឹងមានការបង្កើនតម្លៃខ្ពស់ជាងមុនសម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីដល់នឹងមកដល់នាពេលខាងមុខ គឺ Galaxy Z Fold 8 និង Galaxy Z Flip 8 ហើយកត្តាដែលធ្វើឲ្យមានការបង្ហើនតម្លៃក៏ដោយសារតែតម្លៃដើមសង្វាក់ផលិតកម្មបន្តកើនឡើងនៅទូទាំងឧស្សាហកម្មផលិត។

យោងតាមប្រភពព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូងចេញផ្សាយដោយគេហទំព័រ Newspim បានឲ្យដឹងថា Samsung បាននឹងកំពុងជូបញ្ហាប្រឈមដែលត្រូវដោះស្រាយជាមួយតម្លៃបន្ទះឈីប និងម៉េមូរីកើនឡើងខ្ពស់ នៅមុនរដូវកាលនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួន គឺ Galaxy Z Fold 8 និង Galaxy Z Flip 8។ របាយការណ៍បន្តថា Samsung បានព្យាយាមក្នុងការទប់ស្កាត់ការបង្កើនតម្លៃសម្រាប់ផលិតផលជំនាន់ថ្មីរបស់ខ្លួន ប៉ុន្តែ សម្រាប់ម៉ូដែលបំពាក់អង្គផ្ទុកទិន្នន័យ (memory) ធំបំផុត គឺអាចនឹងមានការបង្កើនតម្លៃខ្ពស់ជាងមុនបន្តិចសម្រាប់ពេលនេះ។

តាមការព្យាករណ៍សម្រាប់ម៉ូដែល Galaxy Z Fold 8 និង Flip 8 បំពាក់ម៉េមូរីស្តង់ដារ (256G) អាចនឹងរក្សាតម្លៃដដែលដូចជំនាន់មុន លើកលែងតែម៉ូដែលមានម៉េមូរី 512GB និង 1TB គឺនឹងមានតម្លៃកើនឡើងខ្ពស់ជាងមុន។ បច្ចុប្បន្នសម្រាប់តម្រូវការប្រើប្រាស់ DRAM សម្រាប់ឧស្សាកម្មផលិតគ្រឿងអេឡិចត្រូនិចមានការហក់ឡើងសារជាថ្មីម្តងទៀត និងបច្ចេកវិទ្យា AI ក៏មានតម្រូវការខ្ពស់ដែលធ្វើឲ្យមានសម្ពាធថែមមួយកម្រិតទៀតនៅក្នុងទីផ្សារ semiconductor។ 

Samsung Galaxy Z Fold 8 ត្រូវបានគេរំពឹងថា នឹងមានការបង្កើនសមត្ថភាពទៅលើប្រព័ន្ធដំណើរ និងបច្ចេកវិទ្យាកម្រិតខ្ពស់ជាងជំនាន់ Galaxy Z Fold 7។ ទោះជាយ៉ាងណាមានប្រភពព័ត៌មានចចាមអារ៉ាមថា បច្ចេកវិទ្យាប៊ិច S Pen និងមុខងារ Privacy Display ថ្មីរបស់ Samsung អាចនឹងនៅតែអវត្តមាននៅលើ Galaxy Z Fold 8 ដែលអាចជាផ្នែកមួយនៃការសម្រេចចិត្តរបស់ Samsung ក្នុងការគ្រប់គ្រងថ្លៃដើមកាន់តែមានប្រសិទ្ធិភាព។ស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មី Samsung Galaxy Z Fold 8 និង Galaxy Z Flip 8 ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅចុងខែកក្តដា ឆ្នាំ 2026 ក្នុងព្រឹត្តិការណ៍ Unpacked Event របស់ Samsung នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ 

បច្ចុប្បន្ន Samsung នៅតែរក្សាដំណែងតួរឯងក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ពិភពលោក បើទោះបីជាមានការប្រកូតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតនៅក្នុងប្រទេសចិនដែលបានផលិតស្មាតហ្វូនអេក្រង់បត់របស់ពួកគេជាមួយកម្រាស់ស្តើង ទំហំថ្មធំជាង និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនជាងក្តី។ ស្របពេលជាមួយគ្នានេះ Apple ដែលជាដៃគូប្រកូតប្រជែងក្នុងទីផ្សារ Flagship Smartphone របស់ Samsung ក៏លេចលឺព័ត៌មានជាហូរហែរពីទាក់ទងនឹងផលិតផលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួន (iPhone Ultra) ដែលនឹងលេចវត្តមានលើទីផ្សារឆាប់ៗខាងមុខនេះ ដូចនេះ វាក៏នឹងបង្កើតសម្ពាធថ្មីបន្ថែមទៀតសម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់របស់ Samsung៕