កាន់តែច្បាស់ផ្លូវការណ៍ហើយ ដោយសារតែនៅពេលនេះស្ថាប័នចុះបញ្ចីរថយន្តថ្មីរបស់ប្រទេសចិន ហៅកាត់ថា “MIIT” បានធ្វើការចុះបញ្ចីរថយន្តស៊េរីថ្មីប្រភេទ EREV SUV  ចំនួនពីរម៉ូដែលរបស់ Sky Nomad ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xiaomi។ នៅលើឯកសារចុះបញ្ចីរបស់ MIIT បានបញ្ជាក់ច្បាស់ថា រថយន្ត Sky Nomad ដំបូងទាំងពីរម៉ូដែល គឺមានឈ្មោះថា N70 និង N90។

តាមរបាយការណ៍បានបញ្ជាក់ថា Sky Nomad N70 គឺជារថយន្ត EREV SUV ស្ថិតក្នុងលំដាប់ថ្នាក់ Entry-level ក្នុងស្រឡាយ N-Series។ ម៉ូដែលនេះមានប្រវែងតួរខ្លួន 4,960mm/ ទទឹង 1,998mm/ កំពស់ 1,785mm និងមានគម្លាតកង់មុខទៅកង់ក្រោយ 2,950mm។ Sky Nomad N70 មានប្រវែងតួរខ្លួនវែងជាង Mercedes-Benz GLE ប្រមាណ 36mm ហើយ N70 គឺជារថយន្ត SUV ដែលមាន 5-កៅអី។ Sky Nomad N70 ក៏នឹងមានជម្រើសម៉ូដែលប្រើយ៉ាន់កង់រង្វង់ 19-inch និង 21-inch ជាមួយទំងន់សរុប 2,453kg និង 2,610kg។ Sky Nomad N7 នឹងប្រើម៉ាស៊ីនសាំង  1.5-liter M15DRE engine ដែលផលិតដោយក្រុមហ៊ុន Harbin Dongang ដែលជាបុត្រសម្ព័ន្ធរបស់ Changan Automotive។

ម៉ាស៊ីន 1.5-litre របស់ N70 គឺមានកម្លាំង 150 សេះ ដែលត្រូវប្រើជាម៉ាស៊ីនសាកភ្លើង (Generation) សម្រាប់សាកថ្ម រីឯការអូសទាញបង្វិលកង់ត្រូវពឹងផ្អែកលើប្រព័ន្ធម៉ូទ័រអគ្គិសនីមួយគ្រាប់បំពាក់នៅផ្នែកខាងក្រោយមានកម្លាំង 282 សេះ។ ម៉ូដែល Entry-Level នេះ ប្រើកញ្ចប់ថ្ម LFP ទំហំ 52kWh ផ្គត់ផ្គង់ដោយក្រុមហ៊ុន Sunwoda ហើយការសាកភ្លើងពេញម្តងអាចជិះដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 270km។ ចំពោះកម្រិតប្រើប្រាស់សាំងវិញ គឺខ្ទង់ប្រហែល 5.8L/100km ហើយ N70 អាចជាន់ល្បឿន Top Speed បានដល់ 190km/h។ ដោយឡែកសម្រាប់ម៉ូដែល AWD ឬហៅថា Sky Nomad N70 Max គឺមានបន្ថែមម៉ូដែលអគ្គិសនីខាងមុខមួយគ្រាប់ទៀតមានកម្លាំង 134 សេះ ដែលសរុបកម្លាំងម៉ូទ័រទាំងពីរ គឺអាចបង្កើតកម្លាំងបាន 416 សេះ។ 

N70 Max ប្រើប្រាស់កញ្ចប់ថ្ម ternary NMC battery របស់ CALB មានទំហំ 76kWh សាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 380km រីឯការប្រើប្រាស់សាំងវិញ គឺប្រមាណជា 6.2L/100km។ Sky Nomad N70 Series មានបំពាក់ចង្កៀងខាងមុខធំ, ដៃទ្វារប្រភេទ Semi-hidden door handle, មានស៊ិនស័រ LiDAR លើដំបូល, ចង្កៀងក្រោយរចនាជាស្ទាយ Ring-shaped taillight ដូចរថយន្ត Xiaomi SU7 និង YU7 ដែរ ហើយក៏អាចនឹងមានឈ្នាន់ចំហៀងដែលដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច ឬ Electronic power side steps ថែមទៀតផង៕