កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានសក្តានុពលរបស់ប្រទេសចិន Xiaomi បានប្រកាសចេញផ្លូវការណ៍ថា “Sky Nomad” គឺជាម៉ាកយីហោរថយន្តរងដំបូងរបស់ខ្លួន។ ហើយបន្ទាប់ពីការប្រកាសមិនទាន់បានប៉ុន្មានថ្ងៃផង នៅពេលនេះស្ថាប័នចុះបញ្ចីរថយន្តថ្មីក្នុងប្រទេសចិន “Ministry of Industry and Information Technology” ហៅកាត់ថា “MIIT” បានធ្វើការចុះបញ្ចីផ្លូវការណ៍រថយន្តប្រភេទ EREV SUV ថ្មីចំនួនពីរម៉ូដែលម៉ាក Sky Nomad របស់ Xiaomi ដែលមានម៉ូដែល N70 និង N90។ ចំពោះម៉ូដែល Sky Nomad N70 គឺស្ថិតក្នុងលំដាប់រថយន្ត Entry-level EREV SUV ខណៈម៉ូដែល N90 ស្ថិតក្នុងលំដាប់រថយន្ត Flagship Large-size SUV។

បើយោងទៅលើឯកខាងចុះបញ្ចីរបស់ MIIT បានបង្ហាញថា Sky Nomad N90 ដែលជា Flagship Large-size SUV គឺមានតួរខ្លួនប្រវែង 5,285mm/ ទទឹង 1,998mm/ កំពស់ 1,825mm ជាមួយគម្លាងរវាងកង់មុខទៅកង់ក្រោយ 3,080mm ដែលធ្វើឲ្យ N90 មានប្រវែងតួរខ្លួនវែងជាងរថយន្ត Mercedes-Benz GLS ប្រហែល 76mm។ Sky Nomad N90 ប្រើប្រាស់យ៉ាន់កង់រង្វង់ 21-inch និងប្រើសម្បកកង់មុខខ្នាត 255/45 និងសម្បកក្រោយខ្នាត 265/45។ រថយន្តស៊េរីថ្មីនេះ នឹងមានជម្រើសម៉ូដែល 5- កៅអី និង 7-កៅអី។ តាមរបាយការណ៍កន្លងមកបាន និយាយថា កៅអីខាងមុខរបស់ N90 នឹងអាចបង្វិលបានក្នុងកម្រិតមុំ 180 ដឺក្រេ។ Sky Nomad N90 មានទំនង់អតិបរិមា 2,800kg និងទំងន់សរុបដល់ 3,361kg។

នៅលើបញ្ចីរបស់ MIIT បានបញ្ជាក់ថា Sky Nomad N90 គឺមានតែមួយម៉ូដែល Max ប៉ុណ្ណោះ។ N90 Max មានប្រើប្រាស់ម៉ាស៊ីនសាំង 1.5-litre សម្រាប់មុខងារ Range-extender និងបំពាក់ម៉ូទ័រអគ្គិសនីប្រភេទ e-Motor ចំនួនពីរគ្រាប់អាចបង្កើតកម្លាំងសរុបបាន 416 សេះ ហើយអាចជាន់ល្បឿនលឿនបំផុត (Top Speed) បានដល់ 190km/h។ Sky Nomad N90 Max ក៏នឹងបំពាក់កញ្ចប់ថ្មប្រភេទ NMC ទំហំ 76kWh ផ្គត់ផ្គង់ដោយក្រុមហ៊ុន CALB ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 370km។ ទៅលើកម្រិតប្រើប្រាស់សាំងវិញ គឺខ្ទង់ប្រហែល 6.26L/100km។ 

សូមបញ្ជាក់ថា បើតាមទិន្នន័យរបស់ China EV DataTracker បានឲ្យដឹងថា ក្នុងរយះពេល 6 ដំបូងនៃឆ្នាំ 2026 នេះ Xiaomi Auto លក់រថយន្តសរុបបានចំនួន 185,055 គ្រឿង ការលក់កើនឡើងប្រមាណ 17.2% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយជាមួយនឹងវត្តមានរថយន្តស៊េរីថ្មីក្រោមម៉ាកថ្មី Sky Nomad ដែលត្រៀមចេញនៅត្រីមាសចុងក្រោយនៃឆ្នាំ 2026 នេះ គឺនឹងជួយបង្កើនការលក់រថយន្តថាមពលថ្មីរបស់ Xiaomi Auto កាន់តែខ្លាំងបានថែមមួយកម្រិតទៀត។ Sky Nomad ត្រូវបាន Xiaomi អះអាងថា ជារថយន្តដែលផ្តោតសំខាន់ទៅលើភាពប្រណីត ភាពទំនើប ភាពធំទូលាយ និងភាពប្រកបដោយផាសុខភាពសម្រាប់ការប្រើប្រាស់ក្នុងដំណើរការកំសាន្តលក្ខណៈគ្រួសារ និងការប្រើប្រាស់ប្រចាំថ្ងៃដែលមានភាពសន្សំសំចៃខ្ពស់៕