ក្រុមហ៊ុនផលិតរថយន្ត Stellantis NV បានឈានដល់កិច្ចព្រមព្រៀងលើប្រាក់វិនិយោគប្រមាណ 1.18 ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនផលិតរថយន្ត Dongfeng Motor ដែលគ្រប់គ្រងដោយរដ្ឋចិន ដើម្បីពង្រីកការផលិតរថយន្តម៉ាក Peugeot និង Jeep នៅក្នុងប្រទេសចិនសម្រាប់ទាំងទីផ្សារក្នុងស្រុក និងនាំចេញ។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រុមហ៊ុន Dongfeng Peugeot Citroën Automobile (DPCA) ត្រូវបានគេរំពឹងថានឹងផលិតរថយន្តថាមពលថ្មី (NEV) ចំនួនពីរគ្រឿងដែលមានម៉ាក Peugeot ថ្មី ឬ All-New Peugeot នៅរោងចក្រ Wuhan របស់ខ្លួនដោយចាប់ផ្តើមនៅឆ្នាំ 2027។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងបន្ថែមថា ម៉ូដែលទាំងពីរនឹងផ្អែកលើភាសារចនាចុងក្រោយបំផុតសម្រាប់រថយន្តគំនិតថ្មីស្រឡាង ឬ all-new concept cars ដែលបានដាក់បង្ហាញដោយក្រុមហ៊ុន Peugeot នៅក្នុងកម្មវិធីពិព័រណ៍រថយន្តប្រចាំឆ្នាំ2026 ឬ Beijing International Auto Show កាលពីចុងខែមេសា។ ក្នុងអំឡុងពេលព្រឹត្តិការណ៍ពិព័រណ៍រថយន្តនេះ ក្រុមហ៊ុន Peugeot បានបង្ហាញគំរូបរថយន្តលំដាប់ពិភពលោកចំនួនពីរគឺ Peugeot Concept 6 និង Peugeot Concept 8។ ផលិតផលទាំងនេះត្រូវបានបម្រុងទុកសម្រាប់ទីផ្សារចិន និងសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក ដែលជាផ្នែកមួយនៃផែនការបង្កើនកំណើនទីផ្សារអន្តរជាតិរបស់ Peugeot នេះបើយោងតាមការអះអាងពីក្រុមហ៊ុនមេ Stellantis។
ផែនការនេះក៏រួមបញ្ចូលទាំងការផលិតដំបូងនៃរថយន្តដំណើរការដោយថាមពលថ្ម (NEV) ប្រភេទ off-road ម៉ាក Jeep ថ្មីចំនួនពីរម៉ូដែលសម្រាប់ទីផ្សារពិភពលោកនៅរោងចក្រ Wuhan របស់ DPCA ដែលនឹងចាប់ផ្តើមនៅឆ្នាំ 2027 ផងដែរ។ ដែលគម្រោងនេះ គឺត្រូវគ្នានឹងការវិនិយោគទុនរួមគ្នាជាង 8ពាន់លានយ័ន ដែលក្នុងនោះ Stellantis ត្រូវបានគេរំពឹងថានឹងចូលរួមចំណែកប្រហែល 130 លានអឺរ៉ូ ឬប្រហែល 150 លានដុល្លារអាមេរិក។ Stellantis គឺជាដៃគូយូរអង្វែងរបស់ Dongfeng ដែលមានទំនាក់ទំនងសហការជាមួយគ្នារយៈពេល 34 ឆ្នាំមកហើយ។ លើសពីនេះ Stellantis បាននឹងកំពុងពិភាក្សាលើគម្រោងការណ៍ដាច់ដោយឡែកផ្សេងមួយទៀតជាមួយ Dongfeng អំពីការផលិតរថយន្តរួមគ្នានៅតំបន់អឺរ៉ុប នេះបើយោងតាមរបាយការណ៍របស់ Bloomberg កាលពីខែមុន។
លោក Antonio Filosa នាយកប្រតិបត្តិក្រុមហ៊ុន Stellantis កំពុងព្យាយាមធ្វើឱ្យក្រុមហ៊ុននេះរស់ឡើងវិញបន្ទាប់ពីការលក់ធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ។ កិច្ចព្រមព្រៀងចុងក្រោយបំផុតនេះ បានបន្ថែមទៅលើបណ្តាញដៃគូដែលជាក្រុមហ៊ុនចិនដែលកំពុងពង្រីករបស់ Stellantis។ កាលពីសប្តាហ៍មុន Stellantis បានប្រកាសថាខ្លួនកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយ Leapmotor ដែលគ្របដណ្តប់លើការពង្រីកសមត្ថភាពផលិតកម្មរបស់ប្រទេសអេស្ប៉ាញ និងការផ្ទេររោងចក្រ។ ក្រុមហ៊ុនទាំងពីរមានគម្រោងបន្ថែមខ្សែសង្វាក់ផលិតកម្មថ្មីមួយនៅរោងចក្រ Zaragoza របស់ Stellantis ក្នុងប្រទេសអេស្ប៉ាញ។
រោងចក្រនេះ ដែលបានផលិតរថយន្ត Opel Corsas ជាង 10 លានគ្រឿងចាប់តាំងពីឆ្នាំ 1982 នឹងត្រៀមផលិតរថយន្ត SUV អគ្គិសនី Opel ថ្មី និង Leapmotor B10 នាពេលអនាគត។ Stellantis ក៏មានបំណងផ្ទេរកម្មសិទ្ធិរោងចក្រ Villaverde របស់ខ្លួននៅទីក្រុងម៉ាឌ្រីដទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Leapmotor International នៅប្រទេសអេស្ប៉ាញ។ រោងចក្រនេះត្រូវបានគេគ្រោងនឹងផ្តល់ម៉ូដែលរថយន្ត Leapmotor ថ្មីសម្រាប់ផលិតកម្មនៅឆមាសទីមួយនៃឆ្នាំ 2028 ផងដែរ។
ទន្ទឹងនឹងនេះយោងតាមរបាយការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Yunjian Insight កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Huawei, Anhui Jianghuai Automobile Group Corp (JAC), Stellantis និងម៉ាកយីហោឡាន Maserati របស់ក្រុមហ៊ុនយក្សអឺរ៉ុប កំពុងស្ថិតក្នុងការពិភាក្សាដើម្បីអភិវឌ្ឍឡានប្រើថាមពលថ្មី (NEV) សម្រាប់ម៉ាកយីហោ Maserati រួមគ្នា។ របាយការណ៍នេះបាននិយាយថា គំរូសហប្រតិបត្តិការនេះ គឺស្រដៀងគ្នាទៅនឹងម៉ាកយីហោទាំងប្រាំដែលកំពុងស្ថិតនៅក្រោមដំបូលអាជីវកម្ម HIMA (Harmony Intelligent Mobility Alliance) របស់ Huawei ដោយម៉ូដែលដំបូងត្រូវបានគេរំពឹងថានឹងចូលផលិតកម្មទ្រង់ទ្រាយធំនៅឆមាសទីពីរនៃឆ្នាំក្រោយ (2027)៕



