Toyota bZ ឆ្នាំ 2026 មកជាមួយកញ្ចប់អាគុយ 74.7 kWh សាកម្តងបើកបរបានចម្ងាយ 505km

Toyota bZ ឆ្នាំ 2026 គឺជាឡានអគ្គិសនីថ្មីមួយទៀតរបស់ក្រុមហ៊ុន Toyota ដែលទទួលបានការអាប់ដេតជាច្រើន រួមទាំងការឌីហ្សាញ, បច្ចេកវិទ្យា និង Performance ផងដែរ។ ឡានអគ្គិសនី Toyota bZ នៅតែបន្តប្រើគ្រោងឆ្អឹង e-TNGA Platform ហើយមានផ្តល់ទាំងជម្រើសប្រើម៉ូទ័រ 1 និង ម៉ូទ័រ 2។ ចំពោះប្រភេទប្រើម៉ូទ័រ 1 និង ប៉ុង 1 (FWD) មានកម្លាំង 221 HP ខ្លាំងជាងម៉ូដែល bZ4x ប្រើម៉ូទ័រ 1 ដែលមានកម្លាំងត្រឹម 201 HP
។ ចំណែកឯប្រភេទប្រើម៉ូទ័រ 2 និង ប៉ុង 2 (AWD) វិញ គឺមានកម្លាំង 338 HP ខ្លាំងជាងម៉ូដែល bZ4x ប្រើម៉ូទ័រ 2 ដែលមានកម្លាំងត្រឹមតែ 215 HP ប៉ុណ្ណោះ។
អ្វីដែលកាន់តែពិសេសនោះគឺ Toyota bZ បានផ្តល់ឲ្យនូវចម្ងាយបើកបរ ឆ្ងាយជាងមុនរហូតដល់ទៅ 25% បើប្រៀបធៀបនឹងម៉ូដែល bZ4x ដោយសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 505 KM (WLTC) ជាមួយនឹងកញ្ចប់អាគុយ ទំហំ 74.7 kWh។ វាក៏មានជម្រើសអាគុយតូច ទំហំ 57.7 kWh ដែលអាចបើកបរបានចម្ងាយ 380 KM (WLTC) នៅពេលសាកភ្លើងពេញ ផងដែរ។

មិនតែប៉ុណ្ណោះ Toyota bZ ឆ្នាំ 2026 ក៏គាំទ្រជាមួយនឹងការសាកភ្លើងប្រភេទ NACS (North American Charging System) ដែលអនុញ្ញាតឲ្យវាអាចប្រើស្ថានីយសាកភ្លើង Tesla Supercharger Network បាន ទៀតផង។ ក្រុមហ៊ុន Toyota បានអះអាងថា bZ បានបំពាក់នូវមុខងារ Battery Preconditioning Function ថ្មី ដែលជួយឲ្យការសាកភ្លើងកាន់តែមានប្រសិទ្ធិភាព ហើយវាអាចសាកភ្លើងល្បឿនលឿន ពី 10-80% ដោយប្រើពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។
បើនិយាយពីរូបរាងវិញ ឡាន Toyota bZ ឆ្នាំ 2026 ថ្មីនេះ មានការឌីហ្សាញកាន់តែទាន់សម័យ និងទាក់ទាញ ហើយបានបំពាក់ជាមួយនឹងសំណុំចង្កៀងមុខ LED ថ្មី ឌីហ្សាញរាងស្រួចជាងមុន និង កាងមុខ មានរន្ធខ្យល់ រាងកាចជាងមុន ផងដែរ។ វាផ្តល់ជម្រើសយ៉ាន់កង់ ទំហំ 18 ឬ 20 អ៊ីញ ជាមួយនឹងការឌីហ្សាញថ្មី ទៀតផង។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាបានបំពាក់អេក្រង់កម្សាន្ត Touchscreen ធំជាងមុន ទំហំ 14 អ៊ីញ មកស្តង់ដារ ហើយមានកន្លែងសាកថ្មទូរសព្ទឥតខ្សែ ចំនួន 2, ប្រព័ន្ធភ្លើងឌីម Ambient Lighting 64 ពណ៌, មាន Paddle Shift នៅលើដៃចង្កូត សម្រាប់សារ៉េកម្រិត នៃប្រព័ន្ធ Regenerative Braking ទៀតផង៕
