ស្វែងរកពួកយើង:

Toyota RAV4 Hybrid ស៊េរីឆ្នាំ 2026 នឹងមានកម្រិតស៊ីសាំង និងបំភាយឧស្ម័ន CO2 ទាបជាងមុន

ដោយ

ជុំ ប៉េងលីន

02 មេសា 2026 07:25 ព្រឹក

អាន 3 នាទី

Article image
រថយន្ត Toyota RAV4 ជំនាន់ថ្មីឆ្នាំ 2026 នឹងក្លាយជារថយន្តដែលមានការសន្សំសំចៃការប្រើប្រាស់សាំងកាន់តែមានប្រសិទ្ធិភាពខ្ពស់ក្នុងប្រវត្តិសាស្រ្តរបស់ត្រកូល RAV4។ បើយោងទៅលើទិន្នន័យដែលចេញដោយក្រសួង Green Vehicle Guide របស់រាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីបានបង្ហាញថា Toyota RAV4 ជំនាន់ថ្មីឆ្នាំ 2026 ម៉ូដែល Hybrid នឹងមានកម្រិតប្រើប្រាស់ប្រេងសាំងប្រមាណតែ 4.2L/100km។ ទិន្នន័យនេះ គឺទទួលបានពីការធ្វើតេស្តកម្រិតនៃការបើកបរ RAV4 Hybrid ម៉ូដែលប្រើប្រាស់ប្រព័ន្ធបើកបរ Two-wheel-drive នៅក្នុងទីក្រុង។ ការធ្វើតេស្តនេះ ក៏ត្រូវបានធ្វើឡើងសម្រាប់ម៉ូដែល RAV4 ជំនាន់មុនផងដែរ ដែលកាលជំនាន់ឆ្នាំ 2025 មានកម្រិតស៊ីប្រេងសាំងខ្ពស់ជាងបន្តិច គឺ 4.8L/100km។
Article image

ក្រៅតែមានកម្រិតនៃការប្រើប្រាស់ប្រេងសាំងតិចជាងម៉ូដែលមុនហើយ ទៅលើកម្រិតនៃការបំភាយឧស្ម័នពុល ឬ CO2 ចេញពី RAV4 ជំនាន់ថ្មីក៏តិចជាងត្រឹម 102g/100km ធៀបនឹងម៉ូដែល RAV4 2WD ឆ្នាំ2025 ដែលមានកម្រិតបំភាយ CO2 ដល់ 107g/100km។ ដោយឡែកសម្រាប់ Toyota RAV4 Hybrid ជំនាន់ថ្មីឆ្នាំ 2026 ម៉ូដែល All-wheel-drive ក៏មានកម្រិតស៊ីសាំងតិចជាងត្រឹម 4.6L/100km ធៀបនឹងម៉ូដែល AWD ឆ្នាំ 2025 ដែលស៊ី 4.8L/100km។ រីឯការបំភាយឧស្ម័ន CO2 គឺត្រឹម 105g/100km ធៀបនឹងម៉ូដែល 2025 ដែលមានការបំភាយ CO2 ដល់ 109g/100km។
Article image
ជារួមមកវិញ RAV4 ជំនាន់ឆ្នាំ 2026 មានការសន្សំសំចៃការប្រើប្រាស់ឥន្ធនៈនៅពេលបើកបរក្នុងទីក្រុងបានប្រសើរជាងជំនាន់ឆ្នាំ 2025 ប្រមាណ 12.5% សម្រាប់ម៉ូដែល 2WD និង 12% សម្រាប់ម៉ូដែល AWD។ ដោយឡែកសម្រាប់ការបើកបរនៅលើផ្លូវល្បឿនលឿន ឬ Highway សម្រាប់ RAV4 Hybrid ឆ្នាំ 2026 វិញ ការប្រើប្រាស់សាំង គឺមិនខុសគ្នាពីជំនាន់ឆ្នាំ 2025 នោះទេ គឺ 4.7L/100km សម្រាប់ម៉ូដែល 2WD និង 4.8L/100km សម្រាប់ម៉ូដែល AWD។
Article image
ចំពោះការកាត់បន្ថយកម្រិតស៊ីសាំងតិចជាងមុននៅលើ RAV4 Hybrid ឆ្នាំ 2026 គឺពាក់ព័ន្ធទៅនឹងការកាត់បន្ថយអនុភាពកម្លាំងរបស់ប្រព័ន្ធម៉ាស៊ីន Hybrid ទាបជាងជំនាន់ឆ្នាំ 2025 ដោយក្នុងនោះសម្រាប់ម៉ូដែល AWD 2026 គឺមានកម្លាំងមកនៅត្រឹម 143kW ធៀបនឹងម៉ូដែល AWD 2025 ដែលមានកម្លាំង 160kW ឬ 163kW នៅលើម៉ូដែល AWD 2025។
Article image
ការកាត់បន្ថយកម្រិតស៊ីសាំង និងការបំភាយឧស្ម័ន CO2 នៅលើ Toyota RAV4 Hybrid ឆ្នាំ 2026 គឺក្រុមហ៊ុនអនុលោមតាមកម្រិតនៃការបំភាយឧស្ម័ន Euro 5 ដូចគ្នានឹងជំនាន់មុនរបស់វាដែរ ប៉ុន្តែព័ត៌មានដែលផ្តល់ដោយ Toyota បានបញ្ជាក់ថា RAV4 ម៉ូដែលថ្មីនេះ គឺអនុលោមតាមកម្រិតបំភាយឧស្ម័ន Euro 6។ អ្នកនាំពាក្យក្រុមហ៊ុន Toyota បានបញ្ជាក់ថា RAV4 hybrid ជំនាន់ថ្មីឆ្នាំ 2026 គឺពិតជាបានបំពេញតាមលក្ខខណ្ឌស្តង់ដារនៃកម្រិតបំភាយឧស្ម័ន CO2 Euro 6 ADR បច្ចុប្បន្ន។ ហើយសម្រាប់ព័ត៌មានលម្អិតរបស់ Toyota RAV4 ជំនាន់ថ្មីឆ្នាំ 2026 នឹងត្រូវបើកបង្ហាញលម្អិតផ្លូវការណ៍នៅពាក់កណ្តាលខែមេសា ឆ្នាំ 2026 ខាងមុខនេះហើយ។
Article image
ក្រៅតែពីម៉ូដែល Hybrid ត្រកូល Toyota RAV4 ឆ្នាំ2026 ក៏នឹងមានម៉ូដែល Plug-in-hybrid ឬ PHEV ផងដែរ គ្រាន់តែក្រុមហ៊ុនមិនទាន់បញ្ចេញព័ត៌មានទាក់ទងនឹងម៉ូដែលមួយនេះ។ ដោយឡែកបានតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា Toyota RAV4 PHEV 2026 ម៉ូដែល 2WD អាចនឹងបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយចន្លោះពី 80km និង 130km៕
Toyota RAV4 Hybrid ស៊េរីឆ្នាំ 2026 នឹងមានកម្រិតស៊ីសាំង និងបំភាយឧស្ម័ន CO2 ទាបជាងមុន