ក្រុមហ៊ុន Xiaomi Auto បានបើកសម្ភោធមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ឬ R&D នៅតំបនើអឺរ៉ុបជាលើកដំបូងដែលមានទីតាំងស្ថិតនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវ័យក្មេងរបស់ចិនមួយនេះ កំពុងរៀបចំគម្រោងក្នុងការចេញផលិតផលរថយន្តថ្មីបន្ទាប់របស់ខ្លួន និងការត្រៀមខ្លួនចូលប្រឡូកក្នុងទីផ្សាររថយន្តក្នុងតំបន់អឺរ៉ុបដែលបានគ្រោងទុកនៅឆ្នាំ 2027។

មជ្ឈមណ្ឌល R&D របស់ Xiaomi Auto មានបុគ្គលិកបម្រើការប្រហែល 50 នាក់ផ្សេងទៀត ដែលត្រូវបានដឹកនាំដោយលោក Rudolf Dittrich ដែលធ្លាប់ធ្វើការលើគម្រោងផលិតរថយន្តប្រណាំង M4 GT3 របស់ BMW។ លោក Claus-Dieter Groll ដែលជាអ្នកចាស់វស្សាម្នាក់ទៀតរបស់ BMW ជាប្រធានផ្នែកឌីណាមិកយានយន្ត។ លោក Groll ធ្លាប់ធ្វើការលើម៉ូដែលរថយន្ត BMW ជាច្រើន ក្នុងនោះរួមទាំង ម៉ូដែល BMW 3 Series, 4 Series, Z4, X5, X6 និង X7 ជាដើម។ ការបើកដំណើរការមជ្ឈមណ្ឌលថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការណ៍ដោយលោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi នៅក្នុងអំឡុងពេលពិព័រណ៍រថយន្តប្រចាំឆ្នាំ 2026 Beijing Auto Show កាលពីថ្ងៃសុក្រ។ 

មជ្ឈមណ្ឌល R&D របស់ Xiaomi នៅអាល្លឺម៉ង់នេះ នឹងធ្វើការផ្តោតទៅលើយានយន្តដែលមានប្រព័ន្ធដំណើរការកម្រិតខ្ពស់ ការរចនាលំដាប់ខ្ពស់ ប្រព័ន្ធឌីណាមិកយានយន្ត និងបច្ចេកវិទ្យារថយន្តទំនើបជាដើម។ Xiaomi បាននិយាយថា ក្រុមការងារដែលបម្រើការនៅក្នុងមជ្ឈមណ្ឌលថ្មីនេះ រួមមានក្រុមវិស្វករ និងក្រុមអ្នករចនាដែលមានបទពិសោធន៍យូរឆ្នាំ ដែលពីមុនធ្លាប់បានបម្រើការងារនៅក្នុងក្រុមហ៊ុនផលិតរថយន្តប្រណិតៗដូចជា BMW, Porsche, Lamborghini និង Mercedes-Benz។ រថយន្ត Xiaomi ម៉ូដែលដំបូងដែលទទួលបានការចូលរួមយ៉ាងស៊ីជម្រៅពីក្រុមអ្នកជំនាញរថយន្តពីតំបន់អឺរ៉ុប គឺ YU7 GT ដែលជាកំណែប្រែប្រព័ន្ធដំណើរការកម្រិតខ្ពស់ពី SUV YU7 ម៉ូដែលស្តង់ដារ។ ម៉ូដែលនេះត្រូវបានគេរំពឹងថានឹងចេញលក់នៅចុងខែឧសភា ឆ្នាំ 2026 ខាងមុខនេះ។ 

Xiaomi មិនទាន់បានចេញផ្សាយលក្ខណៈបច្ចេកទេសពេញលេញសម្រាប់ម៉ូដែល YU7 GT នៅឡើយទេ ប៉ុន្តែ ក្រុមហ៊ុនកំពុងចាត់ថ្នាក់ម៉ូដែលថ្មីនេះ គឺជាផ្នែកមួយនៃការជំរុញចក្ខុវិស័យយានយន្តថាមពលថ្មីរបស់ខ្លួនចូលទៅក្នុងផ្នែករថយន្តអគ្គិសនីដែលមានសមត្ថភាពប្រព័ន្ធដំណើរការថ្នាក់ខ្ពស់ និងមានគុណភាពខ្ពស់ជាងម៉ូដែលមុនៗ។ បច្ចុប្បន្ន Xiaomi Auto បានចេញលក់រថយន្តអគ្គិសនីចំនួនបីម៉ូដែល មានដូចជា Xiaomi SU7 sedan, SU7 Ultra Performance និង YU7 SUV។ លោក Lei Jun ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា ក្រុមហ៊ុនលោកមានគម្រោងចាប់ផ្តើមពង្រីកខ្លួនទូទាំងពិភពលោកឲ្យបានកាន់តែទូលំទូលាយនៅឆ្នាំ 2027 ដោយមានទ្វីបអឺរ៉ុបជាទីផ្សារក្រៅប្រទេសដំបូងរបស់ខ្លួន។ ប្រទេសអាល្លឺម៉ង់ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណតដំបូងសម្រាប់ការចូលទីផ្សាររថយន្តអគ្គិសនីរបស់ Xiaomi នៅអឺរ៉ុប។ 

បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តចិនបាននឹងកំពុងកំណត់គោលដៅកាន់តែខ្លាំងឡើងនៅលើទឹកកំណើតរបស់ក្រុមហ៊ុន BMW, Mercedes-Benz, Porsche និង Audi ដោយមិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងនៅអឺរ៉ុបទៀតផង។ សព្វថ្ងៃនេះ Xiaomi បានលក់រថយន្តរបស់ខ្លួនតែនៅទីផ្សារក្នុងស្រុក (ចិន) ប៉ុណ្ណោះ ជាមួយចំនួនលក់បានដល់ 400,000 គ្រឿងនៅក្នុងឆ្នាំ 2025 ហើយក្រុមហ៊ុនបានដាក់គោលដៅលក់ឲ្យបានដល់ 550,000 គ្រឿងនៅក្នុងឆ្នាំ 2026 នេះ៕