យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ពីព័ត៌មានថ្មីៗជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro Max នៅលើអនឡាញ ខណៈដែលការដាក់សម្ពោធជាផ្លូវការណ៌នៅប្រទេសចិននាចុងឆ្នាំខាងមុខនេះហើយ។ សូមជំរាបថា Xiaomi 18 series ដែលនឹងមានវត្តមានឆ្នាំនេះ គឺនឹងមានម៉ូដែលស្តង់ដារ និងXiaomi 18 Pro ហើយនិង Xiaomi 18 Pro Max។

យោងតាមអ្នកទម្លាយ Digital Chat Station ដែលបានចែកចាយព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មី នៅថ្ងៃនេះ ត្រូវបានគេជឿជាក់ថា គឺជា Xiaomi 18 Pro Max។ អ្នកទម្លាយរូបនេះបាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់រាបស្មើរមានទំហំ 6.9 អ៊ីង។ បន្ថែមពីនេះ ការបែកធ្លាយខាងលើនេះ ថែមទាំងបានបញ្ជាក់ទៀតថា នៅលើស្មាតហ្វូនម៉ូដែល Pro Max ថ្មីនេះ គឺមានអេក្រង់ស្តើង ហើយនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro។

ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro Max ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវម៉ូទ័រ Haptic motor ហើយនិងមានអេក្រង់ទីពីរនៅលើខ្នងក្រោយ រួមជាមួយនិងសិនស័រកាមេរ៉ាទំហំ 200MP ចំនួនដល់ទៅ 2 គ្រាប់ ក៏ដូចជា មានតម្លើងនូវប៊ូតុង AI ផងដែរ។
