Xiaomi បានប្រកាចេញលក់ផ្លូវការណ៍រថយន្តអគ្គិសនី Sedan ជំនាន់ទីពីរស៊េរីឆ្នាំ 2026 SU7 Series។ ឡានអគ្គិសនី Sedan ជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនប្រសិទ្ធិភាពលើប្រព័ន្ធជំនួយការអ្នកបើកបរ, ប្រព័ន្ធបើករបរ, មុខងារប្រើប្រាស់ទំនើបឆ្លាតវៃ រួមនឹងមានការកែប្រែគ្រឿងបរិក្ខាតុបតែងក្នុងការប៊ីនថ្មីជាដើម។ Xiaomi SU7 Series 2026 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ $31,870 ថ្លៃជាងជំនាន់ដំបូងប្រមាណ $580។ សម្រាប់ជម្រើសម៉ូដែល គឺដូចជំនាន់មុនដដែល មានដូចជា Standard, Pro និង Max។

Xiaomi SU7 ជំនាន់ថ្មីឆ្នាំ 2026 ត្រូវបានក្រុមហ៊ុនធ្វើការបច្ចុប្បន្នភាពទៅលើប្រព័ន្ធសែនស័រកម្រិតខ្ពស់ដំណើរការកាន់តែមានប្រសិទ្ធិភាពជាងមុខដោយក្នុងនោះរួមមាន  LiDAR Sensor, 4D millimeter-wave radar, ដែលគាំទ្រដោយបន្ទះឈីប Nvidia Thor-U compute platform មានសមត្ថភាពខ្ពស់ដល់ 700TOPS និងគាំទ្រប្រព័ន្ធជំនួយការអ្នកបើកបរ Xiaomi HAD driver-assistance system។ គ្រប់ម៉ូដែលទាំងអស់របស់ SU7-2026 គឺដំណើរការដោយប្រើម៉ូទ័រអគ្គិសនីស៊េរី V6S Plus Motor មានលទ្ធភាពផលិតកម្លាំងបាន 235kW នៅលើម៉ូដែល Standard និង Pro ខណៈម៉ូដែល Max អាចផលិតកម្លាំងបាន 508kW។

សម្រាប់កញ្ចប់ថ្មដែលប្រើនៅលើ Xiaomi SU7 Series 2026 ជាប្រភេទ ternary lithium battery pack ដែលមានទំហំ 101.7kWh និង LFP Pack ទំហំ 96.3kWh។ បើតាមស្តង់ដារបើកបរពី CLTC ការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 720km, 902km និង 835km ទៅតាមជម្រើសថ្ម ឬជម្រើសម៉ូដែល។ នៅលើបញ្ចីរបស់ Xiaomi បានបង្ហាញថា ឡានអគ្គិសនី Sedan ជំនាន់ទីពីរនេះ គឺគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំង 752V ទៅ 897V អាស្រ័យទៅលើជម្រើសម៉ូដែល។ Xiaomi SU7 ឆ្នាំ 2026 ជាប្រភេទឡានអគ្គិសនី Fastback sedan ដែលមានប្រវែងតួរ 4,997 mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។

ផ្នែកការឌីស្សាញខាងក្រៅរបស់ SU7 ជំនាន់ថ្មីមានការកែប្រែថ្មីមួយចំនួនដូចជាការឌីស្សាញខាងមុខថ្មី និងសែនស័រ LiDAR លើដំបូលមុខថ្មី ជាមួយសម្បកកង់ក្រោយមានទទឹងធំជាងមុនជាដើម។ ចូលមកខាងក្នុងកាប៊ីនវិញ ឃើញមានការឌីស្សាញថ្មីខុសពីជំនាន់មុនបន្តិចក្នុងនោះមានដូចជាការបំពាក់អេក្រង់បង្ហាញព័ត៌មាន Digital LCD Panel ភ្លឺច្បាស់ទំហំ 7.1-inch, អេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 16.1-inch គាំទ្រដំណើរការជាមួយប្រព័ន្ធ Xiaomi Smart Cockpit System ដែលភ្ជាប់មកជាមួយមុខងារបញ្ជាការប្រើប្រាស់ដោយសំឡេង និងមុខងារ multi-screen ទៀតផង។

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Xiaomi បានប្រើប្រាស់នូវលោហៈធាតុគុណភាពធន់រឹងមាំងខ្លាំងដូចជាការប្រើនូវដែកថែបកម្រិត 2200MPa នៅផ្នែកសំខាន់ៗ ក៏ដូចជាពោងសុវត្ថិចំនួន 9 គ្រាប់, ប្រព័ន្ធដោះសោរទ្វារសុវត្ថិភាពដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចដោយប្រើប្រាស់ថាមពលបម្រុងដែលត្រូវបានរចនាឡើងដើម្បីដំណើរការនៅពេលមានការប៉ះទង្គិចកម្រិតធ្ងន់ធ្ងរ។

ចំនែកកញ្ចប់ថ្មវិញត្រូវបានរចនាថ្មីជាមួយប្រព័ន្ធការពារកម្រិតខ្ពស់បំផុត។ 
Xiaomi ក៏បានប្រើប្រាស់ប្រព័ន្ធជើងក្រោមថ្មីហៅថា Dragon Chassis ជាមួយការបំពាក់នូវដៃឃ្លោងថ្មី “double-wishbone suspension” សម្រាប់កង់ខាងមុខ ជាមួយនិង rear five-link suspension នៅខាងក្រោយ។ ចំនែកម៉ូដែល SU7 Max បានបំពាក់បន្ថែមនូវប្រព័ន្ធប៉ូម dual-chamber air suspension ជាមួយមុខងារ Adaptive Damping ដំណើរការកាន់តែមានប្រសិទ្ធិភាពខ្ពស់ក្នុងពេលបើកបរ រួមនឹងប្រព័ន្ធជំនួយសុវត្ថិភាព និងមុខងារប្រើប្រាស់ទំនើបៗចុងក្រោយជាច្រើនទៀត៕