Xiaomi Auto បានប្រកាសថាឡាន SUV ម៉ូដែល Xiaomi YU7 GT  បានបំបែកកំណត់ត្រាថ្មីនៅទីលានសាកល្បងរថយន្ត Nürburgring Nordschleife ក្លាយជាឡាន SUV ដែលសម្រេចបានថេរវេលាលឿនបំផុតត្រឹម 7 នាទី 34.931 វិនាទី។ Xiaomi បានបញ្ជាក់ផងដែរថា អ្នកដែលបើកបរសាកល្បង Xiaomi YU7 GT គឺលោក Ren Zhoucan ដែលជាអ្នកបើកបរជនជាតិចិនដំបូងគេដែលទទួលបានវិញ្ញាណបនបត្រផ្លូវការណ៍ពី Nürburgring Lap សម្រាប់ការបើកបរឡានប្រណាំង។

ស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi លោក Lei Jun កន្លងមកធ្លាប់បាននិយាយថា YU7 GT ត្រូវបានធ្វើការអភិវឌ្ឍន៍ឡើងជាប្រភេទរថយន្ត SUV កម្លាំងខ្លាំងល្បឿនលឿន ឬ Performance SUV ប្រភេទ “full pure-blood GT”។ បើតាមតារាងធ្វើតេស្ត Nürburgring benchmark បានបង្ហាញថា សម្រាប់ថេរវេលា 7 នាទី 34.931 វិនាទី ដែល YU7 GT គឺបានបំបែកកំណត់ត្រាថ្មីនៃល្បឿនរថយន្ត SUV នៅលើទីលាន Nürburgring ដែលបានយកឈ្នះម៉ូដែល Audi RS Q8 performance ដែលធ្វើបាននៅរយះពេល 7 នាទី 36.698 វិនាទី ក្នុងឆ្នាំ 2024 និង  Porsche Cayenne Turbo GT Coupé ដែលធ្វើបាននៅរយះពេល 7 នាទី 38.925 វិនាទីនៅឆ្នាំ 2021។

ទីលាន Nürburgring Nordschleife ត្រូវបានគេចាត់ទុកជាទីលានសាកល្បងរថយន្តដែលមានភាពល្បីល្បាញ និងមានសារសំខាន់បំផុតមួយនៅលើពិភពលោកសម្រាប់ការសាកល្បងនៅក្នុងឧស្សាហកម្មរថយន្ត ដែលមានក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើននៅទូទាំងពិភពលោកប្រើសម្រាប់ធ្វើការតេស្ត និងវាស់ស្ទង់អនុភាពល្បឿន និងសមត្ថភាពដំណើរការរបស់រថយន្តស៊េរីថ្មីៗរបស់ពួកគេ។ YU7 GT គឺជាកំពូលរថយន្តអគ្គិសនីថ្មីដែលមានអនុភាពខ្លាំងបំផុតដែលប្រើម៉ូទ័រអគ្គិសនីដែលមានកម្លាំងសរុបដល់ 990hp ស្ថិតក្នុងលំដាប់ឡាន high-performance electric SUV។ សម្រាប់ល្បឿន Top Speed ដែល YU7 GT ធ្វើបាន គឺ 300km/h និងបំពាក់កញ្ចប់ថ្មទំហំ  101.7 kWh អាចបើកបានចម្ងាយ 705km នៅពេលសាកភ្លើងពេញម្តង។

សម្រាប់កំណត់ត្រាថ្មីរបស់ Xiaomi YU7 GT Performance គឺជាការបង្ហាញពីសមត្ថភាព និងអនុភាពនៃឡានអគ្គិសនីថ្មីរបស់ក្រុមហ៊ុន Xiaomi នៅទីលាន Nürburgring Nordschleife បន្ទាប់ពីការបង្ហាញវត្តមានលើកដំបូងនៃកំពូលរថយន្តអគ្គិសនី Sedan ម៉ូដែល Xiaomi SU7 Ultra កាលពីខែមិថុនា ឆ្នាំ 2025 ដែលធ្វើបានក្នុងថេរវេលា 6 នាទី 22.091 វិនាទី។ សូមបញ្ជាក់ថា Xiaomi YU7 GT នឹងត្រូវប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅថ្ងៃទី 21 ខែឧសភា នេះហើយ៕