XPeng ត្រៀមប្រកាសចេញលក់រថយន្ត Crossover EV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល G6 EV 2026 ដែលជាគូប្រជែងទីផ្សារជាមួយរថយន្តអគ្គិសនី Tesla Model Y ក្នុងទីផ្សារអូស្ត្រាលី។ XPeng G6 គឺជារថយន្ត SUV EV លក្ខណៈគ្រួសារដែលបានបង្ហាញខ្លួនដំបូងកាលពីដើមឆ្នាំ 2025 ហើយរថយន្តនេះ ត្រូវបាននាំចូល និងចែកចាយលក់ក្នុងទីផ្សារអូស្ត្រាលីដោយ TrueEV ដែលជាក្រុមហ៊ុនក្នុងស្រុក និងជាដៃគូសហការរបស់ XPeng។ TrueEV នឹងចាប់ផ្តើមចេញលក់ម៉ូដែល XPeng G6 ជំនាន់ថ្មីឆ្នាំ 2026 នៅថ្ងៃទី 1 ខែកក្តដាខាងមុខនេះ ខណៈតម្លៃនៅមិនទាន់ប្រកាសប្រាប់ឲ្យដឹងនោះទេ ប៉ុន្តែ មានការព្យាករណ៍ថា G6 2026 អាចមានតម្លៃចាប់ពីខ្ទង់ $54,800 ឡើង (មិនទាន់បូកពន្ធ)។

XPeng បានឈានជើងចូលទីផ្សាររថយន្តប្រទេសអូស្ត្រាលីជាលើកដំបូងនៅចុងឆ្នាំ 2024 តាមរយះការចាប់ដៃសហការជាមួយក្រុមហ៊ុនក្នុងស្រុក True EV ដែលទទួលបន្ទុកផ្នែកនាំចូល ការលក់ និងការគាំទ្រសេវាកម្មអតិថិជន។ XPeng G6   ឆ្នាំ 2026 គាំទ្រដំណើរការដោយបន្ទះឈីបឆ្លាតវៃដែលមានដំណើរការលឿនរហ័សជាងមុនដើម្បីជួយដល់ប្រព័ន្ធជំនួយការបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ឬ Semi-autonomous driving ដែលគេដឹងថាជាប្រព័ន្ធ XPilot។ បន្ថែមពីនេះ ក៏មានភ្ជាប់នូវមុខងារចូលចំណោតដោយខ្លួនឯងស្វ័យប្រវត្តិ “Self-parking system” ដែលអាចធ្វើការបញ្ជាតាមរយះសោរ ឬតាមរយះស្មាតហ្វូនថែមទៀតផង។

XPeng G6 2026 រក្សាការប្រើប្រាស់ប្រព័ន្ធថាមពលភ្លើងកម្លាំង 800-volt platform ដូចនឹងម៉ូដែល G6 EV 2025 ដដែល ប៉ុន្តែ បានបង្កើនកម្លាំងថាមពលសាកភ្លើងពី 280kW ឡើងដល់ 451kW ដែលកាត់បន្ថយរយះពេលសាកថ្មពី 10% ទៅ 80% ដែលពីមុនសាកប្រើពេលក្រោម 20 នាទី មកនៅត្រឹម 12 នាទីប៉ុណ្ណោះ។ ហើយសម្រាប់ទំហំថ្មក៏នៅរក្សាការប្រើប្រាស់កញ្ចប់ថ្មទំហំ 68.5kWh សម្រាប់ម៉ូដែល Standard-Range និងទំហំ 80.8kWh សម្រាប់ម៉ូដែល Long-Range ដែលការបញ្ចូលភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 480km និង 525km តាមស្តង់ដារ WLTP។

XPeng G6 ឆ្នាំ 2026 នឹងចេញលក់ជាមួយជម្រើសចំនួន 3 ម៉ូដែលមាន RWD Standard Range, RWD Long Range, និង AWD Performance ហើយក៏នឹងមានម៉ូដែលពិសេស Black Edition ផងដែរ។ G6 RWD 2026 ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយកម្លាំង 185kW និងកម្លាំងរមួល 440N.m ជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 6.9 វិនាទី។ រីម៉ូដែល RWD Long Rang បំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង 218kW និងកម្លាំងរមួល 440N.m ជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 6.7 វិនាទី។ ចំនែកម៉ូដែល G6 AWD Performance បានបំពាក់បន្ថែមម៉ូទ័រអគ្គិសនីមុខមួយគ្រាប់ទៀតដែលធ្វើឲ្យកម្លាំងបញ្ចេញសរុបឈានដល់ 358kW និងកម្លាំងរមួល 660N.m ជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 4.1 វិនាទីប៉ុណ្ណោះ។ 

XPeng G6 Series 2026 ប្រើប្រាស់យ៉ាន់កង់រង្វង់ 18-inch និង 20-inch តាមជម្រើស Option, បំពាក់ចង្កៀង LED, កញ្ចក់កាត់បន្ថយសំឡេង “Sound-proof glass”, ដំបូលបើក Panoramic glass-roof, ភ្លើង electric tailgate, កៅអីស្បែក nappa leather, Wireless smartphone charging Pad, Speaker 18 គ្រាប់, អេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch និងអេក្រង់កម្សាន្តថាច់ស្រ្គីនទំហំ 15.6-inch ភ្ជាប់ជាមួយប្រព័ន្ធ native satellite navigation ព្រមទាំងគាំទ្រការភ្ជាប់ជាមួយ Apple CarPlay និង Android Auto ផងដែរ។

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ XPeng G6 Series 2026 មានពោងសុវត្ថិភាព 7 គ្រាប់, សែនស័រវាស់សំពាធខ្យល់កង់, ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ, សែនស័រចាប់ស្លាកសញ្ញាចរាចរ, មុខងារ blind-spot detection, door exit warning, lane departure warning, lane-keep assist, driver monitoring, rear cross-traffic alert, Adaptive cruise control, lane centring assist, automatic lane change functionality, ហើយនិងប្រព័ន្ធកាមេរ៉ា surround-view camera with transparent view.…ជាដើម៕