ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Xpeng បង្ហាញចេញនូវឡានអគ្គិសនី SUV ប្រណីតស៊េរីថ្មីរបស់ Xpeng GX ដែលជាប្រភេទរថយន្ត Large-size SUV 6-កៅអី មានការឌីស្សាញរូបរាងស្រដៀងគ្នានឹងរថយន្ត Range Rover អញ្ចឹងដែរ។ យោងតាមព័ត៌មានថ្មីៗដែលមានប្រភពចេញពីប្រទេសចិននៅថ្ងៃនេះ បានបញ្ជាក់ថា  Xpeng នឹងមានការប្រកាសចេញនៅថ្ងៃទី 20 ខែឧសភានេះហើយ ដែលនេះគឺជាម៉ូដែលមួយមានតម្លៃខ្ពស់បំផុត។ គួរបញ្ជាក់ថា Xpeng GX ត្រូវបានក្រុមហ៊ុនប្រកាស pre-sales កាលពីថ្ងៃទី 18 ខែមេសា ជាមួយតម្លៃ 58,820 ដុល្លារ។

សម្រាប់ម៉ូដែលនេះ GX នឹងត្រូវផលិតឡើងដោយប្រើប្រាស់រចនាសម្ព័ន្ធគ្រោងឆ្អឹងថ្មី SEPA3.0 (Smart Electric Platform Architecture 3.0) របស់ Xpeng ផ្ទាល់តែម្តង។ ជាមួយប្រព័ន្ធគ្រោងឆ្អឹង SEPA3.0 ថ្មីនេះ គឺធ្វើឲ្យ Xpeng GX គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបរួមមានដូចជាប្រព័ន្ធចង្កូតថ្មី “Steer-by-wire” និងប្រព័ន្ធដំណើរការកង់ក្រោយរេតាមចង្កូត “rear-wheel-steering” រួមនឹងប្រព័ន្ធបច្ចេកវិទ្យាជំនួយការអ្នកបើកបរទំនើបឆ្លាតវៃស្របតាមយុគបច្ចេកវិទ្យារថយន្តទំនើបសម័យថ្មី។

Xpeng GX នឹងបន្តការប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ហើយនិងផ្តល់ជូនជម្រើសទាំងប្រើអគ្គិសនីសុទ្ធ ឬ BEV និងម៉ាស៊ីនសាំង+អគ្គិសនី ឬ EREV។ រថយន្ត Flagship-SUV ថ្មីរបស់ Xpeng នេះត្រូវបានចុះបញ្ចីរថយន្តថ្មីពីស្ថាប័ន MIIT ជាផ្លូវការណ៍រួចហើយកាលពីអំឡុងខែកុម្ភៈ ឆ្នាំ2026។ យោងតាមឯកសារចុះបញ្ចីបង្ហាញថា Xpeng GX-EREV ប្រើប្រាស់ម៉ាស៊ីនសាំង 1.5-liter សម្រាប់ជំនួយក្នុងការបើកបររយះចម្ងាយឆ្ងាយ ឬ range-extender និងគាំទ្រដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ខណៈម៉ូដែល GX-BEV ផ្តល់នូវជម្រើសម៉ូដែលដំណើរការ Rear-wheel-drive (RWD) និង four-wheel-drive (4WD) ជាមួយល្បឿន Top Speed ប្រមាណជា 200km/h។

Xpeng GX ស្ថិតក្នុងស្រឡាយរថយន្ត full-size SUV ដែលមានប្រវែងតួរខ្លួន 5,265mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,115mm។ ផ្នែកខាងក្នុងរបស់ GX គឺនឹងប្រើប្រាស់ DNA តុបតែងលម្អរពីម៉ូដែល Xpeng X9 MPV។ បើតាមប្រភព័ត៌មាន បច្ចុប្បន្ន Xpeng បាននឹងកំពុងធ្វើតេស្តលើប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិត L4 Autonomous driving នៅលើ GX ដែលមានការគាំទ្រដំណើរការដោយបន្ទះឈីប Turing chips ចំនួន 4 ដើម ផ្តល់នូវថាមពលក្នុងការគណនា ឬ Computing Power ដល់ 3,000TOPS ឯណោះ។
Xpeng GX នឹងក្លាយជាម៉ូដែលរថយន្ត SUV ប្រណិតកម្រិតខ្ពស់ជាងម៉ូដែល Xpeng G9 SUV បច្ចុប្បន្ន ដែលនឹងត្រូវពង្រីកទីផ្សារម៉ាកយីហោរថយន្តថ្នាក់ប្រណីតបំផុត ឬ Premium Luxury Vehicle។ បច្ចុប្បន្នរថយន្ត SUV ប្រណីត Xpeng G9 មានតម្លៃចាប់ពីខ្ទង់ $36,449 ដល់ $40,844 នៅទីផ្សារប្រទេសចិន៕