លោក He Xiaopeng ប្រធានក្រុមហ៊ុន Xpeng បានបង្ហាញថា រថយន្ត Xpeng GX ដែលទើបនឹងចេញលក់ថ្មីៗនេះ ទទួលបានការបញ្ជាទិញមុនជាង 1,000 គ្រឿងពីទីផ្សារក្រៅប្រទេសចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តប៉េកាំង ហើយទីផ្សារមជ្ឈិមបូព៌ាបានក្លាយជាតំបន់អន្តរជាតិដំបូងគេដែលដាក់តាំងបង្ហាញ និងបើកការលក់ជាមុនសម្រាប់រថយន្ត Flagship Full-size SUV ស៊េរីថ្មីនេះ។

Xpeng GX ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់សម្រាប់ទីផ្សារប្រទេសចិនកាលពីថ្ងៃទី 20 ខែឧសភា កន្លងទៅជាមួយនឹងជម្រើសរហូតដល់ទៅប្រាំបីម៉ូដែលផ្សេងគ្នា និងមានតម្លៃចន្លោះពី $41,400 ដល់ $53,200។ លោក He Xiaopeng បាននិយាយថា ចំណាប់អារម្មណ៍ពីអតិថិជននៅក្រៅប្រទេសចំពោះ Xpeng GX គឺមានលើសពីការរំពឹងទុករបស់ក្រុមហ៊ុន។ Xpeng បានប្រមូលទិន្នន័យនៃការបញ្ជាទិញឡាន Flagship SUV ស៊េរីថ្មីនេះពីអតិថិជននៅបរទេស គឺមានចំនួន 1,000 គ្រឿង ដោយក្នុងអតិថិជនភាគច្រើន គឺនៅទីផ្សារប្រទេសមជ្ឈិមបូព៌ា។

លោក He បានបញ្ជាក់ថា ទីផ្សារមជ្ឈិមបូព៌ានឹងក្លាយជាតំបន់សម្រាប់ទីផ្សារក្រៅប្រទេសដំបូងគេដែលទទួលបាន Xpeng GX ហើយក៏ជាតំបន់នៃយុទ្ធនាការលក់មុនសម្រាប់រថយន្តម៉ូដែលនេះផងដែរ។ ទោះជាយ៉ាងណា Xpeng មិនទាន់បានប្រកាសពីកាលបរិច្ឆេទសម្រាប់ការដឹកជញ្ជូន ឬគោលដៅនាំចេញបន្ថែមសម្រាប់ GX នៅឡើយទេ។ នៅទីផ្សារក្នុងស្រុក (ចិន) Xpeng GX ទទួលបានការចាប់អារម្មខ្លាំងពីសំណាក់អតិថិជន ដែលតាមតួរលេខរបស់ក្រុមហ៊ុន បានបង្ហាញថា ការបញ្ជាទិញមុនសម្រាប់ GX នៅទីផ្សារក្នុងស្រុក គឺមានចំនួនដល់ទៅ 24,863 គ្រឿង ក្នុងរយះពេលត្រឹម 12 ម៉ោង បន្ទាប់ពីការបើក Pre-Order។

Xpeng GX ស៊េរីថ្មី គឺជា Flagship Full-size SUV ដែលមានតួរខ្លួនប្រវែង 5,265mm/ ទទឹង 1,999mm/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,115mm។ GX មានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងជម្រើសប្រើអគ្គិសនី+ម៉ាស៊ីនសាំង ឬ range-extender (EREV)។ សម្រាប់ម៉ូដែល EREV មានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5-Litre turbocharged ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីពីរគ្រាប់ដែលម៉ូទ័រខាងមុខមានកម្លាំង 160kW និងម៉ូទ័រក្រោយមានកម្លាំង 210kW ហើយម៉ូទ័រទាំងពីរគ្រាប់របស់ GX ទទួលថាមពលដំណើរការពីកញ្ចប់ថ្មទំហំ 63.3kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 430km ដោយប្រើអគ្គិសនីសុទ្ធ និងដល់ 1,585km (CLTC) នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។


ចំនែកម៉ូដែល GX-BEV មានជម្រើសដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ (RWD) និងម៉ូទ័រអគ្គិសនីពីរគ្រាប់ (AWD)។ ដោយម៉ូដែល RWD អាចផលិតកម្លាំងបាន 270kW និងមានកញ្ចប់ថ្មទំហំ 91.9kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 665km (CLTC) ខណៈម៉ូដែល AWD បានបន្ថែមម៉ូទ័រអគ្គិសនីខាងមុខមួយគ្រាប់ទៀតមានកម្លាំង 160kW និងមានកញ្ចប់ថ្មធំដល់ 110kW ដែលអាចជិះបានចម្ងាយដល់ 750km ក្រោមស្តង់ដារ CLTC នៅពេលសាកភ្លើងពេញម្តង៕