ក្រុមហ៊ុនរថយន្តប្រណីតម៉ាក Zeekr របស់ Geely បានធ្វើការប្រកាសចេញលក់ឡានអគ្គិសនីស៊េរីថ្មីប្រភេទ mid-to-large-size MPV ម៉ូដែល Zeekr 009 ឆ្នាំ 2026 ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនជាមួយជម្រើសបីម៉ូដែល។ ក្នុងនោះមានម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយមាន 7-កៅអី ឬ Single-motor 7-seat Ultra+ មានតម្លៃខ្ទង់ $64,700, ម៉ូដែលប្រើម៉ូទ័រពីរ Dual-motot 7-seats Ultra+ Qijia Edition មានតម្លៃខ្ទង់ $67,600 និងម៉ូដែល Dual-motor 6-seat Ultra+ Executive Edition មានតម្លៃ $69,100។
Zeekr 009 ឆ្នាំ2026 មានការឌីស្សាញផ្នែកខាងមុខជាមួយប៉ាណាបិតជិតរំលេចដោយក្បាច់ Chrome ធំរៀបបញ្ឈរជារចនាបថបែបទឹកធា្លក់ ឬ Waterfall grill និងបំពាក់បច្ចេកវិទ្យាចង្កៀងភ្លើងឆ្លាតវៃ Intelligent interactive light Group ដែលមើលទៅមានភាពប្រកបដោយសោភ័ណ្ឌភាព និងប្រណិតភាព។ ឡាន mid-to-large-side MPV ឆ្នាំ 2026 នេះ មានតួរខ្លួនប្រវែង 5,217mm/ ទទឹង 2,024mm/ កំពស់ 1,812mm ឬ 1,818mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,205mm។
នៅខាងក្នុងមានការឌីស្សាញថ្មីកាន់តែមានភាពប្រណីត និងភាពទំនើបខ្លាំង ក្នុងនោះមានការឌីស្សាញដៃចង្កូតបែបថ្មី កៅអីទាំងអស់អាចធ្វើការកំណត់របៀបប្រើប្រាស់បានតាមតម្រូវការ ហើយមានមុខងារខ្យល់ក្តៅ ឬត្រជាក់ ជាពិសេសកៅអីជួរទីពីរជាប្រភេទ Dual-zero gravity ភ្ជាប់ជាមួយមុខងារម៉ាស្សា 22 ចំនុច និងមុខងារ kneading Function ផងដែរ។ ចំនែកនៅលើម៉ូដែល 7-កៅអីមានបន្ថែមមុខងារបង្វិលកៅអី rotation seats ដែលអាចអង្គុយទល់មុខគ្នាបាន “face-to-face” រួមនឹងមានអេក្រង់កម្សាន្តទំហំ 17-inch OLED Panel ភ្ជាប់នៅលើពិដានដំបូល និងប្រព័ន្ធបំពងសំឡេងម៉ាក Naim Audio System ជាដើម។
គ្រប់ជម្រើសម៉ូដែលទាំងអស់របស់ Zeekr 009 ឆ្នាំ 2026 គាំទ្រប្រព័ន្ធភ្លើងតង់ស្យុងខ្ពស់បំផុតកម្លាំងដល់ 900V high-voltage និងប្រើប្រាស់ប្រព័ន្ធប៊ូមប្រភេទ dual-chamber air suspension system។ នៅលើម៉ូដែល Zeekr 009 ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន 422 សេះ និងកម្លាំងរមួល 440N.m ទទួលថាមពលដំណើរការពីកញ្ចប់ថ្មប្រភេទ ternary lithium ទំហំ 108kWh សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 740km តាមស្តង់ដារ CLTC។ ចំនែកម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីពីរអាចផលិតកម្លាំងសរុបបានដល់ 925 សេះ និងកម្លាំងរមួលដល់ 913N.m ទទួលថាមពលដំណើរការពីកញ្ចប់ថ្ម ternary lithium ទំហំ 115kWh សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 720km តាមស្តង់ដារ CLTC។
ទៅលើប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរវិញ Zeekr 009 MPV ឆ្នាំ 2026 មានការគាំទ្រដោយប្រព័ន្ធ“Qianli Haohan H7 G-ASD” assisted driving system ដែលភ្ជាប់ដំណើរការដោយសែនស័រ LiDAR និងគាំទ្រដំណើរការដោយបន្ទះឈីបឆ្លាតវៃ Thor-U Chip ដែលមានភាពឆ្លាតវៃកម្រិតខ្ពស់ដល់ 700 TOPS។ ប្រព័ន្ធ Qianli Haohan H7 G-ASD មានសមត្ថភាពដំណើរការលើមុខងារសុវត្ថិភាពសកម្ម Active safety ដល់ទៅជាង 70 ប្រភេទផ្សេងគ្នាក្នុងនោះរួមមានដូចជាប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ G-AEB (Forward Collision Emergency Braking), G-AES (Automatic Emergency Steering for obstacles), និង SOS Emergency Stop Assist ជាដើម៕


