ក្រុមហ៊ុន Geely-Zeekr បានប្រកាសចេញលក់មុន “Pre-sale” រថយន្ត SUV ប្រណីតម៉ូដែល 5 កៅអីថ្មី Zeekr 9X ជាផ្លូវការណ៍ហើយនៅទីផ្សារប្រទេសចិន។ រថយន្ត Flagship Hybrid SUV ថ្មីនេះ ត្រូវបានផលិតដោយប្រើប្រាស់ស្ថាបត្យកម្មគ្រោងឆ្អឹងថ្មីប្រភេទ SEA-S (Sustainable Experience Architecture-S) Platform ដែលមានបំពាក់មកនូវប្រព័ន្ធបច្ចេកវិទ្យា SEA Super Electric Hybrid system, AI-powered digital chassis និង “Qianli” (G-ASD G-Pilot) H7 ឬ H9 intelligent driving system។
ផ្នែកខាងមុខរបស់ Zeekr 9X រក្សាការឌីស្សាញបែបស្ទាយប្រពៃណីផ្ទាល់ខ្លួននៃរថយន្ត SUV របស់ Zeekr ជាមួយការរចនាប៉ាណាមុខបែបទ្រនុងបញ្ឈរ “Chrome Grille” រំលេចដោយចង្កៀងគុជ “Stellar Diamond” matrix split headlights ដែលគាំទ្រនូវបច្ចេកវិទ្យាបញ្ជាំងរូបភាពឈ្លាតវៃ “Intelligent Projector” និងនៅលើដំបូលខាងមុខមានបំពាក់នូវសិនស័រ LiDAR មកស្តង់ដារ ដើម្បីគាំទ្រដំណើរការប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ។ Zeekr 9X 5-Seat មានតួរខ្លួនប្រវែង 5,239mm/ ទទឹង 2,029mm/ កំពស់ 1,819mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,169mm និងដំណើរការនៅលើយ៉ាន់កង់រង្វង់ 22-inch ប្រភេទ mirror-forged wheel។
ផ្នែកកាប៊ីនរបស់រថយន្ត Hybrid SUV ដ៏ប្រណីតស៊េរីថ្មីនេះ មានបំពាក់បច្ចេកវិទ្យាអេក្រង់ភ្លោះ Dual-OLED កម្រិត 3.5K មួយមានទំហំ 16-inch និងដំណើរការដោយ Zeekr AI OS 7។ រថយន្តនេះ ក៏មានការបំពាក់នូវប្រព័ន្ធបំពងសំឡេងម៉ាក Naim Audio System ដូចគ្នានឹងរថយន្តម៉ាក Bentley ផងដែរ ដោយមានចំនួនដល់ទៅ 32 គ្រាប់ មានសមត្ថភាពបន្លឺសំឡេងបានកម្លាំង 3,868W។ កាន់តែពិសេសផ្នែកកាប៊ីនរបស់ Zeekr 9X ត្រូវបានស្រោបដោយស្បែកប្រភេទ Soft Nappa full-grain និងតុបតែងលម្អរបន្ថែមនូវប្រណីតភាពជាមួយឈើធម្មជាតិប្រភេទឈើ Nordic Wood ចំនួន 14 កន្លែងថែមទៀតផង។
Zeekr 9X ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា SEA Super Electric Hybrid system ដែលគាំទ្រដោយប្រព័ន្ធភ្លើងកម្លាំងខ្លាំងកម្រិត 900V high-voltage គាំទ្រដំណើរការដោយម៉ាស៊ីនសាំងប្រភេទ 2.0T Hybrid Engine កម្លាំង 205kW និងភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 គ្រាប់ “Tri-motor” បង្កើតកម្លាំងសរុបបានដល់ 1,030kW ឬស្មើរនឹងកម្លាំងសេះ 1,381 ក្បាល ផ្តល់នូវអនុភាពកម្លាំងឲ្យ Zeekr X9 អាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 -100km/h ចាយពេលខ្ទង់ 3.1 វិនាទី។ ទន្ទឹងនឹងនេះ Zeekr 9X នៅមានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មកម្រិត 6C Ultra-high-rate hybrid battery គាំទ្រការសាកភ្លើងចូលលឿនកម្រិត 6C super-fast charging ដែលសាកភ្លើងពី 20% ទៅ 80% ចាយពេល ប្រហែល 9 នាទី ហើយបើតាមស្តង់ដារ CLTC ការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយដល់ 380km ដោយប្រើថាមពលអគ្គិសនីសុទ្ធ។
Zeekr 9X មានភ្ជាប់មកជាមួយបច្ចេកវិទ្យា “Qianli” (G-ASD G-Pilot) intelligent driving suite សម្រាប់ប្រព័ន្ធជំនួយការសុវត្ថិភាពអ្នកបើកបរដែលមានការគាំទ្រប្រព័ន្ធដំណើរការដោយសិនស័រកម្រិតខ្ពស់ ចំនួន 43 គ្រាប់ ក្នុងនោះក៏មានរួមបញ្ចូលនូវសិនស័រកម្រិតខ្ពស់ 520-line LiDAR ចំនួន 1 គ្រាប់ និង high-precision solid-state LiDARs ចំនួន 4 គ្រាប់ផងដែរ។ ទោះបីជាមានការប្រកាសចេញលក់មុន (Pre-sale) ក៏ពិតមែន ប៉ុន្តែ Geely Zeekr មិនទាន់បញ្ជាក់ពីតម្លៃផ្លូវការណ៍របស់ Zeekr 9X ម៉ូដែល 5-កៅអីថ្មី របស់ខ្លួននៅឡើយទេក្នុងពេលនេះ៕


