ក្រុមហ៊ុនម៉ាករថយន្ត Leapmotor បានប្រកាសថា មកទល់នឹងពេលនេះក្រុមហ៊ុនខ្លួនបានធ្វើការនាំចេញរថយន្តទៅកាន់ទូទាំងទីផ្សារសកលបានចំនួនដល់ 1.5 លានគ្រឿងហើយ។ Leapmotor បានចាប់ផ្តើមក្នុងការនាំចេញរថយន្តរបស់ខ្លួនចូលទៅកាន់ទីផ្សារសកលលើកដំបូងក្នុងខែមិថុនា ឆ្នាំ 2019 មក ហើយចាប់តាំងពីការនាំចេញ Leapmotor បានកត់សំគាល់ថា មានការកើនឡើងជាលំដាប់។
បើគិតត្រឹមខែតុលា ឆ្នាំ 2024 ក្រុមហ៊ុននេះ បាននាំចេញទៅកាន់ទីផ្សារពិភពលោកបានសរុបបានចំនួន 500,000 គ្រឿង និងឈានដល់ 1 លានគ្រឿងនៅឆ្នាំបន្ទាប់ (2025)។ នៅក្នុងខែឧសភា ឆ្នាំ 2026 តែមួយ Leapmotor បានបង្កើតកំណត់ត្រាថ្មីប្រចាំខែជាមួយនឹងការដឹកជញ្ជូនរថយន្តទៅកាន់ទីផ្សារទូទាំងពិភពលោកបានចំនួន 81,569 គ្រឿង កើនឡើង 81% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងភាពជោគជ័យក្នុងការនាំចេញ និងចេញលក់រថយន្តទៅកាន់ទីផ្សារសកលនេះ Leapmotor ក៏បានដាក់គោលដៅក្នុងការនាំចេញរថយន្តរបស់ខ្លួនឲ្យបាន 1 លានគ្រឿងនៅក្នុងឆ្នាំ 2026 នេះ ដោយក្នុងនោះរថយន្តចំនួនប្រមាណជា 850,000 ទៅ 900,000 គ្រឿងសម្រាប់ទីផ្សារក្នុងស្រុក (ចិន) និង 100,000 ទៅ 150,000 គ្រឿងសម្រាប់ទីផ្សារក្រៅស្រុក។
ក្នុងចំណោមរថយន្តស្ថិតក្នុងគោលដៅក្នុងការនាំចេញក្នុងឆ្នាំ 2026 នេះ ក្នុងនោះមានរថយន្តម៉ូដែលថ្មីប្រមាណ 40% និងរថយន្តដែលមានស្រាប់ខ្ទង់ 60%។ ទន្ទឹងនឹងនេះ សម្រាប់រថយន្តម៉ូដែលថ្មី D-Series ដែលជា High-end Model របស់ខ្លួន ត្រូវបានក្រុមហ៊ុនរំពឹងថា នឹងអាចជួយជម្រុញភាគរយនៃការលក់ឲ្យបានកាន់តែល្អប្រសើរ។ នៅទីផ្សារក្នុងសុ្រក Leapmotor បានបន្តជម្រុញការលក់ស្រឡាយរថយន្ត C-Series របស់ខ្លួនដែលមានតម្លៃខ្ទង់ $17,600 ទៅ $36,800 ខណៈស្រឡាយ A-Series ស្ថិតក្នុងតម្លៃសមរម្យជាងដោយមានតម្លៃចាប់ពីខ្ទង់ $8,800 ទៅ $17,600។
បច្ចុប្បន្ននេះ Leapmotor បានឈរជើងនៅក្នុងទីផ្សារសកលជាង 40 ប្រទេស និងតំបន់ ជាមួយបណ្តាញចែកចាយលក់ច្រើនជាង 2,000។ នៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសអីតាលី Leapmotor បានក្តោបក្តាប់ចំណែកទីផ្សារច្រើនជាង 30%។ ហើយដើម្បីកាត់បន្ថយពន្ធនាំចូល និងថ្លៃដើមដឹកជញ្ជូនបន្ថែមទៀត Leapmotor បាននឹងកំពុងឆ្ពោះទៅរកយុទ្ធសាស្ត្រផលិតកម្មទ្វេភាគី “អឺរ៉ុប + អាស៊ីអាគ្នេយ៍” ដោយនៅតំបន់អឺរ៉ុប Leapmotor បានសាងសង់រោងចក្រផ្ទាល់ខ្លួនមួយ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅត្រីមាសទីពីរឆ្នាំ 2026 នេះ ជាមួយនឹងផ្នែក CKD (Completely Knocked Down) នៅក្នុងស្រុកតាមរយៈរោងចក្រ Stellantis របស់ប្រទេសអេស្ប៉ាញ ដែលត្រូវបានគ្រោងនឹងចាប់ផ្តើមនៅត្រីមាសទីបួន។
ស្របពេលជាមួយគ្នានេះ Leapmotor ក៏បាននឹងកំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងសកម្មទៅកាន់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា ដោយបានធ្វើការកែសម្រួលការកំណត់រចនាសម្ព័ន្ធយានយន្ត ដើម្បីបំពេញតាមបទប្បញ្ញត្តិក្នុងស្រុក និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធសាកថ្មផងដែរ៕



