ក្រុមហ៊ុន Xiaomi បានបញ្ជាក់ផ្លូវការណ៍ថា ម៉ាកយីហោរថយន្តថ្មីរបស់ខ្លួនដែលផ្តោតសំខាន់ទៅលើផាសុខភាព និងភាពធំទូលាយ នឹងប្រើឈ្មោះផ្លូវការណ៍ថា “Sky Nomad”។ Sky Nomad ប្រើប្រាស់ឈ្មោះជាភាសាចិនថា “Xiaomi Pengcheng”។ ហើយរថយន្តម៉ូដែលដំបូងចេញពីម៉ាកយីហោថ្មីនេះ គឺជា Sky Nomad N90 ដែលជាប្រភេទរថយន្ត Full-size SUV ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា EREV។

Xiaomi Auto បានធ្វើការផ្លាស់ប្តូរឧស្សាហកម្មរថយន្តក្នុងប្រទេសចិននៅក្នុងឆ្នាំ 2024 ដោយបានធ្វើការប្រកាសចេញរថយន្តអគ្គិសនីដំបូងម៉ូដែល Xiaomi SU7 ដែលជាប្រភេទរថយន្ត Sedan និងទទួលបានការចាប់អារម្មណ៍ខ្លាំងដែលជម្រុញឲ្យទីផ្សាររថយន្តអគ្គិសនីរបស់ Xiaomi ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ បន្ទាប់មកក្រុមហ៊ុនបានប្រកាសចេញម៉ូដែល SU7 Ultra ជាប្រភេទ Sport car និងម៉ូដែលទីពីរ គឺ Xiaomi YU7 ជាប្រភេទរថយន្ត Crossover។ ជាមួយនឹងភាពជោគជ័យខ្លាំងនៅលើទីផ្សាររថយន្តដូចនេះ Xiaomi Auto ក៏បានប្រកាសជាផ្លូវការណ៍ថា ក្រុមហ៊ុនខ្លួននឹងមានការប្រកាសចេញរថយន្តស៊េរីថ្មីប្រភេទ EREV Crossover ក្នុងឆ្នាំ 2026 នេះ។

មានប្រភពផ្លូវការណ៍ជាច្រើននៅក្នុងប្រទេសចិន បានអះអាងថា Xiaomi Auto នឹងបង្កើតម៉ាកយីហោរថយន្តថ្មីឯករាជ្យមួយដោយផ្តោតទៅលើការផលិតរថយន្តប្រភេទ Extended-range electric vehicle (EREV)។ ហើយនៅថ្ងៃទី 08 ខែកក្តដា ម្សិលមិញនេះ Xiaomi Auto បានបញ្ជាក់ផ្លូវការណ៍ថា រថយន្ត EREV ថ្មីដែលនឹងចូលទីផ្សារឆាប់ៗនេះខាងមុខនេះ គឺជាម៉ាក Xiaomi Sky Nomad នេះបើតាមការប្រកាសជាផ្លូវការណ៍នៅលើគេហទំព័រ WeChat របស់ក្រុមហ៊ុនផ្ទាល់។ ហើយពេលនេះ Xiaomi បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មលើអេក្រង់ផ្សព្វផ្សាយក្នុងទីក្រុង នេះបើយោងតាមរូបថតដែលបានលេចចេញតាមបណ្តាញអ៊ីនធឺណិត។

យោងទៅលើប្រភពព័ត៌មានជាច្រើនដែលបានចេញផ្សាយនាពេលកន្លងមកបាននិយាយថា រថយន្តស្ថិតក្រោម Sky Nomad នឹងមានឈ្មោះថា N90 ដែលជារថយន្ត Full-size SUV បំពាក់ម៉ាស៊ីន 1.5-litre turbocharged range-extended ប៉ុន្តែ ម៉ាស៊ីនរបស់ N90 មិនប្រើប្រាស់ផ្តល់ថាមពលដោយផ្ទាល់ទៅកាន់កង់រថយន្តនោះទេ ដោយវាប្រើសម្រាប់ផ្តល់ថាមពលទៅកាន់ម៉ូទ័រអគ្គិសនី និងសាកភ្លើងទៅកាន់កញ្ចប់ថ្ម។ Sky Nomad N90 EREV នឹងប្រើប្រាស់កញ្ចប់ថ្មទំហំធំជាង 70kWh ហើយអាចបើកបរបានចម្ងាយ 400km ទៅ 500km ដោយប្រើអគ្គិសនីសុទ្ធ។ រថយន្តថ្មីនេះ ក៏នឹងអាចបើកបរបានចម្ងាយសរុបដល់ 1,500km នៅពេលសាកថ្ម និងចាក់សាំងពេញម្តង។

Xiaomi Sky Nomad N90 ជាប្រភេទរថយន្តស្ថិតក្នុងលំដាប់ Large-size SUV ដែលមានប្រវែងតួរខ្លួន 5.3m និងគម្លាតកង់មុខទៅកង់ក្រោយ 3.1m។ N90 នឹងមានជម្រើសម៉ូដែល 5-កៅអី និង 7-កៅអី។ Xiaomi Auto ក៏នឹងមានម៉ូដែលកៅអីពីរជួរ ដូចដែលក្រុមហ៊ុនផលិតរថយន្តចិនផ្សេងៗធ្វើសម្រាប់ម៉ូដែលរថយន្ត Full-size SUV របស់ពួកគេផងដែរ។ តាមរូបភាពដែលបានបែកធ្លាយ បានបង្ហាញថា Sky Nomad N90 ក៏នឹងមានបំពាក់នូវប្រព័ន្ធសិនស័រ LiDAR នៅលើដំបូល និងប្រើប្រាស់ទ្វារអេឡិចត្រូនិច “electrically powered door” ថែមទៀតផង។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតរបស់ Sky Nomad N90 មិនទាន់ត្រូវបានក្រុមហ៊ុនប្រកាសឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕