ក្រុមហ៊ុនផលិតរថយន្តម៉ាក Lotus បានប្រកាសជាផ្លូវការណ៍នៅគម្រោងក្នុងការអភិវឌ្ឍន៍ផលិតឡាន Supercar ប្រភេទ HEV បំពាក់ម៉ាស៊ីន V8 Hybrid ឬ mid-engine V8 Hybrid supercar ដែលមានលេខកូដសំគាល់ “Type 135” ហើយឡាន HEV Supercar នេះ នឹងបង្ហាញវត្តមានផ្លូវការណ៍នៅឆ្នាំ 2028។ នេះជាលើកដំបូងក្នុងរយៈពេល 24 ឆ្នាំ  គឺចាប់តាំងពីឆ្នាំ 2004 ដែលឡានម៉ាក Lotus នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន V8។

ជាមួយនឹងការប្រកាសផលិតផលថ្មីនេះ  Lotus បានបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់មួយ គឺជាការបោះបង់ចោលគោលដៅរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងស្រុងនៅឆ្នាំ 2028 ដើម្បីជំនួសមកវិញនូវយុទ្ធសាស្ត្រថ្មីហៅថា “multi-pathway strategy” ដែលរួមមានការផលិតឡានប្រើម៉ាស៊ីនចំហេះខាងក្នុង (ICE), រថយន្តកូនកាត់ ឬ Hybrid និងរថយន្តអគ្គិសនី (EV)។

ចំពោះឡាន HEV Supercar ថ្មីរបស់ Lotus ត្រូវបានគេដឹងថា បាននឹងកំពុងស្ថិតនៅក្នុងដំណាក់អភិវឌ្ឍន៍ផលិតនៅក្នុងមជ្ឈមណ្ឌលរចនារថយន្ត Coventry Design Centre។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតអំពីឡាន HEV Supercar ថ្មីរបស់ Lotus មិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ។ ឡាន HEV Supercar ថ្មីរបស់ Lotus ត្រូវបានគេដឹងថា នឹងមានការឌីស្សាញរូបរាងឡើងតាមគំរូដើមពីរថយន្តអគ្គិសនី Theory 1 electric supercar concept ដែលក្រុមហ៊ុនបានបង្ហាញកាលពីឆ្នាំ 2024 ខណៈមានការរួមបញ្ចូលនូវរចនាបថបែបបុរាណពីរថយន្ត Lotus Esprit។

គំរូនៃការឌីស្សាញរូបរាងរបស់ HEV Supercar ថ្មីរបស់ Lotus គឺមានលក្ខណៈបែបស្លីមជ្រែកខ្យល់ ឬ Streamlined aerodynamic, បំពាក់កន្ទុយ Spoiler ធំប្រភេទ Active Spoiler, បំពង់ស៊ីម៉ាំងភ្លោះមានទំហំធំ ដើម្បីរក្សាបាននូវសំឡេងខ្លាំងដូចស្រឡាយឡាន Supercar ទូទៅ។ ផ្នែកកាប៊ីនក្នុងរបស់ Supercar HEV ថ្មីនេះ គឺមានការឌីស្សាញឡើងយ៉ាងពិសេសប្រណីតដូចនឹងឡានប្រណាំង ជាមួយនឹងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់បែបឌីជីថល និងកៅអីបែបឡាន Sport Car ថែមទៀតផង។ ការផលិតឡាន Lotus Supercar HEV ថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងនៅក្នុងតំបន់អឺរ៉ុបដែលទំនងជានៅរោងចក្រ Hethel ក្នុងទីក្រុង Norfolk ចក្រភពអង់គ្លេស ដែលជាកន្លែងដែល Lotus នឹងចែករំលែកខ្សែសង្វាក់ផលិតកម្មជាមួយនឹងម៉ូដែល Lotus Emira និង Evija។

Lotus Type 135 នឹងក្លាយជាឡានថ្មីក្នុងប្រវត្តិសាស្ត្ររបស់ Lotus ដែលបំពាក់នូវម៉ាស៊ីន Hybrid V8 Engine ដែលមានកម្លាំងខ្លាំង ដែលត្រូវបានរំពឹងថាអាចនឹងផលិតកម្លាំងបានដល់ទៅជាង 1000 សេះ។ សម្រាប់ម៉ាស៊ីន Hybrid V8 ដែលនឹងប្រើនៅលើ Type 135 ត្រូវបានគេដឹងទៀតថា Lotus នឹងបន្តសហការអភិវឌ្ឍន៍ផលិតម៉ាស៊ីននេះជាមួយក្រុមហ៊ុន Mercedes-AMG ដែលអាចនឹងធ្វើការកែប្រែថ្មីបន្ថែមពីលើម៉ាស៊ីន 4.0T twin-turbo V8 engine បច្ចុប្បន្ន។ បើតាមប្រភពព័ត៌មានចុងក្រោយបានបង្ហើបថាLotus Type 135 នឹងប្រើប្រាស់នូវប្រព័ន្ធស្តង់ដារឡាន Hybrid (HEV) ជាជាងប្រើប្រព័ន្ធ Plug-in-hybrid៕