កាន់តែច្បាស់ហើយ! iPhone 18 Pro គឺនឹងមានការប្រើប្រាស់កាមេរ៉ា Variable Aperture!

កាលពីខែមុននេះ Tata Electronics ដែលជាក្រុមហ៊ុនដៃគូរដ៏ធំរបស់ក្រុមហ៊ុន Apple ប្រចាំនៅប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៌ មានការចូលលួចទិន្នន័យមួយចំនួនពីក្រុម Ransomware Group ហើយក៏មានការចែកចាយនូវព័ត៌មានផ្ទៃក្នុងមួយចំនួនរបស់ក្រុមហ៊ុននេះថែមទៀតផង។ យោងតាមឯកសារខាងលើនេះ ក៏មានការប្រទះឃើញនូវព័ត៌មានពិតមួយស្តីពីលក្ខណៈសម្បត្តិរបស់ iPhone 18 Pro និង iPhone 18 Pro Max ផងដែរ ដោយនៅក្នុងនោះ គឺមានការបញ្ជាក់ថា កាមេរ៉ាគោលរបស់ស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់នូវ Variable Aperture។
បន្ថែមពីនេះនៅក្នុងព័ត៌មាននេះ ថែមទាំងមានការបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏នឹងមានការផ្លាស់ប្តូរនូវសិនស័រថ្មីសម្រាប់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះដែរ។ សម្រាប់ឆ្នាំនេះ នៅលើ iPhone ជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់នូវសិនស័រថ្មី Sony IMX905 ដែលមានទំហំ 1.22μm ដូចគ្នាទៅនឹងអ្វីដែលយើងធ្លាប់ឃើញនៅលើស្មាតហ្វូន iPhone 17 Pro និង iPhone 17 Pro Max អញ្ចឹង។ សម្រាប់ការអាប់ដែតថ្មីនៅលើម៉ូដែលថ្មីនេះ គឺមានទៅលើតែ Variable Aperture ប៉ុណ្ណោះ។ ទៅលើ Telephoto Camera វិញ គឺនៅតែប្រើប្រាស់ដូចមុនដដែល ក្នុងនោះ ultrawide, LiDAR receiver និង selfie camera កាមេរ៉ាក៏អញ្ចឹងដែរ។

ប្រភពខាងលើនេះ បានបន្តថា iPhone 18 Pro និង iPhone 18 Pro Max គឺនឹងអាចនឹងមានតម្លៃខ្ពស់ជាងជំនាន់មុនដល់ទៅ $200 ដុល្លារ។ ការឡើងថ្លៃនេះ ត្រូវបានគេបញ្ជាក់ថា គឺដោយសារតែតម្លៃមេម៉ូរី និងបន្ទះឈីប មានការហក់ឡើងខ្ពស់ខ្លាំងជាងឆ្នាំមុន។ iPhone 18 Pro និង iPhone 18 Pro Max ត្រូវគេជឿជាក់ថា នឹងមានការប្រកាសចេញនូវខែកញ្ញាខាងមុខនេះហើយ ដោយលើកនេះ ក៏នឹងមានមកជាមួយនូវស្មាតហ្វូនអេក្រង់បត់បាន iPhone Ultra ថែមទៀតផង។
