ឥទ្ធិពលក្រុមហ៊ុនផលិតរថយន្តប្រទេសចិនកំពុងតែធ្វើព្យុះធ្វើភ្លៀងជាខ្លាំងនៅក្នុងទីផ្សាររថយន្តពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ហើយក្នុងនាមជាក្រុមហ៊ុនរថយន្តដែលមានឥទ្ធិពល និងឈានមុខគេក្នុងពិភពលោក Toyota របស់ប្រទេសជប៉ុនក្នុងពេលថ្មីៗត្រូវបានគេរាយការណ៍ថា Toyota ចង់ឱ្យក្រុមហ៊ុនផលិតរថយន្តធំទាំងប្រាំពីររបស់ប្រទេសជប៉ុនធ្វើការរួបរួមគ្នាលើការផលិតគ្រឿងបន្លាស់រថយន្ត ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនល្បឿនក្នុងការអភិវឌ្ឍផលិតរថយន្ត ក្នុងគោលបំណងរួមដើម្បីធ្វើការប្រកូតប្រជែង និងទប់ទល់ឥទ្ធិពលនៃការគំរាមកំហែងពីក្រុមហ៊ុនរថយន្តក្នុងប្រទេសចិន។
លោក Koji Sato អនុប្រធាន និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Toyota បានអំពាវនាវឱ្យម៉ាករថយន្តជប៉ុនចែករំលែកគ្រឿងបន្លាស់ដែលអតិថិជនមិនបានឃើញ ឬប៉ះ ដែលជាចលនាមួយដែលនឹងកាត់បន្ថយថ្លៃដើម និងជួយទប់ស្កាត់ការកើនឡើងពីក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសចិន។ លោក Sato ក៏ជាអតិតប្រធានសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុនហៅកាត់ថា “JAMA” បានអំពាវនាវឱ្យមានការបន្ធូរបន្ថយស្តង់ដារគុណភាពដែលទាមទាររបស់ក្រុមហ៊ុន Toyota ដើម្បីជួយកាត់បន្ថយពេលវេលាអភិវឌ្ឍន៍ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនប្រទេសចិន។ លោក Sato បាននិយាយថា “លុះត្រាតែអ្វីៗត្រូវបានផ្លាស់ប្ដូរជាមុនសិន ទើបយើងអាចរស់បាន”។
អតីតប្រធានក្រុមហ៊ុន Toyota រូបនេះ បាននិយាយទៅកាន់បណ្តាញសារព័ត៌មាន Automotive News ថ្មីៗនេះថា “គ្រឿងបន្លាស់រថយន្តជាច្រើនគួរតែត្រូវបានអភិវឌ្ឍទៅជាស្តង់ដារតែមួយ ឬចែករំលែករវាងម៉ាកយីហោទៅវិញទៅមក ដើម្បីកាត់បន្ថយថ្លៃដើម និងកាត់បន្ថយភាពគ្មានប្រសិទ្ធភាព”។ ក្នុងគម្រោង ផែនការនេះ គឺនឹងឃើញក្រុមហ៊ុនផលិតរថយន្តធំៗក្នុងប្រទេសជប៉ុនដូចជា Honda, Mazda, Mitsubishi, Nissan, Subaru, Suzuki និង Toyota ធ្វើការរួមគ្នាជាមួយអ្នកផ្គត់ផ្គង់របស់ពួកគេ ដើម្បីស្វែងរកស្តង់ដារតែមួយសម្រាប់ការផលិតគ្រឿងបន្លាស់រថយន្ត ឬដោះស្រាយដោយអតិថិជន។
បើទោះបីជាមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំងឡើងពីក្រុមហ៊ុនផលិតរថយន្តចិនក៏ដោយ ក៏លោក Sato បានធ្វើការបដិសេធគំនិតដែលថា ចលនាទាំងនេះ គឺជាការឆ្លើយតបទៅនឹងពេលវេលានៃអភិវឌ្ឍន៍លឿន និងវិធីសាស្ត្រផលិតដែលមានតម្លៃទាបដែលប្រើប្រាស់ដោយម៉ាកយីហោចិន។ ទោះជាយ៉ាងណាក៏ដោយ លោក Sato ពីមុនបានលើកឡើងពីសមត្ថភាពវិស្វកម្មរបស់ប្រទេសចិនជាស្តង់ដារសម្រាប់ម៉ាកយីហោរថយន្តជប៉ុន។ សមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន “JAMA” ទទួលបានការគាំទ្ររួចហើយពីនាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Ivan Espinosa ប៉ុន្តែ អ្នកវិភាគឧស្សាហកម្មរថយន្ត បានព្រមានថា ពេលវេលាដែលត្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងពីភាគីប្រកួតប្រជែងចំនួនប្រាំពីរអាចធ្វើឱ្យការអភិវឌ្ឍន៍យឺត ជាជាងការបង្កើនល្បឿន។
ក្នុងតំណែងដ៏មានឥទ្ធិពលក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុន និងធំជាងគេបំផុតរបស់ពិភពលោក ក្រុមហ៊ុន Toyota បានលើកឡើងថា ស្តង់ដាររបស់ក្រុមហ៊ុន Toyota អាចត្រូវបានបង្ខំឱ្យប្រើប្រាស់លើម៉ាកផ្សេងទៀត។ លោក Sato បានពន្យល់ថា “JAMA” តែងតែត្រូវបានដឹកនាំដោយក្រុមហ៊ុនដែលសាកសមបំផុតក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតរបស់ឧស្សាហកម្មរថយន្ត។ លោក Sato “ខ្ញុំគិតថា ដោយសារតែ Toyota បានធ្វើអាជីវកម្មនៅទូទាំងពិភពលោក ដូចនេះ ត្រូវបានគេរំពឹងថា មានសមត្ថភាពសមស្របក្នុងការជួយលើកកម្ពស់មូលដ្ឋានគ្រឹះនៃការប្រកួតប្រជែងលើឆាកអន្តរជាតិកាន់តែខ្លាំងសម្រាប់ឧស្សាហកម្មរថយន្តរបស់ប្រទេសជប៉ុនទាំងមូល”៕



