
ស្តេច Off-Road ត្រលប់មកវិញ! Mitsubishi Pajero ថ្មី នឹងបង្ហាញខ្លួននៅឆ្នាំនេះហើយ!
បើនិយាយពីរថយន្ត Off-Road ក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ 2000 ឈ្មោះដែលមនុស្សភាគច្រើននឹកឃើញមុនគេ គឺ Toyota Land Cruiser និង Mitsubishi Pajero។ សម័យនោះ ផ្លូវនៅកម្ពុជាជាច្រើនកន្លែង មិនទាន់អាចហៅថាជាផ្លូវបានផង មានផ្លូវដី ភក់ ជង្ហុក ព្រៃភ្នំ ប៉ុន្តែ Land Cruiser និង Pajero អាចនាំម្ចាស់រថយន្តទៅដល់គោលដៅបានស្ទើរគ្រប់ទីកន្លែង។ សម្រាប់ប្រជាជនខ្មែរ ជាពិសេសអ្នកជំនាន់ចាស់ គ្រាន់តែឃើញផ្នែកខាងក្រោយរបស់ Pajero ក៏អាចរំលឹកអនុស្សាវរីយ៍ជាច្រើនបានដែរ។
ហើយថ្មីៗនេះ Mitsubishi បានប្រកាសផែនការផលិតផលរយៈពេល 5 ឆ្នាំខាងមុខ ដែលនឹងមានរថយន្តថ្មីចំនួន 13 ម៉ូដែល។ ក្នុងនោះ រថយន្តដែលមនុស្សជាច្រើនរង់ចាំបំផុត គឺ Pajero ជំនាន់ថ្មី ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅរដូវចុង ឆ្នាំ 2026 នេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ លើកនេះ Pajero មិនមែនមកតែ១ ម៉ូឌែលទេ តែវានឹងក្លាយជាគ្រួសាររថយន្តមួយ ឬ Pajero Series។ដោយ ដំបូងគេនឹងមានម៉ូដែល Flagship មុន ហើយបន្ទាប់មកអាចមាន Compact SUV និង Small SUV ក្រោមឈ្មោះ Pajero ផងដែរ។

Mitsubishi និយាយថា Pajero ថ្មី នឹងបន្ត DNA ដើមរបស់ខ្លួន ដែលមានភាពរឹងមាំ ជឿជាក់បាន និងសមត្ថភាព Off-Road ខ្លាំង ខណៈពេលបន្ថែមបច្ចេកវិទ្យាសុវត្ថិភាព ផាសុកភាព និងបច្ចេកវិទ្យាសម័យថ្មី។ បើមើលតាមរូបភាព Render និង រូបដែលគេលួចថតបានកន្លងមក រូបរាងថ្មីនឹងប្រើរចនាបទ Mitsubishi ជំនាន់ថ្មី ដែលឃើញមាននៅលើ Mitsubishi Destinator.
ផ្នែកម៉ាស៊ីនក៏គួរឱ្យចាប់អារម្មណ៍ដែរ។ ប្រភពខ្លះបញ្ជាក់ថា Pajero ថ្មី អាចនឹងប្រើម៉ាស៊ីន 3.8 លីត្រ V6 សាំងសុទ្ធ ផលិតកម្លាំងប្រហែល 310 សេះ។ ក្រៅពីនេះ ក៏អាចមានជម្រើស Plug-in Hybrid ឬ PHEV ដែលប្រើម៉ាស៊ីន 2.4 លីត្រ រួមជាមួយម៉ូទ័រអគ្គិសនីពីរ។ នេះអាចជាលើកដំបូងដែល Pajero ចូលសម័យ EV ប៉ុន្តែមានចំណុចមួយដែលអ្នកគាំទ្រ Pajero កំពុងពិភាក្សាគ្នាច្រើន។ សារព័ត៌មានមួយចំនួននៅហ្វីលីពីន បានរាយការណ៍ថា Pajero ថ្មី អាចនឹងចែករំលែក Platform ជាមួយ Mitsubishi Triton ជំនាន់ថ្មី។

បើរឿងនេះជាការពិត វានឹងធ្វើឱ្យមនុស្សជាច្រើនសួរថា… “តើនេះជា Pajero ពិតប្រាកដ ឬគ្រាន់តែជា Pajero Sport ជំនាន់ថ្មី?” ព្រោះថាទោះបីជាមានឈ្មោះដូចគ្នាមែន តែ Pajero និង Pajero Sport គឺជារថយន្តពីរប្រភេទខុសគ្នា។ Pajero ពិតប្រាកដ គឺជារថយន្ត Flagship Off-Road ដែលត្រូវបានអភិវឌ្ឍឡើងដោយខ្លួនឯង និងធ្លាប់ឈ្នះ Dakar Rally ជាច្រើនដង។ខណៈ Pajero Sport ត្រូវបានអភិវឌ្ឍចេញពី Platform របស់ Triton Pickup។ ដូច្នេះ អ្នកគាំទ្រជាច្រើនសង្ឃឹមថា Mitsubishi នឹងរក្សាភាពពិសេសរបស់ Pajero ដើម មិនឱ្យវាក្លាយជាគ្រាន់តែ Pajero Sport មួយទៀតនោះទេ។
