Xiaomi បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញលក់ឡានអគ្គិសនីស៊េរីថ្មីជំនាន់ទីពីររបស់ SU7 បន្ទាប់ពីបានបញ្ចប់ការផលិតជំនាន់ដំបូងជាផ្លូវការណ៍។ ស្ថាបនិក និងជា CEO ក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រកាសក្នុងពេលថ្មីៗនេះថា SU7 ជំនាន់ទីពីរ នឹងមកដល់ឆាប់ៗនេះ “coming soon”។ ទន្ទឹងនឹងនេះ នៅលើទំព័រគណនី  21st Century Business Herald បានបង្ហាញពីសកម្មភាពសង្វាក់ផលិតកម្មឡានអគ្គិសនីជំនាន់ថ្មីនេះ នៅក្នុងរោងចក្រ Beijing Yizhuang factory របស់ Xiaomi ថែមទៀតផង។

ប្រភពពី 21CBH បានបង្ហាញថា ក្នុងរយះពេល 1 ម៉ោង មាន SU7 ជំនាន់ថ្មីចំនួន 80 គ្រឿងត្រូវបានបញ្ចូនចេញពីខ្សែសង្វាក់ផលិតកម្ម ក្នុងអត្រាតួរលេខនេះ ត្រូវបានគេប៉ាន់ប្រមាណថា ការនាំចេញ Next-Gen SU7 Series ក្នុងរយះពេល 1 ថ្ងៃអាចមានចំនួន 800 គ្រឿង ដែលនឹងធ្វើឲ្យការផលិតអាចឈានដល់ចំនួន 160,000 គ្រឿងនៅមុនដំណាច់ខែមីនា នេះ។ ជាមួយសមត្ថភាពសង្វាក់ផលិតកម្មដែលមានភាពល្អប្រសើរនេះ ត្រូវបានគេជឿជាក់ថា Xiaomi Auto អាចនឹងមានលទ្ធភាពក្នុងការផ្គត់ផ្គងឡានអគ្គិសនី SU7 ជំនាន់ទីពីររបស់ខ្លួនបានលឿន ដោយមិនមានការពន្យាពេលយូរក្នុងការប្រគល់ឡានជូនអតិថិជនដូចកាលពីជំនាន់ដំបូងទៀតឡើយ។


Xiaomi បានប្រកាសដាក់ឲ្យ Pre-Order សម្រាប់ SU7 ជំនាន់ថ្មីជាផ្លូវការណ៍កាលពីអំឡុងខែមករា ឆ្នាំ 2026 ដំណាលគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសបញ្ឈប់ការផលិត និងដកចេញជំនាន់ដំបូងរបស់ SU7 ពីហាងលក់ជាផ្លូវការណ៍ផងដែរ។ Xiaomi SU7 ជំនាន់ទីពីរ ត្រូវបានក្រុមហ៊ុនធ្វើការដាក់តាំងបង្ហាញជាផ្លូវការណ៍នៅតាមបណ្តាហាងលក់របស់ខ្លួននៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ SU7 ជំនាន់ទីពីរត្រូវបានគេព្យាករណ៍ថា នឹងមាននៅក្នុងហាងលក់ផ្លូវការណ៍នៅមុនថ្ងៃនៃពិធីបុណ្យនិទាឃរដូវខាងមុខនេះ។ Xiaomi SU7 ជំនាន់ទីពីរ នឹងមានជម្រើសបីម៉ូដែលដូចជំនាន់ដំបូងដែរ មានដូចជា Standard, Pro និង Max ហើយនឹងមានតម្លៃចាប់ពី $32,800, $37,100 និង$44,300 តាមជម្រើសម៉ូដែលរៀងៗគ្នា។ ដែលតម្លៃនេះ គឺឡើងថ្លៃជាងជំនាន់ដំបូងប្រមាណជា $2,000។ 

ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Next-Gen SU7 គឺរក្សាទម្រង់ដើមស្ទើរតែទាំងស្រុងដូចជំនាន់ដំបូងដែរ គ្រាន់តែជំនាន់ថ្មីនេះ មានបន្ថែមពណ៌ថ្មីចំនួនពីរ គឺពណ៌ខៀវ “Coastal Blue” និងក្រហម “Blazing Red”។ សម្រាប់ម៉ូដែល SU7 Pro ថ្មីអាចបើកបរបានចម្ងាយឆ្លាយជាងមុនឡើងដល់ 902km តាមស្តង់ដារ CLTC ខណៈម៉ូដែល Max អាចបើកបានចម្ងាយ 835km។  លោក Lei Jun បានបញ្ជាក់ថា តួរខ្លួនរបស់ SU7 ជំនាន់ថ្មី គឺប្រមាណ 90.3% ត្រូវបានស្រោបដោយដែកគុណភាពខ្ពស់រឹងមាំប្រភេទ high-strength steel និង aluminium alloy ដែលមានកម្រិតនៃភាពធន់រឹងមាំដល់ 2200MPa ដែល Xiaomi ហៅថា “Ultra-strong steel”។ 

Xiaomi SU7 Series ជំនាន់ថ្មីមានពោងសុវត្ថិភាពចំនួន 9 គ្រាប់ ច្រើនជាងជំនាន់ទីមួយ 2 គ្រាប់ ដែលពោងសុវត្ថិភាពថ្មីទាំងពីរគ្រាប់ គឺស្ថិតនៅសងខាងអ្នកដំណើរកៅអីជួរក្រោយ។ ក្នុងឆ្នាំ 2026, Xiaomi Auto បានកំណត់គោលដៅក្នុងការនាំចេញឡានអគ្គិសនីជំនាន់ថ្មីរបស់ឲ្យបានយ៉ាងហោចណាស់ 550,000 គ្រឿងដែរ ដែលជាចំនួនច្រើនជាងឆ្នាំ 2025 ប្រមាណ 34%។ គិតត្រឹមថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2026 ក្រុមហ៊ុន Xiaomi មានហាងលក់សរុបចំនួន 488 ហាងនៅទូទាំងទីក្រុងចំនួន 141 និងមានមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំចំនួន 275 ដែលគ្របដណ្តប់លើទីក្រុងចំនួន 159 ក្នុងប្រទេសចិន៕