ក្រុមហ៊ុន Chery បានធ្វើការប្រកាសចេញលក់ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល QQ3 EV របស់ខ្លួន កាលពីថ្ងសទី 30 ខែមិនា ម្សិលមិញនេះ នៅទីផ្សារប្រទេសចិនជាមួយជម្រើស 4 ម៉ូដែលផ្សេងគ្នា។ ក្នុងនោះមានដូចជាម៉ូដែល QQ3 (310km) Love Edition មានតម្លៃខ្ទង់ $8,540, QQ3 (310km) Share Edition មានតម្លៃខ្ទង់ $9,850, QQ3 (420km) Love Edition មានតម្លៃខ្ទង់ $9,990 និង QQ3 (420km) Share Edition មានតម្លៃខ្ទង់ $11,440។ បើយោងតាមរបាយការណ៍ក្រុមហ៊ុនបានបញ្ជាក់ថា ការបញ្ជាទិញ Chery QQ3 Series គឺមានចំនួនដល់ទៅ 56,879 គ្រឿង ហើយបន្ទាប់ពីការចេញលក់។
Chery QQ3 EV មានការឌីស្សាញរូបរាងខាងក្រៅបែបរចនាបថឡាន mini Couper EV ដោយមានផ្នែកខាងមុខភ្ជាប់ដោយកាងបិទជិតដែលមានរន្ធប៉ាណានៅខាងក្រោមជាប់ជាមួយ bumper និងចង្កៀងរចនាបែបរាងអក្សរ Q ឬ Q-Shaped LED headlight និងមានដៃទ្វារឌីស្សាញបែប semi-hidden-door handle។ QQ3 មានតួរខ្លួនប្រវែង 4,195mm/ ទទឹង 1,811mm/ កំពស់ 1,573mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,700mm ជាមួយជម្រើសពណ៌ខាងក្រៅចំនួន 6 ពណ៌ រួមនឹងជម្រើសពណ៌កាប៊ីនក្នុងពីរពណ៌ គឺខ្មៅ និងបៃតង។
ក្នុងកាប៊ីនរបស់ QQ3 EV គាំទ្រដំណើរការដោយប្រព័ន្ធឆ្លាតវៃ AI Lingxi cockpit system របស់ Chery ដែលគាំទ្រដំណើរការការងារប្រើប្រាស់ទូទៅដោយបន្ទះឈីប Qualcomm Snapdragon 8155។ សម្រាប់អេក្រង់វិញ នៅលើម៉ូដែល High-Trim មានបំពាក់ដោយអេក្រង់កម្សាន្តកម្រិតបង្ហាញ 2.5K ទំហំ 15.6-inch អាចភ្ជាប់ជាមួយ Apple CarPlay, Huawei HiCar, និង Carlink រួមនិងមានអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch។ សម្រាប់ប្រព័ន្ធ AI Lingxi Cockpit មានភ្ជាប់មកជាមួយមុខងារ Carmind AI agent និងអាចបញ្ជាការប្រើប្រាស់ដោយសំឡេងបានផងដែរ។
ចំពោះមុខងារផ្សេងៗទៀតរួមមានដូចជា កៅអីខាងមុខមានមុខងារខ្យល់ក្រៅត្រជាក់, មុខងារ Smart colour-temperature mirror, ប្រើប្រាស់សោរប្រភេទ Bluetooth key, និងមុខងារ external voice broadcast ជាដើម។ នៅលើ Chery QQ3 EV មានកន្លែងសម្រាប់ទុកដាក់អឺវ៉ាន់ផ្សេងៗចំនួន 38 កន្លែង ដោយក្នុងនោះសម្រាប់ក្បាលខាងមុខអាចដាក់អីវ៉ាន់បានជំណុះ 70L, ឃ្លប់គូទក្រោយអាចដាក់បានចំណុះចាប់ពី 375L ទៅ 1450L នៅពេលបត់កៅអីជួរក្រោយ ហើយនៅក្រោមកៅអីជួរក្រោយក៏មានកន្លែងសម្រាប់ដាក់អីវ៉ាន់របស់របរផ្សេងៗបានចំណុះ 35L ផងដែរ។
Chery QQ3 EV ដំណើរការដោយម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយជាមួយប្រព័ន្ធបើកបរ rear-wheel-drive (RWD) ជាមួយជម្រើសកម្លាំងម៉ូទ័រពីរផ្សេងគ្នា គឺមានកម្លាំង 58kW ជាមួយកម្លាំងរមួល 90Nm និងកម្លាំង 90kW ជាមួយកម្លាំងរមួល 115Nm។ ចំនែកកញ្ចប់ថ្មវិញ ក៏មានពីរជម្រើសទំហំផងដែរ គឺទំហំ 29.48kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 310km (CLTC) និងទំហំ 41.28kWh សាកពេញម្តងអាចបើកបានចម្ងាយ 420km។ QQ3 EV ក៏គាំទ្រការសាកភ្លើងល្បឿនលឿនផងដែរ ដោយការសាកពី 30% ទៅ 80% ប្រើពេលប្រមាណ 16.5 នាទី។
បន្ថែមពីនេះ វាក៏មានមុខងារ V2L សម្រាប់យកប្រើប្រាស់ជាមួយឧបករណ៍អគ្គិសនីខាងក្រៅបានផងដែរដោយមានកម្លាំង 3.3kWh និង 6.6kWh។ ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការអ្នកបើកបរនៅលើ Chery QQ3 EV វិញ គឺពឹងផ្អែលទៅលើប្រព័ន្ធ Falcon 500 driver assistance system គាំទ្រដំណើរការដោយបន្ទះឈីប Horizon J6E ដែលមានកម្រិតឆ្លាតវៃ 80TOPS ដែលអាចគាំទ្រដល់ប្រព័ន្ធជំនួយការបើកបរលើផ្លូវល្បឿនលឿន Highway Navigation assist និងការចូលចតស្វ័យប្រវត្តិ automated parking ផងដែរ៕




