Yamaha កំពុងឈានជើងចូលទៅក្នុងទីផ្សារម៉ូតូអេឡិចត្រិចនៅអ៊ឺរ៉ុបជាមួយនឹងការចេញលក់ NEO e-scooter ហើយវាមានរូបរាងស្អាតធៀបនឹងម៉ូដែលមានម៉ាស៊ីនប្រចំហេះឥន្ធនៈ 50cc ។ Yamaha NEO e-scooter ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងទីក្រុង ជាមួយនឹងសោភ័ណ្ឌភាពដ៏ស្រស់ស្អាត។ វាត្រូវបានរចនាឡើងឲ្យមានលក្ខណៈរាងតូចល្មម និងជាមួយការរចនារាងមូល ដែលធ្វើឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាត និងបង្កើនបង្កើនអារម្មណ៍ធូរស្រាលមានផាសុខភាពនៅពេលប្រើម៉ូតូអេឡិចត្រូនិកមួយនេះ។
ការឌីស្សាញនៅលើ Yamaha NEO E-Scooter គឺផ្តល់មានភាពងាយស្រួលក្នុងការជិះ គ្មានសំឡេងរំខាន គ្មានការបំភាយឧស្ម័ន និងមកជាមួយការថែទាំតិចតួចបំផុត បើប្រៀបធៀបជាមួយនឹងប្រើម៉ាស៊ីន និងម៉ូតូអេឡិចត្រូនិចផ្សេងទៀតនៅក្នុងវិស័យដូចគ្នា។ NEO គឺជាការឆ្លុះបញ្ចាំងពីគន្លងនៃការអភិវឌ្ឍន៍នៃបច្ចេកវិទ្យារថយន្តអគ្គិសនី ដែលបន្តដោយក្រុមហ៊ុន Yamaha អស់រយៈពេលជាង 30 ឆ្នាំមកហើយ។ NEO ត្រូវបានបំពាក់ដោយបច្ចេកវិជ្ជាទំនើបទាន់សម័យគ្មានសំឡេងរំខានសម្រាប់ទីផ្សារទោចក្រយានយន្តដើរដោយថាមពលអគ្គិសនី “EV” ក្នុងតំបន់អឺរ៉ុប។
Yamaha Neo E-Scooter ត្រូវបានបំពាក់មកនូវប្រព័ន្ធហ្រ្វាំងខាងក្រោយជាប្រភេទ YIPU (Yamaha Integrated Power Unit) ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនយ៉ាម៉ាហាផ្ទាល់។ សម្រាប់ប្រព័ន្ធគ្រប់គ្រងម៉ូទ័រជាប្រភេទ MCU របស់ NEO ត្រូវបានដាក់នៅក្នុង swingarm ខាងក្រោយ ហើយអាចផ្ដាច់បាន ដោយការដោះនូវប៊ូឡុងចំនួនប្រាំចេញ។
ម៉ូតូអគ្គិសនី Yamaha NEO e-scooter បានបំពាក់នូវបច្ចេកវិទ្យា Brushless, និង Air-Cooled ដែលកាត់បន្ថយសំលេងរំខានបានដល់ 55dB ក្នុងរង្វង់ 7 ម៉ែត្រ។ សម្រាប់ថ្មវិញ Neo E-Scooter បានបំពាក់ដោយថ្មប្រភេទ Lithium-ion ដែលសាកពេញម្តងអាចជិះបាន 37 គីឡូម៉ែត្រ និងអាចបានដល់ 68 គីឡូម៉ែត្រជាមួយការបំពាក់ថ្មបន្ថែម។
ជាងនេះទៅទៀត ជាមួយនឹងប្រព័ន្ធ Power System Ensures បានជូយនូវការបង្កើនប្រសិទ្ធភាពដោយស្វ័យប្រវត្តិនៃថ្ម នៅពេលដែលវាដំណើរការក្រោមកម្រិតកំណត់ ដើម្បីពង្រីកកម្រិតថាមពលនៅមុនពេលការបញ្ចូលថ្មឡើងវិញរួចរាល់។ ការសាកថ្មរបស់ Yamaha Neo E-Scooter គឺអាចធ្វើបានតាមរយះម៉ូទ័របង្វិលកង់ និងសាកពីក្រៅបានដោយមានរយះពេលសាកពេញម្តង គឺប្រហែល 8 ម៉ោង។
សម្រាប់ថ្មកូនម៉ូតូអគ្គិសនីនេះ គឺស្ថិតនៅក្រោមកៅអីអ្នកបើកបរ ការធ្វើបែបនេះធ្វើឲ្យកន្លែងដាក់ជើងកាន់តែធំសម្រាប់អ្នកជិះ។ ហើយកំដៅរបស់ថ្មអាចឡើងរហូតដល់ 25 អង្សារសេ ប៉ុន្តែមិនបង្ករផលអាក្រក់ដល់អ្នកជិះនោះទេ។ ជាមួយគ្នានេះដែរវាក៏ដំណើរការជាមួយកម្មវិធី MyRide ដែលផ្តល់នូវជម្រៅបន្ថែមទៀតក្នុងការកំនត់មុខងាររបស់ NEO ក្នុងការកំនត់ពីរបៀបជិះផ្សេងៗគ្នាដែលមានវត្តមានជាមួយ e-scooter ។ កូនម៉ូតូអគ្គិសនីស៊េរីថ្មីនេះ មានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និងពណ៌ស។ ទោះជាយ៉ាងណា Yamaha មិនទាន់បញ្ជាក់ពីតម្លៃ និងកាលបរិច្ឆេទក្នុងការចេញលក់កូនម៉ូតូអគ្គិសនី Neo E-Scooter របស់ខ្លួននៅឡើយទេ៕