នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អាជីវកម្មរបស់ក្រុមហ៊ុន Huawei គឺមានស្ថានភាពអាក្រក់ខ្លាំងមែនទែននៅពេលដែលសហរដ្ឋអាមេរិក បានប្រកាសដាក់ក្រុមហ៊ុននេះទៅក្នុងបញ្ជីខ្មៅ និងមានការហាមប្រាមក្រុមហ៊ុននេះ មិនអោយធ្វើការជាមួយនឹងក្រុមហ៊ុនជាច្រើន ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកកន្លងមក។ នៅពេលដែលអាជីវកម្មស្មាតហ្វូន និងបន្ទះឈីប គឺមានបញ្ហាធំនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ចាប់ផ្តើមផ្តោតខ្លាំងទៅលើអាជីវកម្មជាច្រើនដូចជាកុំព្យូទ័រ និងវិស័យរថយន្តវិញម្តង។
ការផ្តល់នូវសញ្ញាថ្មីនេះ បានបង្ហាញថា ក្រុមហ៊ុនមហាយក្សចិនមួយនេះ ហាក់ដូចជាទទួលបាននូវដំណឹងល្អពីសហរដ្ឋអាមេរិកផងដែរ។ របាយការណ៍ថ្មីមួយចេញពី Reuters ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក បានទទួលនូវការយល់ព្រមទៅលើអាជ្ញាបណ្ណជាច្រើន ដែលមានតម្លៃរាប់លានដុល្លារអាមេរិកពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies ដើម្បីទិញបន្ទះឈីបសម្រាប់អាជីវកម្មរថយន្ត។ បន្ទះឈីបសម្រាប់រថយន្តទំនើបប្រហែលជាមិនមានបញ្ហាអ្វីច្រើនពីសហរដ្ឋអាមេរិកនោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei គឺមានចាប់អារម្មណ៍នៅក្នុងការផលិតសមាសភាគជាច្រើនសម្រាប់រថយន្តអេឡិចត្រូនិច។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅក្នុងប្រទេសចិននេះបានបង្ហាញនូវប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ADS ដែលបង្ហាញខ្លួនជាផ្លូវការនៅលើរថយន្ត BAIC Arcfox Alpha S ផងដែរ។ រថយន្តនេះគឺជារថយន្តអគ្គិសនីដំបូងបំផុតដែលមានដំណោះស្រាយ Lidar របស់ក្រុមហ៊ុន Huawei ហើយវាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Huawei Harmony OS car system ថែមទៀត៕