ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក BYD បានបន្តធ្វើការពង្រីកខ្សែស្រឡាយរថយន្តអគ្គិសនីរបស់ខ្លួនជាលំដាប់។ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតក្នុងពិភពលោករបស់ប្រទេសចិនមួយនេះបានធ្វើការពង្រីកម៉ាករថយន្តថ្មីរបស់ខ្លួនដែលរួមមានដូចជា Dynasty, Ocean, Tengshi, និង Yingwang ជាដើមនៅក្នុងព្រឹត្តិការណ៍ 2023 Shanghai Auto Show ដែលទទួលបានការជោគជ័យ និងទទួលបានការចាប់អារម្មជាខ្លាំង។ ហើយស្រាប់តែពេលនេះ គេក៏ទទួលបានរូបភាពបែកធ្លាយនូវគំរូរថយន្តអគ្គិសនីប្រភេទ Pick Up ដែលអាចនឹងបង្ហាញវត្តមានក្នុងពេលខាងមុខនេះ។
BYD បានបង្កើនសង្វាក់ផលិតផលថ្មីរបស់ខ្លួនជាមួយការចូលប្រឡូកបន្ថែមជាមួយរថយន្តអគ្គិសនីប្រភេទ Pick Up EV Truck ចូលទៅក្នុងទីផ្សារអគ្គិសនី។ ហើយបច្ចុប្បន្ននេះ BYD ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើតេស្តរថយន្តស៊េរីថ្មីរបស់ខ្លួនផងដែរ។ ហើយសម្រាប់គំរូរូបភាពនៃរថយន្ត BYD Pick Up EV Truck ដែលគេថតបាននេះ មិនបានបង្ហាញអ្វីច្រើននោះទេ គ្រាន់តែបង្ហាញពីការគំរូនៃឌីស្សាញរូបរាងខាងក្រៅរបស់រថយន្តស៊េរីថ្មីមួយនេះតែប៉ុណ្ណោះ។
បើតាមប្រភពបាននិយាយថា BYD EV Truck នឹងមកជាមួយជម្រើសចំនួនពីរផ្សេងគ្នា គឺប្រភេទ Plug-in-Hybrid និង All-Electric។ បើតាមប្រភពបែកធ្លាយចេញពីក្រុមហ៊ុនផ្ទាល់បានបង្ហើបថា BYD EV Truck នឹងមានបំពាក់មកជាមួយបច្ចេកវិទ្យាសំខាន់ៗទំនើបៗជាច្រើនដូចជា hydraulic active suspension system, streaming rearview mirrors, Huawei AR-HUD, និង a unique column-mounted gear shift arrangement ជាដើម។
ប្រភពក៏បានបង្ហើបថា BYD EV Truck នឹងបង្ហាញវត្តមានលើទីផ្សារនៅត្រីមាសណាមួយក្នុងឆ្នាំ 2023 នេះ។ ហើយរថយន្តអគ្គិសនីប្រភេទ Pick Up របស់ក្រុមហ៊ុននេះ អាចនឹងមានតម្លៃចន្លោះពី $60,000 ទៅ $90,000 ដែលជាតម្លៃរាងខ្ពស់បន្តិចសម្រាប់ទីផ្សាររថយន្តអគ្គិសនីដែលមានប្រភពចេញពីប្រទេសចិន។ ទោះជាយ៉ាងណាយើងរងចាំតាមដានទាំងអស់គ្នាថា តើរថយន្ត BYD Ev Truck ស៊េរីថ្មីនេះចេញលក់នៅពេលណា និងមានតម្លៃពិតប្រាកដប៉ុន្មានដែរទៅ៕