កាលពីប៉ុន្មានសប្តាហ៍មុននេះលោក Elon Musk មេធំរបស់ Tesla បានសារភាពថា ការវិនិយោគផលិតរថយន្តអគ្គិសនីម៉ូដែល Roaster របស់ខ្លួន គឺមានភាពយឺតយ៉ាវបន្តិចហើយ ហើយបច្ចុប្បន្ននេះ Tesla បាននឹងកំពុងជម្រុញដល់ក្រុមការងារវិស្វករឲ្យពន្លឿនសង្វាក់ការងាររបស់ខ្លួន ដោយរំពឹងថាអាចនឹងត្រូវបញ្ចប់នៅត្រឹមចុងឆ្នាំ 2023 នេះ។ យ៉ាងណាមិញតារាងពេលវេលា គឺមានការប្រែប្រួលម្តងហើយម្តងទៀតសម្រាប់ការបង្ហាញវត្តមានកំពូលរថយន្តអគ្គិសនី Electric Supercar ថ្មីរបស់ Tesla។
ថ្លែងនៅលើបណ្តាញគណនី Twitter ផ្ទាល់របស់ខ្លួនលោក Elon Musk បានបង្ហើបថា Tesla Roaster គឺអាចនឹងត្រូវបានបញ្ចប់សម្រាប់ការដាក់ចូលទៅក្នុងសង្វាក់ផលិតកម្មនៅដើមឆ្នាំក្រោយនេះ (2024)។ លោកបញ្ជាក់ថា គម្រោងនៃការអភិវឌ្ឍន៍ផលិតសម្រាប់រថយន្ត Tesla Roaster គឺត្រូវចំនាយពេលវេលាច្រើនណាស់។ បើតាមប្រភពរបាយការណ៍ចេញពី Techno King បានបញ្ជាក់ថា គម្រោងក្នុងការដាក់បញ្ចូល Tesla Roaster ចូលទៅក្នុងសង្វាក់ផលិតកម្មអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ 2024។ កំពូលរថយន្តអគ្គិសនី Electric Hypercar ទ្វារពីរ និង 4 កៅអីដំបូងចេញពីក្រុមហ៊ុន Tesla នេះត្រូវបានគេប៉ាន់តម្លៃបឋម គឺខ្ទង់ជាង 20 ម៉ឺនដុល្លារអាមេរិក។
Tesla Roaster ត្រូវបានគេដឹងថា មានសមត្ថភាពខ្លាំងក្លាបំផុតដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 60mph ចាយពេលត្រឹមតែ 1.9 វិនាទីប៉ុណ្ណោះ ហើយអាចរត់ល្បឿនបានដល់ 400km/h និងអាចបើកបរបានរយះចំងាយផ្លូវដល់ 1,000km។ Tesla Roaster ត្រូវបានគេដឹងថា នឹងបំពាក់នូវអាគុយអគ្គិសនីកំលាំង 200kWh ជាប្រភេទអាគុយ Liquid-cooled Li-ion ជាមួយការបំពាក់ម៉ូទ័រអគ្គិសនីដែលផ្តល់នូវកំលាំងរមូលដល់ 1000Nm ឬ 738 lb-ft រួមជាមួយកំលាំងសន្ទុះល្បឿន 249mph ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 2.1 វិនាទីប៉ុណ្ណោះ៕