ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundia បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីម៉ាក IONIQ 5 N ដែលជារថយន្តអគ្គិសនីដំបូងដែលមានការរចនារូបរាងឡើងបែបរថយន្តស្ព័រដ៏ប្រណិត ហើយក៏ជារថយន្តអគ្គិសនីដែលមានអនុភាពខ្លាំងក្លាបំផុតថែមទៀតផង។ Hyundia IOQIN 5 N បានងបង្ហាញរូបរាងផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ពិពរ័ណ៌រថយន្ត Goodwood Festival of Speed។
ផ្នែកខាងក្រៅរបស់ Hyundai IONIQ 5 N ត្រូវបានធ្វើការរចនាឡើងថ្មីប្រកបដោយលក្ខណៈបែបរថយន្តស្ព័រជាមួយនឹងការកែប្រែផ្នែកជាច្រើនដែលធ្វើឲ្យរថយន្តអគ្គិសនីថ្មីមួយនេះមើលទៅបែបស្ព័រខ្លាំងមែនទែន ដោយបានកែប្រែរចនាបថផ្នែកខាងក្រោយដូចជាការរចនាថ្មីឡើងវិញលើផ្នែក Bumper និង rear wing spoiler ជាដើម។ រថយន្តអគ្គិសនីបែបស្ព័រស៊េរីថ្មីនេះត្រូវបាន Hyundai ធ្វើការកម្លាយរចនាបថថ្មីចេញពីម៉ូដែល Ioniq 5 ដោយក្រុមហ៊ុនបានទម្លាកកម្ពស់ផ្ទៃបាតក្រោមទាបជាងមុន 20mm និងពង្រីងទទឹងខាងក្រោមទូលាយជាងមុន 50mm ជាមួយនឹងការប្រើសំបកកងបែបស្ព័រដែលមានផ្ទៃទទឹងកង់ទាលធំជាងមុន និងពង្រីកផ្នែកគូដខាងក្រោយទូលាយជាមុនប្រមាណ 80mm។
ចំពោះផ្នែកខាងមុខវិញ IONIQ 5 N ត្រូវបានរចនារាងចម្រៀលទាបបញ្ឆិតមកផ្នែកខាងមុខបែប aerodynamic សម្រាប់សម្រួលដល់លំហូរខ្យល់បានយ៉ាងល្អ រួមជាមួយការរចនាបំពាក់នូវនិមិត្តសញ្ញាអក្សរ N បំពាក់ចង្កៀងបំភ្លឺពេលយប់ និងពេលថ្ងៃប្រភេទ LED ភ្លឺច្បាស់ៗ រួមនឹងប៉ាណាមុខមានចន្លោះប្រហោងធំៗដែលជួយឲ្យលំហូរខ្យល់ខាងក្រៅចូលដើម្បីជួយកាត់បន្ថយកំដៅបានយ៉ាងល្អ។ ចូលមកផ្នែកខាងក្នុងវិញ Hyundia IOQIN 5 N ត្រូវបានរចនាបំពាក់ប្រកបដោយប្រណិតភាពសម្រាប់ការប្រើប្រាស់ដូចជាអេក្រង់កុងទ័រឌីជីថល ប្រព័ន្ធអេក្រង់កម្សាន្តធំទូលាយ ដៃចង្កូតស្បែកដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច និងមានរំលេចដោយអក្សរ N នៅកណ្តាល។
អ្នកបើកបរអាចធ្វើការកំនត់បញ្ជាទៅលើមុខងារសំខាន់ពិសេសចំនួនពីរ គឺ e-Shift និង N-Pedal ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការបើកបរ។ ជាមួយគ្នានេះ កៅអីអង្គុយរបស់ IONIQ 5 N ក៏ត្រូវបានទម្លាក់ទាបជាងម៉ូដែលស្តង់ដារប្រមាណ 20mm ផងដែរ។ Hyundai IONIQ 5 N ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ ដែលផ្តល់នូវអនុភាពកំលាំងសរុបដល់ទៅ 609 horsepower (HP) រួមនិងបំពាក់អាគុយអគ្គិសនីទំហំ 84kWh។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិផ្សេងៗទៀត រួមទាំងថ្ងៃត្រូវចេញលក់ និងតម្លៃរបស់ IONIQ 5N ក្រុមហ៊ុន Hyundai ធ្វើការប្រកាសឲ្យដឹងនៅឡើយទេ៕