ស្ថិតនៅក្រោមច្បាប់ឥណទានពន្ធថ្មីដែលបានធ្វើការបន្ទូរបន្ថយពន្ធសម្រាប់ការផលិតរថយន្តអគ្គិសនីនៅលើទឹកដីសហរដ្ឋអាមេរិកដែលបានបញ្ចុះមកនៅត្រឹម $7,500 សម្រាប់រថយន្តអគ្គិសនីដែលផលិតនៅលើទឹកដីសហរដ្ឋអាមេរិក ឬបណ្តាប្រទេសដែលសហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ។ ជាងនេះទៅទៀតទៅលើថ្មដែលប្រើនៅលើក្នុងរថយន្តអគ្គិសនី (EV) ដែលផលិតនៅសហរដ្ឋអាមេរិក ត្រូវតែប្រើប្រាស់វត្ថុធាតុដើមពីទឹកដីអាមេរិកខាងជើង។ ហើយច្បាស់នេះ បានជួយសម្រួលដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងទឹកដីអាមេរិកបានផ្នែកទៅលើចំនាយទៅលើពន្ធអាករ។
ច្បាប់ឥណទានពន្ធថ្មីនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅក្នុងអាមេរិក ហើយក្រុមហ៊ុនទាំងអស់បាននឹងកំពុងស្វះស្វែងរកដំណោះស្រាយរៀងៗខ្លួន។ ក្នុងនោះក្រុមហ៊ុន VW និង Mercedes កំពុងធានាកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ថ្មជាមួយកាណាដា ប៉ុន្តែ Hyundai បោះជំហានទៅមុខមួយកម្រិតទៀត ដោយក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះរបស់កូរ៉េខាងត្បូងមួយនេះ មានផែនការរួចរាល់ហើយក្នុងការនាំយកផលិតកម្មទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែនចាំរហូតដល់ឆ្នាំ 2025 ដូចដែលរបាយការណ៍ដែលបានចេញផ្សាយនាពេលកន្លងមកនោះទេ។
បើតាមប្រភពចេញពីបណ្តាញ Yonhap News Agency បានឲ្យដឹងថា Hyundai មានគម្រោងក្នុងការបង្កើតរោងចក្រថ្មីរបស់ខ្លួននៅតំបន់ Georgia ដែលអាចនឹងចាប់ផ្តើមនៅពេលណាមួយនាដើមឆ្នាំ 2023 ហើយសង្វាក់ផលិតកម្មអាចនឹងចាប់ផ្តើមនាអំឡុងឆ្នាំ 2025 ជាមួយការដាក់គោលដៅក្នុងការផលិតរថយន្តអគ្គិសនីឲ្យបានចំនួន 30 ម៉ឺនគ្រឿង។ ទោះជាយ៉ាងណា ដោយសារតែច្បាប់ឥណទានពន្ធថ្មីនេះបានបង្ករឲ្យមានផលប៉ះពាល់ដល់ការលក់រថយន្តអគ្គិសនីរបស់ Hyundais ដូច្នេះ ក្រុមហ៊ុននេះគ្រោងនឹងនាំយកផលិតកម្មឆ្ពោះទៅឆ្នាំ 2024 ជាមួយនឹងការសាងសង់រោងចក្រតម្លៃ 5.5 ពាន់លានដុល្លារដែលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ វាសមហេតុផលសម្រាប់ក្រុមហ៊ុន Hyundai ក្នុងការពន្លឿនផែនការរបស់ខ្លួន ប្រសិនបើក្រុមហ៊ុនចង់រក្សាការប្រកួតប្រជែងទីផ្សាររថយន្តនៅលើទីផ្សារទឹកដីសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Hyundai គ្រោងនឹងលក់រថយន្តអគ្គិសនីជិត 2 លានគ្រឿងក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ 2030 នៅទូទាំងពិភពលោក ជាមួយនឹងម៉ូដែលថ្មីចំនួន 11 មកពីម៉ាកយីហោសំខាន់ និងរថយន្តអគ្គិសនីប្រណីតចំនួន 6 ពីក្រុមហ៊ុន Genesis Motor។ ក្នុងពេលបច្ចុប្បន្ននេះ Hyundai កំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងទីផ្សាររថយន្តសកលជាមួយនឹងម៉ូដែលថ្មី Ioniq 5 និង Ioniq 6 ហើយសម្រាប់ម៉ូដែលបន្ទាប់ Ioniq 7 ដែលជាប្រភេទរថយន្ត EV SUV ខ្នាតធំត្រូវបានគេដឹងថាអាចនឹងបង្ហាញវត្តមាននៅលើទីផ្សារនាឆ្នាំ 2024៕