បន្ទាប់ពីមានការបែកធ្លាយរូបគំរូ និងរូបភាពជាច្រើនអំពីរថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីរបស់ Hyundai នៅពេលនេះ ក្រុមហ៊ុនក៏បានធ្វើការបញ្ជាក់ថា រថយន្តអគ្គិសនី SUV EV របស់ខ្លួននឹងមានវត្តមាននៅលើទីផ្សារក្នុងឆ្នាំនេះ។ Hyundai loniq 7 គឺជារថយន្តអគ្គិសនីសុទ្ធប្រភេទ SUV កៅអី 3 ជួរដំបូងរបស់ក្រុមហ៊ុន ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់គ្រួសារដែលមានសមាជិកច្រើន និងមានតម្រូវការរថយន្តមានទំហំទូលាយ។
ស្រឡាយរថយន្ត loniq របស់ Hyundai ទទួលបានកេរ្តិ៍យ៉ាងគាប់ប្រសើរបំផុតនៅលើទីផ្សារដោយសារតែមានការរចនាបែបប្លែក និងមានភាពទាក់ទាញ ដោយមានការរួមបញ្ចូលនូវរចនាបថបែបបុរាណជាមួយរចនាបថបែបសម័យទំនើបជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាថ្មីៗទំនើបៗចុងក្រោយបំផុត ហើយសម្រាប់ម៉ូដែល loniq 7 គឺទទួលបានការឌីស្សាញដូចគ្នានេះ ជាមួយដំបូលរចនារាងជម្រាល និងនៅផ្នែកខាងក្នុងមានទំហំធំទូលាយ។
ក្រុមហ៊ុនផលិតរថយន្តដំបូងបំផុតរបស់កូរ៉េខាងត្បូងមួយនេះ បានបញ្ជាក់រួចហើយថា Hyundai loniq 7 នឹងមកដល់នៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2024 ហើយសម្រាប់សង្វាក់ផលិតនៃរថយន្ត SUV EV នេះក៏បានដាក់បញ្ចូលទៅក្នុងខ្សែសង្វាក់ផលិតនៅរោងចក្រផលិតស្ថិតនៅក្នុងតំបន់ Busan Motor Show របស់កូរ៉េខាងត្បូងរួចរាល់ហើយ។ រថយន្ត Electric SUV កៅអីបីជួរស៊េរីថ្មីរបស់ Hyundai គឺនឹងប្រើប្រព័ន្ធ E-GMP Platform ដូចគ្នានឹងម៉ូដែល loniq 5 និង Kia EV9 ដែរ គ្រាន់តែម៉ូដែល loniq 7 អាចនឹងមានការបំពាក់បន្ថែមនូវប្រព័ន្ធ squared-off twin។
សម្រាប់សមត្ថភាពដំណើរការដែលនឹងបំពាក់នៅលើ Hyundai loniq7 អាចនឹងមានពីរជម្រើស ដោយក្នុងនោះមានជម្រើសប្រើកញ្ចប់អាគុយអគ្គិសនីទំហំ 75kWh ដល់ 100kWh ព្រមជាមួយប្រព័ន្ធបើកបរ rear-wheel និង all-wheel drive។ សម្រាប់ប្រព័ន្ធសាកភ្លើងវិញ loniq 7 អាចនឹងគាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿន lightning-fast DC Charging ដូចនឹងម៉ូដែល Kia EV9 ដែរ ដោយការសាកភ្លើង 30 នាទី អាចបើកបរបានចំងាយផ្លូវបានដល់ 100 ម៉ាយល៍។
ក្រុមហ៊ុន Hyundai គឺជាអ្នកលេងដ៏សំខាន់មួយនៅក្នុងទីផ្សាររថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងមួយនេះ បានចាយទុនក្នុងការសាងសងរោងចក្រថ្មីដែលមានតម្លៃខ្ទង់ 5 ពាន់លានអឺរ៉ូ ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលនិងរួច រាល់នៅក្នុងឆ្នាំនេះ ហើយការដំណើរការរោងចក្រថ្មីនេះត្រូវបានរំពឹងថា នឹងនៅមុនដំណាច់ឆ្នាំ 2024។ ហើយរោងចក្រថ្មីនេះ ក៏នឹងដើរតួសំខាន់សម្រាប់សង្វាក់ផលិតរថយន្ត loniq 7 សម្រាប់ឆ្នាំ 2025 ក៏ដើម្បីធ្វើការផ្គត់ផ្គង់តម្រូវការក្នុងទីផ្សារសហរដ្ឋអាមេរិកផងដែរ។ ហើយសម្រាប់សង្វាក់ផលិត Hyundai loniq 7 ក៏គ្រោងចាប់ផ្តើមនៅក្នុងរោងចក្រ Hyundai's Asan plant នៅក្នុងខែកក្តដា ឆ្នាំនេះផងដែរ៕