កាលពីដើមសប្តាហ៍មុននេះ Onvo ដែលក្រុមហ៊ុនផលិតរថយន្តដែលជាបុត្រសម្ព័ន្ធដំបូងរបស់ NIO បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងប្រទេសចិនដែលមានឈ្មោះថា Onvo L6។ ហើយនៅពេលនេះស្ថាបនិក និងជា CEO របស់ NIO លោក William Li និងប្រធានក្រុមហ៊ុន Onvo លោក Alan Ai បានបង្កើតកម្មវិធីសំនួរ និងចម្លើយ ឬ Q&A ដើម្បីសួរទៅកាន់អ្នកប្រើប្រាស់ពីចំណាប់អារម្មណ៍ទាក់ទងទៅនឹងរថយន្តអគ្គិសនីដែលនឹងត្រូវប្រកាសចេញនាពេលអនាកគត។
Onvo បាននិយាយថា រថយន្តម៉ូដែលបន្ទាប់របស់ខ្លួននឹងជារថយន្ត SUV ខ្នាតធំ ឬ Full-Side SUV ដែលមានបំពាក់កៅអី 6 ទៅ 7 កៅអី។ ចំនែករថយន្តអគ្គិសនីប្រភេទ Sedan នឹងមានការប្រកាចេញនៅពេលបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សាររថយន្តបែបគ្រួសារកាន់តែច្រើន។ Onvo គឺជាក្រុមហ៊ុនដែលផ្តោតទៅលើការផលិតរថយន្តលក្ខណៈគ្រួសារ។ ហើយរថយន្តម៉ាក Onvo ត្រូវបានគេរំពឹងថា នឹងមានការចេញលក់នៅលើទីផ្សារសកលនៅចុងឆ្នាំ 2024 នេះ ហើយទីផ្សារចម្បង និងសំខាន់បំផុតដំបូងសម្រាប់រថយន្ត Onvo ត្រូវចូលទៅវាយឡុក គឺនៅទីផ្សារអឺរ៉ុប។
Onvo L6 ដែលជាប្រភេទរថយន្ត Mid-side SUV ដែលបានប្រកាសចេញនៅទីផ្សារប្រទេសចិនកាលពីដើមសប្តាហ៍មុននេះ មានតម្លៃប្រគូតប្រជែងខ្លាំងជាមួយរថយន្ត Tesla Model Y នៅក្នុងប្រទេសចិន ដោយសារតែតម្លៃរបស់ L6 គឺធូថ្លៃជាង Model Y ប្រមាណជាជាង $4,000 ឯណោះ។ Onvo L60 មានជម្រើសប្រើកញ្ចប់អាគុយទំហំ 60kWh និង 90kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 555km និង 730km។
ហើយក៏មានជម្រើសកំពូលបំផុតមួយទៀតដែលបំពាក់កញ្ចប់អាគុយទំហំ 150kWh ដោយសាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវដល់ 1,000km ជាមួយបច្ចេកវិទ្យា battery swapping tech របស់ Nio។ រថយន្តអគ្គិសនីដំបូងរបស់ Onvo ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយគ្រប់ម៉ូដែល និងមានអេក្រង់កម្សាន្តទំហំធំដល់ 17.2-inch គ្រប់គ្រងដំណើរការដោយបន្ទះឈីប Nvidia Orin X chip និងមានបច្ចេកវិទ្យាបាញ់លើកញ្ចក់ខាងមុខ Head-up display ទំហំ 13-inch។
ក្រៅពីបង្កើតម៉ាកយីហោរថយន្ត Onvo ទៅ Nio ក៏កំពុងធ្វើការលើម៉ាកយីហោផ្សេងទៀតរបស់ខ្លួនដែលបច្ចុប្បន្នមានឈ្មោះ Firefly ផងដែរ។ លោក William Li បាននិយាយថា គោលបំណងធំរបស់ NIO គឺដើម្បីបំពេញតម្រូវការទៅដល់អតិថិជនផ្សេងៗគ្នាដែលមានតម្រូវការខុសៗគ្នា មិនខុសពីអ្វីដែលក្រុមដូចជា Volkswagen បានអនុវត្តន៍ដើម្បីពង្រីកទីផ្សារលក់រថយន្តនៅទូទាំងសកលលោកជាមួយជម្រើសម៉ូដែលផ្សេងៗគ្នា ចាប់ពីម៉ាក Skoda ដែលមានតម្លៃសមរម្យរហូតដល់ម៉ាក Bentley ដែលជាម៉ាករថយន្តប្រណិតមានតម្លៃថ្លៃនោះឡើយ៕