លោក Yu Chengdong ដែលជាអគ្គនាយក Huawei Automotive នៅថ្ងៃនេះ បានចេញមកធ្វើការបញ្ជាក់ថា មកដល់ថ្ងៃនេះ រថយន្ត AITO M7 ត្រូវបានអតិថិជននៅក្នុងប្រទេសចិន ធ្វើការការបញ្ជាទិញចំនួន 50000 គ្រឿងហើយ។ សូមជំរាបថា បន្ទាប់ពីការប្រកាសដាក់អោយមានការបញ្ជាទិញមក រថយន្ត AITO M7 គឺមានការចុះឈ្មោះទិញច្រើនឡើងពីមួយថ្ងៃទៅមួយ ជាក់ស្តែងកាលពីថ្ងៃទី 5th ខែតុលាកន្លងទៅនេះមានការបញ្ជាទិញ 3500 គ្រឿង ហើយមួយថ្ងៃបន្ទាប់នៅថ្ងៃទី 6 ខែតុលា គឺមានការបញ្ជាទិញលើសមុនទ្វេរដង គឺដល់ទៅ 7000 គ្រឿង។ ត្រឹមតែពីរថ្ងៃ គឺបានលើសពី 10,000 គ្រឿង។
យោងតាមការចេញផ្សាយព័ត៌មានរបស់អគ្គនាយក Huawei Automotive កាលពីថ្ងៃទី 7 តុលា 2023 នេះ ក្រុមហ៊ុន AITO គឺទទួលបាននូវការបញ្ជាទិញសរុប 50,000 គ្រឿងហើយសម្រាប់រថយន្ត AITO M7 SUVs នៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសសម្ពោធជាផ្លូវការកាលពីខែថ្ងៃទី 12 ខែកញ្ញា។ រហូតមកដល់ពេលនេះ គឺមានរយៈពេល 25 ថ្ងៃនេះហើយ។ អគ្គនាយក Huawei Automotive ក៏បានធ្វើការថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រទៅលើរថយន្ត M7 នេះផងដែរ។
លោកអគ្គនាយករូបនេះ បានលើកឡើងថា រថយន្តថ្មីនេះ នឹងផ្តល់នូវបទពិសោធន៌នៃការប្រើប្រាស់កាន់តែអស្ចារ្យ រួមជាមួយនិងការទទួលនូវបាននូវសុវត្ថិភាពខ្ពស់ដែលមាននៅលើរថយន្តនេះផងដែរ។ ជាពិសេសគឺទៅលើប្រព័ន្ធសុវត្ថិភាពឆ្លាតវៃដំបូងបំផុតនៅលើពិភពលោក omnidirectional anti-collision system របស់ក្រុមហ៊ុន Huawei ដែលមានការទទួលស្គាល់ពីសំណាកៈអ្នកប្រើប្រាស់រួចមកហើយ។ ក្រុមការងារប្រចាំនៅក្រុមហ៊ុននេះ ក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុននេះ នឹងខិតខំព្យាយាមធ្វើយ៉ាងណាដឹកជញ្ជូនរថយន្តថ្មីនេះទៅកាន់អតិថិជនគ្រប់គ្នាអោយបានលឿនបំផុត។