ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូង Hyundai បានបញ្ចេញគំរូរថយន្តស៊េរីថ្មី ដែលត្រូវរំពឹងថានឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Seoul Mobility Show 2025 នៅថ្ងៃទី 03 ខែមេសា ខាងមុខនេះ។ រូបភាពគំរូរថយន្តស៊េរីថ្មីនេះត្រូវបានបង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន Hyundai ផ្ទាល់តែម្តង ប៉ុន្តែ មិនមានការបង្ហាញព័ត៌មានលម្អិតអំពីរថយន្តស៊េរីថ្មីនេះទេ។
មិនទាន់មានព័ត៌មានផ្លូវការណ៍ណាមួយដែលត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន Hyundai ប៉ុន្តែ បើតាមរូបភាពគំរូដែលបានបង្ហាញ រថយន្តស៊េរីថ្មីនេះមានលក្ខណៈប្រហាក់ប្រហែលនឹងរថយន្តប្រណាំងមួយចំនួន ដែលមានន័យថា គំរូរថយន្តស៊េរីថ្មីរបស់ Hyundai គឺនឹងផ្តោតទៅលើដែលមានអនុភាពខ្ពស់ (High-performance car)។
ក្នុងរូបភាពបង្ហាញថា រថយន្តនេះមានការឌីស្សាញជាមួយភ្លើងពណ៌ទឹកក្រូចនៅលើកន្ទុយ Spoiler ខាងក្រោយ, កញ្ចក់ទ្វារ ក៏ដូចជាតាមផ្នែកមួយចំនួននៃកាប៊ីនជាដើម។ ហើយអ្វីដែលធ្វើឲ្យមានការសន្និដ្ឋានខ្ពស់ទៅលើគំរូរថយន្តស៊េរីថ្មីនេះ ជាប្រភេទរថយន្ត High-performance car គឺនៅលើការរចនាដៃចង្កូតបែប racing car steering wheel ដែលមានភ្ជាប់នូវប៊ូតុងដូចជា boost button និង Track mode ជាដើម។
គំរូរថយន្តស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថាជារថយន្តអគ្គិសនីស៊េរីថ្មីដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងម៉ូដែល lonqi 5 N។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតនៃគំរូរថយន្តស៊េរីថ្មីរបស់ Hyundai យើងរំពឹងថា នឹងទទួលបានបន្ថែមទៀតនៅថ្ងៃនៃការបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌ប្រចាំឆ្នាំ 2025 Seoul Mobility Show ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 03 ខែមេសា ឆ្នាំ 2025 ឆាប់ៗខាងមុខនេះ៕