Changan ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសចិន នៅថ្ងៃនេះ បានប្រកាសថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុបជាមួយនិងរថរយន្តអគ្គិសនីថ្មី 8 ម៉ូដែលត្រឹមឆ្នាំ 2027។ ជាមួយនិងការឈានចូលជាដំបូងនេះ ក្រុមហ៊ុន នឹងមានការផ្តោតខ្លាំងទៅលើរថយន្តអគ្គិសនីថ្មីៗ ដែលមានការឌីស្សាញស្របតាមតម្រូវការរបស់អតិថិជននៅលើទីផ្សារអឺរ៉ុបជាមុនសិន។
ចំពោះទីផ្សារដំបូងគេរបស់ Changan គឺនឹងផ្តើមពីប្រទេស ណ័រវេ ដាណឺម៉ាក ហូឡង់ អាល្លឺម៉ង់ និងអង់គ្លេស។ រីឯរថយន្តថ្មីៗ នឹងទៅដល់ showrooms នាខែកញ្ញាខាងមុខ។ នៅពេលនេះ ក្រុមហ៊ុននេះក៏បានធ្វើការរួមគ្នាជាមួយនិងដៃគូនៅក្នុងប្រទេសអាល្លឺម៉ង់រួចហើយ។ ក្រុមហ៊ុន Changan បានចាប់ដៃជាមួយដៃគូរចែកចាយនៅកណ្តាលប្រទេសហូឡង់តែម្តង។
សម្រាប់ម៉ូដែលដំបូងគេ ដែលបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុបនោះ គឺរថយន្ត Avatr 12 ដែលជាម៉ូដែល sedan មានភាពទាក់ទាញបំផុត។ រថយន្តនេះ មានការប្រើប្រាស់នូវម៉ូទ័រភ្លោះកម្លាំង 425kW។ សម្រាប់ការសាកពេញម្តង Avatr 12 គឺអាចបើកបរបានចម្ងាយជាង 700km ឯណោះ។ ក្រុមហ៊ុននេះក៏បានសន្យាថា នឹងមានការនាំយកនូវ Avatr 11 ទៅកាន់ទីផ្សារអឺរ៉ុបដូចគ្នា។ រថយន្តនេះបង្ហាញវត្តមាននៅលើទីផ្សារចិនជាមួយនិងម៉ូដែល EREV និងអគ្គិសនីសុទ្ធ ដោយម៉ូដែលថ្មីៗនេះ គឺអាចរត់បាន 1,062 km ខណៈដែលម៉ូដែលប្រើប្រាស់ម៉ូទ័រមួយ ដំណើរការដោយថាមពលថ្ម អាចធ្វើដំណើរ 814km តាមស្តង់ដារ CATL តាមរយៈថាមពល 117 kWh។
ជាមួយគ្នានេះ Changan ក៏មានកម្រោងនៅនៅក្នុងការប្រកាសចេញនូវរថយន្តអគ្គិសនី Deepal S07 និង Deepal S05 ដែលជាប្រភេទ mid-size SUV និង compact crossover ពេលឆាប់ៗនេះដែរ។ S07 គឺជាម៉ូដែលមួយដែលរត់បាន 475km ហើយនឹងមានតម្លៃ €45,000។ បន្ថែមពីនេះក្រុមហ៊ុន Changan ក៏គ្រោងនឹងធ្វើការងារជាមួយដៃគូរនានានៅតាមប្រទេសតំបន់អឺរ៉ុប ដើម្បីធ្វើសិក្សាបន្ថែមពីតម្រូវការរបស់អ្នកប្រើប្រាស់នូវអឺរ៉ុបផងដែរ។ Avatr និង Deepal នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ IAA Mobility នៅអាល្លឺម៉ង់ចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 14 ខែកញ្ញាខាងមុខនេះផងដែរ។