នៅពេលនេះ Xiaomi បាននឹងកំពុងតែត្រៀមខ្លួនធ្វើការពង្រីកអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនថែមទៀតហើយ តាមរយៈនៃការដាក់លក់ភាគហ៊ុនរបស់ខ្លួនបានរហូតដល់ទៅជា €4.96 ពាន់លានយូរ៉ូ។ គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានចាប់ផ្តើមប្រកាសចេញនូវ Xiaomi SU7 ដែលជារថយន្តអគ្គិសនីម៉ូដែល sedan ដំបូងរបស់ខ្លួនកាលពីឆ្នាំមុននេះ។ រថយន្តនេះមានការពេញនិយមនិងលក់ដាច់ខ្លាំងបំផុតនៅលើទីផ្សារប្រទេសចិន។
នៅថ្ងៃនេះ ក្រុមហ៊ុន បានលក់ហ៊ុនរបស់ខ្លួនចំនួន 800 លានហ៊ុន ដោយក្នុងមួយហ៊ុនមានតម្លៃ HK$53.25 ដុល្លារហុងកុង។ ក្រុមហ៊ុន Xiaomi នឹងប្រើប្រាស់នូវមូលនិធិដែលមានទទួលបាននេះ ទៅធ្វើការវិនិយោគពង្រីកបន្ថែមនៅលើអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួន ដែលមានដូចជាការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីសម្រាប់ប្រើប្រាស់នៅលើម៉ូដែលថ្មីៗ ដែលនឹងមាននៅពេលខាងមុខ។
ការវិនិយោគបន្ថែមនេះ គឺមានគោលដៅនៅក្នុងការជុំរុញអោយកាន់តែប្រសើរឡើងទៅលើសង្វាក់ផលិតកម្មថាមពលអគ្គិសនី និងបង្កើនការនាំចេញបានច្រើនជាង 350,000 គ្រឿងសម្រាប់ឆ្នាំ 2025 នេះ។ សូមជំរាបថា កាលពីឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុននេះត្រូវបានគេរាយការណ៌ថា បានចំណូកពីអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួននេះ ដល់ទៅជា €3.97 ពាន់លានយូរ៉ូ ជាមួយនិងការនាំចេញរថយន្ត SU7 បានជាង 135,000 គ្រឿង។
ជាមួយគ្នានេះ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសរួចហើយផងដែរថា ខ្លួននឹងមានការប្រកាសដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួននៅលើទីផ្សារសកលនាឆ្នាំ 2027។ ហើយដើម្បីជាការឆ្លើយតបទៅនឹងការរីកចំរើននេះ ក្រុមហ៊ុននេះ ក៏បានពង្រីកបន្ថែមនូវទំហំរោងចក្ររបស់ខ្លួនចំនួន 52 ហិកតាថែមទៀតផងដែរ សម្រាប់រោងចក្រដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលនេះ គឺជារោងចក្រទី 3 របស់ក្រុមហ៊ុន ដែលសង្វាក់ផលិតកម្មរថយន្ត គឺដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិ។
បន្ថែមពីនេះលោក Lu Weibing ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Xiaomi បានប្រកាសថា នៅពាក់កណ្តាលឆ្នាំ 2025 នេះ ក្រុមហ៊ុននឹងមានការទម្លាក់ថិកាប្រមាណជា RMB 7 ពាន់លាន ទៅ 8 ពាន់លាន ដើម្បីធ្វើការស្រាវជ្រាវទៅលើបច្ចេកវិទ្យា AI ទៀតផង។