បន្ទាប់ពីត្រូវបានប្រទះឃើញបង្ហាញវត្តមាននៅក្នុង Showroom របស់តំណាងចែកចាយកាលពីពេលថ្មីៗនេះនៅមុនថ្ងៃប្រកាសចេញមកដល់នៅពេលនេះ រថយន្តស៊េរីថ្មីឆ្នាំ 2025 របស់ BYD ម៉ូដែល Han DM-i PHEV ត្រូវបានគេទម្លាយលម្អិតទាក់ទងនឹងគុណសម្បត្តិរបស់រថយន្តស៊េរីថ្មីមួយនេះ។
បើតាមប្រភពព័ត៌មានថ្មីនេះ បានបញ្ជាក់ថា BYD Han គឺនឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Hybrid ជំនាន់ថ្មីចុងក្រោយរបស់ BYD គឺ DM5.0 ជាមួយនឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបើកបរ DiSus-C suspension, និង DiPilot 300។ លោក Lu Tain ដែលជាប្រធានផ្នែកលក់ BYD Dynasty Sales Division កាលពីថ្ងៃទី 6 ខែកញ្ញា បានធ្វើការចែកចាយរូបភាពរបស់រថយន្តស៊េរីថ្មី Han DM-I 2025 រួមនឹងទម្លាយព័ត៌មានមួយចំនួនរបស់រថយន្តស៊េរីថ្មីនេះនៅលើបណ្តាញផ្សព្វផ្សាយសង្គម។
តាមរូបភាពដែលបានទម្លាយចេញមកនេះ បានបង្ហាញថា BYD Han DM-I 2025 គឺរក្សាទម្រង់រូបរាងដូចគ្នានឹងជំនាន់មុនដែរ គ្រាន់តែមានការដុសខាតបន្ថែមលើផ្នែករចនាបថថ្មីមួយចំនួនកាន់តែមានភាពប្រណិតទាន់សម័យជាងមុន។ រថយន្ត Sedan ស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងមានជម្រើសពណ៌ថ្មីជាពណ៌ប្រផេះហៅថា Weiyang gray។
រថយន្តស៊េរីថ្មីឆ្នាំ 2025 របស់ BYD មួយនេះ ក៏នឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យា Gods DiPilot 300 ដំណើរការជាមួយប្រព័ន្ធ Lidar ដែលអាចបង្ហាញថា រថយន្តស៊េរីថ្មីនេះ នឹងមានការបង្កើនទៅលើប្រព័ន្ធជំនួយការបើកបរនៅក្នុងសីតុណ្ហភាពខ្ពស់។ បន្ថែមពីនេះ វាក៏មានជំនួយការពីប្រព័ន្ធ DiScu-C Suspension ផងដែរ។ រថយន្ត PHEV Sedan ឆ្នាំ 2025 នេះ គឺមានបណ្តោយ 4,975mm/ ទទឹង 1,910mm/ កម្ពស់ 1,495mm និងគម្លាតចន្លោះកង់មុខក្រោយ 2,920mm។ BYD Han DM-I 2025 មានទំងន់ប្រមាណ 1,860kg ស្រាលជាងជំនាន់មុនប្រមាណ 10kg។
ចូលមកផ្នែកខាងក្នុងរបស់ Han DM-I 2025 គឺរក្សាការតុបតែងប្រហាក់ប្រហែលគ្នានឹងជំនាន់មុនដដែរ ដោយក្នុងនោះ ឃើញមានអេក្រង់កម្សាន្តទំហំ 15.6-inch។ រថយន្តស៊េរីថ្មីនេះបំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ស៊េរី 1.5T BYD472ZQB engine ដែលអាចផលិតកំលាំងសេះបានដល់ 115kW និងដំណើរការរួមគ្នាជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 200kW។
តាមការបញ្ជាក់ពីស្ថាប័ន NEDC ឲ្យដឹងថា BYD Han DM-I 2025 គឺមានជម្រើសបំពាក់កញ្ចប់អាគុយដែលសាកមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 75km, 112km និង 160km និងកម្រិតស៊ីសាំងរបស់ម៉ាស៊ីន 1.5T គឺប្រមាណត្រឹម 3.9L/100km។ ការលើកឡើងនេះ គឺដូចគ្នានឹងការបញ្ជាក់របស់លោក Lu Tian ថ្មីៗនេះស្តីពីកម្រិតស៊ីសាំងរបស់ម៉ាស៊ីនរបស់ Han DM-I 2025 គឺ 1.9L/100km។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងកាលបរិច្ឆេទប្រកាសចេញរបស់ BYD Han DM-I 2025 មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការរបញ្ជាក់នៅឡើយទេក្នុងពេលនេះ៕