ក្រុមហ៊ុន BYD ឬ Build Your Dream គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានសន្ទុះទីផ្សារខ្លាំងបំផុតនៅក្នុងពិភពលោក ដោយបច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិននេះ គឺក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីជួរមុខគេនៅលើពិភពលោក។ ហើយថ្មីៗនេះ BYD បានប្រកាសថា ខ្លួននឹងធ្វើការប្រកាសចេញលក់រថយន្តប្រភេទ Plug-in-hybrid ដំបូងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសអូស្រ្តាលីនៅខែក្រោយនេះ (តុលា) ដើម្បីធ្វើការប្រកូតប្រជែងទីផ្សារជាមួយម៉ាករថយន្តល្បីៗដែលលក់ដាច់បំផុតដូចជា Toyota Hilux និង Ford Ranger ជាដើម។
រថយន្តដែល BYD ត្រៀមធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសអូស្រ្តាលីខែក្រោយនេះ គឺជាម៉ូដែល BYD Shark 6 ដែលជារថយន្ត Pickup Plug-in-hybrid (PHEV)។ រថយន្ត PHEV Pickup មួយនេះ នឹងបង្ហាញវត្តមាន ហើយនិងបើកទទួលការបញ្ជាទិញមុនបានចាប់ពីថ្ងៃទី 29 ខែតុលា ឆ្នាំ 2024។
បើតាមការលើកឡើងពី BYD និងក្រុមហ៊ុនចែកចាយបន្តក្នុងស្រុក EV Direct ឲ្យដឹងថា BYD Sharp 6 ute នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីនៃភាពច្នៃប្រឌិតសម្រាប់ឧស្សាហកម្មរថយន្តនៅក្នុងប្រទេស។ តាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា BYD Shark 6 ute នឹងមានតម្លៃចាប់ពីខ្ទង់ $70,000។ BYD Shark 6 ute បំពាក់នូវប្រព័ន្ធមុខងារ dual-mode off-road (DM-O) technology សម្រាប់សម្រួលដល់ការបើកបរនៅលើផ្លូវលំបាកៗ។
រថយន្ត Pickup PHEV របស់ BYD មួយនេះ បំពាក់កញ្ចប់អាគុយប្រភេទ Blade battery ទំហំ 29.58kWh ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 100km នៅពេលសាកភ្លើងពេញម្តង។ BYD Shark 6 ute ក៏គាំទ្រនូវមុខងារ Vehicle to load (V2L) ដែលអាចធ្វើការសាកភ្លើងទៅកាន់ឧករណ៍អេឡិចត្រូនិចផ្សេងទៀតបាននៅពេលដែលចាំបាច់ថែមទៀតផង។ រថយន្តមួយនេះបំពាក់នូវប្រព័ន្ធម៉ូទ័រពីរនៅលើភ្លៅមុខ និងភ្លៅកង់ក្រោយ។
ម៉ូទ័រខាងមុខមានកំលាំង 170kW និងកំលាំងរមូល 310Nm ខណៈម៉ូទ័រក្រោយមានកំលាំង 150kW និងកំលាំងរមូល 340Nm។ សម្រាប់អនុភាពក្នុងការបើកបររបស់ BYD Shark 6 គឺអាចធ្វើបានដល់កំលាំងសរុប 320kW និងអាចបើកបរបានចម្ងាយផ្លូវដល់ 800km។ សម្រាប់កញ្ចប់អាគុយទំហំ 29.58kWh របស់ BYD Shark 6 អាចធ្វើការសាកបញ្ចូលភ្លើងតាមរយះម៉ាស៊ីនសាំងទំហំ 1.5-liter turbocharged មាន 4 ស៊ីឡាំង។
សម្រាប់សមត្ថភាពក្នុងការអូសសណ្តោងទំងន់វិញ BYD Shark 6 ត្រូវបានគេដឹងថា អាចសណ្តោងបានទំងន់ប្រមាណ 2.5 តោន បើធៀបនឹង Ford Ranger PHEV ដែលមានសមត្ថភាពអាចអូសទំងន់បានដល់ 3.5 តោន ប៉ុន្តែ Ranger PHEV អាចបើកបរដោយប្រើថាមពលអាគុយអគ្គិសនីសុទ្ធបានត្រឹមចម្ងាយ 45km តែប៉ុណ្ណោះ។
BYD Shark 6 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់សម្រាប់ទីផ្សារសកលកាលពីខែឧសភា កន្លងទៅ ហើយត្រូវបានចាប់ផ្តើមធ្វើតេស្តសម្រាប់ទីផ្សារអូស្រ្តាលីដំណាលគ្នាជាមួយនឹងម៉ូដែល BYD Sealion 7 Electric SUV។ ហើយសម្រាប់លក្ខណៈសម្បត្តិទូទៅរបស់ BYD Shark 6 ute ដែលត្រូវចេញលក់នៅទីផ្សារអូស្ត្រាលី គឺនឹងត្រូវបង្ហាញនៅក្រោយតុលាខាងមុខនេះហើយ៕