កាលពីប៉ុន្មានខែមុនរូបភាពផ្លូវការណ៍របស់រថយន្ត Ford Territory 2025 ត្រូវបានគេទម្លាយចេញនៅលើប្រព័ន្ធអនឡាញ។ ដោយ ឡែកនៅពេលនេះក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកដ៏មានសក្តានុពលក្នុងពិភពរថយន្តមួយនេះ បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍របស់ Ford Territory 2025។ក្រុមហ៊ុន Ford បានធ្វើការប្រកាសចេញនូវរថយន្ត Territory ស៊េរីថ្មីនៅប្រទេសចិន ដែលមានការបង្កើននៅប្រសិទ្ធិភាព និងសមត្ថភាពកាន់តែប្រសើរជាងមុន។
រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2025 សម្រាប់ទីផ្សារសហរដ្ឋអាមេរិកត្រូវបានក្រុមហ៊ុនហៅថា Equator Sport ចំនែកនៅទីផ្សារប្រទេសចិនក្រុមហ៊ុនហៅថា All-new model។ ទោះជាយ៉ាងណាសម្រាប់រូបភាពដែលបានបង្ហាញនេះ ហាក់បីដូចជាម៉ូដែល Heavily facelifted Version ចេញពីម៉ូដែល Ford Territory បច្ចុប្បន្ន។
បើតាមរូបភាពគំរូផ្លូវការណ៍ដែលបានបង្ហាញមកនេះ ឃើញថា Ford Territory 2025 គឺការរចនាផ្នែកខាងមុខរាងអក្សរ C ឬ C-Shaped ខណៈផ្ទាំងសំណាញ Grille ត្រូវបានរចនាស្តើង និងមានទំហំតូចជាងមុន។ ប៉ុន្តែ រូបរាងខាងក្រៅ គឺរក្សាទម្រង់ដូចម៉ូដែលបច្ចុប្បន្នដដែល។ ចំនែកយ៉ាន់កង់ត្រូវបានធ្វើការរចនាឡើងថ្មីស្អាតប្លែកពីជំនាន់។ ដោយឡែកសម្រាប់ការរចនាផ្នែកខាងក្នុងរបស់ Ford Territory 2025 ហាក់រក្សាដូចជំនាន់បច្ចុប្បនដដែល។
សម្រាប់ Ford Territory 2025 ត្រូវបានគេដឹងថា គឺមានជម្រើសម៉ូដែល Plug-in-hybrid ដែលមានបំពាក់ម៉ាស៊ីនទំហំ 1.5-liter និងម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកំលាំងសរុបបានដល់ 218 សេះ។ ដោយឡែកសម្រាប់ទំហំកញ្ចប់់ថ្មអគ្គិសនីមិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេ។
បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តប្រភេទ Crossover របស់អាមេរិកមួយនេះ នៅតែរក្សាការបំពាក់នៅម៉ាស៊ីន 1.5-liter turbo ដូចម៉ូដែលបច្ចុប្បន្នដដែល គ្រាន់តែមានការបង្កើនកំលាំងសេះ និងកំលាំងរមូលខ្លាំងជាងមុន គឺបង្កើនពី 158 សេះ និងកំលាំងរមូល 248Nm កើនដល់ 168 សេះ និងកំលាំងរមូល 265Nm។ យ៉ាងណាមិញសម្រាប់តម្លៃ និងកាលបរិច្ឆេទប្រកាសចេញលក់ផ្លូវការណ៍របស់ Ford Territory 2025 មិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេ៕