no-alternative title
no-alternative title
no-alternative title
no-alternative title

BYD ចង់បង្កើនការលក់រថយន្តអគ្គិសនីរបស់ខ្លួននៅប្រទេសម៉ិកស៊ិកឲ្យបាន 10 ម៉ឺនគ្រឿងនាឆ្នាំក្រោយនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD បាននឹងកំពុងរៀបចំផែនការក្នុងការបង្កើនការលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារអាមេរិកខាងជើង។ ដោយនៅឆ្នាំក្រោយនេះ BYD ចង់បង្កើនការលក់រថយន្តអគ្គិសនីរបស់ខ្លួនឲ្យដល់ 10 ម៉ឺនគ្រឿងនៅក្នុងទីផ្សារប្រទេសម៉ិកស៊ិក។ ជាមួយគ្នានេះ BYD ក៏មានគម្រោងក្នុងការសាងសងរោងចក្រផលិតដំបូងរបស់ខ្លួននៅក្នុងប្រទេសនេះនៅចុងឆ្នាំ 2024 នេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីបានគ្រប់គ្រងទីផ្សារក្នុងស្រុករបស់ខ្លួន BYD កំពុងសម្លឹងមើលទៅការពង្រឹងទីផ្សាររបស់ខ្លួនកាន់តែខ្លាំងនៅក្រៅប្រទេសដើម្បីជំរុញកំណើនការលក់រថយន្តរបស់ខ្លួន។ BYD បានបើកដំណើរការរោងចក្រដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃកាលពីខែមិថុនា ហើយគ្រោងនឹងបើកដំណើរការរោងចក្រជាច្រើនទៀតដូចជានៅប្រទេសប៉ាគីស្ថាន តួកគី ប្រេស៊ីល និងហុងគ្រី ជាដើម។

 

មានព័ត៌មានចចាមអារ៉ាមបានកាលពីឆ្នាំមុនថា BYD កំពុងពិចារណាក្នុងការសាងសងរោងចក្រដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិក។ អគ្គនាយកក្រុមហ៊ុន BYD ប្រចាំនៅប្រទេសម៉ិកស៊ិក លោក Jorge Vallejo កាលពីពេលថ្មីៗនេះបានបញ្ជាក់ពីផែនការនេះផងដែរ ដោយលោកបានមានប្រសាសន៍ថា រោងចក្រថ្មីដំបូងនៅប្រទេសម៉ិកស៊ិកនឹងបង្កើតការងារដល់ប្រជាជនក្នុងតំបន់ប្រហែល 10,000 នាក់។

 

រោងចក្ររបស់ BYD ដែលគ្រោងសាងសងនៅប្រទេសម៉ិកស៊ិកនឹងក្លាយជារោងចក្រផលិតរថយន្តដ៏ធំបំផុតមួយនៅក្នុងតំបន់ ដែលទំនងជានឹងធំប្រហាក់ប្រហែលនឹងរោងចក្រ Audi Puebla របស់សម្ព័ន្ធក្រុមហ៊ុន Volkswagen ផងដែរ។ បើយោងតាមលោក Vallejo ក្រុមហ៊ុន BYD មានបំណងលក់រថយន្តអគ្គិសនីចំនួន 100,000 គ្រឿងក្នុងប្រទេសម៉ិកស៊ិកនៅឆ្នាំក្រោយ (2025) ខណៈដែលក្រុមហ៊ុនចិននេះបាននឹងកំពុងធ្វើការពង្រីកវត្តមានស្លាកយីហោរបស់ខ្លួននៅអាមេរិកខាងជើង។

 

ជាមួយនឹងផែនការលក់រថយន្តអគ្គិសនីចំនួន 50,000 គ្រឿង នៅឆ្នាំ 2024 ក្រុមហ៊ុន BYD រំពឹងថា ការលក់នឹងកើនឡើងទ្វេដងនៅឆ្នាំក្រោយនេះ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Monterrey លោក Vallejo បាននិយាយថា BYD នឹងប្រកាសបើកដំណើរការសាងសងរោងចក្រដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិកនៅចុងឆ្នាំ 2024 នេះ។

 

រោងចក្រថ្មីនេះគ្រោងនឹងផលិតរថយន្តចំនួន 150,000 គ្រឿងក្នុងដំណាក់កាលទី 1 របស់ខ្លួន ដោយពង្រីកដល់ 300,000 គ្រឿងក្នុងដំណាក់កាលទីពីរ។ បន្ទាប់ពីចាប់ផ្តើមការលក់កាលពីខែមិថុនាឆ្នាំមុន BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 6 ស៊េរីរួចហើយនៅក្នុងប្រទេសម៉ិកស៊ិក ក្នុងនោះរួមមានម៉ូដែល BYD Dolphin mini ឬនៅចិនហៅថា  BYD Seagull, BYD Seal និង Yuan Plus ជាដើម។

 

ទន្ទឹងនឹងនេះ BYD ក៏មានគម្រោងក្នុងការនាំយករថយន្តប្រភេទ Hybrid ចំនួន 4 ម៉ូដែលផ្សេងទៀតចូលទៅកាន់ទីផ្សាររបស់ម៉ិកស៊ិកផងដែរ។ នៅក្នុងខែឧសភា BYD បានចាប់ផ្តើមបង្ហាញរថយន្តភីកអាប់ដំបូងរបស់ខ្លួនគឺ ម៉ូដែល BYD Shark PHEV នៅក្នុងប្រទេសម៉ិកស៊ិក។ BYD shark នឹងប្រកួតប្រជែងជាមួយនឹងរថយន្តPick up ដែលលក់ដាច់បំផុតនៅក្នុងតំបន់ដូចជា Ford Ranger និង Toyota Hilux ដែលមានតម្លៃចាប់ពី 53,400 ដុល្លារអាមេរិក។

នាយកប្រតិបត្តិ BYD ប្រចាំទីផ្សារ North America លោក Stella Li បាននិយាយថា ក្រុមហ៊ុនលោកមិនមានគម្រោងក្នុងការលក់រថយន្តដឹកអ្នកដំណើរនៅទីផ្សារសហរដ្ឋអាមេរិកទេ។ បន្ទាប់ពីការលក់រថយន្តបានជាង 400,000 គ្រឿងក្នុងខែកញ្ញា BYD បានឈរនៅលើកំពូលតារាងនៃការលក់ប្រចាំខែរបស់ខ្លួនសម្រាប់រយះពេល 4 ខែជាប់ៗគ្នា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍