Toyota RAV4 គឺជារថយន្តដែលលក់ដាច់បំផុតមួយនេះក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ រថយន្តប្រភេទ Compact Crossover SUV កៅអីពីរជួររបស់ជប៉ុនមួយនេះមានលក្ខណៈពិសេសដូចជាមានទំហំធំទូលាយល្អមានការសន្សំសំចៃសាំងបានល្អ និងមានផាសុខភាពសម្រាប់ការបើកបរ។ ដោយឡែកនៅពេលនេះ ក៏មានការទម្លាយចេញនូវរូបគំរូរបស់ RAV4 ជំនាន់ថ្មីម៉ូដែលឆ្នាំ 2026 ជាមួយការរចនារូបរាងឡើងថ្មីកាន់តែមានភាពប្រណិតខ្លាំងទាក់ភ្នែក។
រថយន្ត Toyota RAV4 ស៊េរីថ្មីឆ្នាំ 2026 ត្រូវបានគេដឹងថា នឹងធ្វើការផលិតឡើងតាមដំណើរការស្តង់ដារផលិតដោយប្រើគ្រោងឆ្អឹងប្រភេទថ្មី TNGA។ មិនខុសពីគ្រួសារ Camry ជំនាន់ថ្មីនោះទេ ដោយ RAV4 2026 នឹងធ្វើការប្រាស់ប្តូរពីការប្រើប្រាស់ម៉ាស៊ីនសាំងសុទ្ធមកប្រើនូវម៉ាស៊ីន Hybrid ជំនួសវិញ។ Toyota RAV4 2026 នឹងដំណើរការដោយប្រព័ន្ធ all-wheel-drive ជាមួយនឹងការភ្ជាប់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយនៅលើភ្លៅខាងក្រោយ ប៉ុន្តែមិនមានការភ្ជាប់នូវប្រព័ន្ធមេកានិចទៅកាន់ផ្នែកផ្សេងទៀតនៃប្រព័ន្ធ Drivetrain នោះទេ។
RAV4 2026 នឹងមានជម្រើសម៉ូដែលបំពាក់នូវស្លាក Hybrid ដែលដំណើរការដោយប្រព័ន្ធ front-wheel-drive និង Prime-plug-in hybrid ដែលដំណើរការដោយប្រព័ន្ធបើកបរ all-wheel-drive។ មានការំពឹងថា TOYOTA អាចនឹងទម្លាក់ចូលម៉ាស៊ីនចំហេះក្នុងទាំងអស់សម្រាប់រថយន្ត RAV4 2026 ដោយនឹងប្រើនូវម៉ាស៊ីន Hybrid ទាំងអស់ជំនួសវិញ។
តាមការបញ្ជាក់ពីស្ថាប័ន EPA ឲ្យដឹងថា សម្រាប់ RAV4 2026 Prime នឹងបំពាក់កញ្ចប់អាគុយអគ្គិសនីដែលអាចកាន់ថាមពលបើកបរដោយប្រើអាគុយសុទ្ធបានដល់ 42 ម៉ាយល៍ ហើយ Toyota ក៏នឹងធ្វើការ Upgrade បច្ចេកវិទ្យាសាកភ្លើងកំលាំង 6.6kW on board ឡើងដល់ 7.2kW ផងដែរ។ RAV4 2026 ក៏នឹងមានការរៀបចំតុបតែងលម្អផ្នែកខាងក្នុងថ្មីដែលដូចគ្នានឹងម៉ូដែល Camry ជំនាន់ថ្មីដែរ ដោយក្នុងនោះមាននៅអេក្រង់កម្សាន្តធំនៅកណ្តាល Dashboard ក៏ដូចជាអេក្រង់បង្ហាញព័ត៌មាន Digital Instrument cluster។
ចំនែករចនាបថខាងក្រៅក៏នឹងមានការផ្លាស់ប្តូរថ្មីកាន់តែមានភាពប្រណិតទំនើបទាន់សម័យជាងមុនផងដែរ។ ហើយសម្រាប់តម្លៃវិញត្រូវបានគេប៉ាន់ប្រមាណជាបឋមថា អាចនឹងមានតម្លៃខ្ទង់ចាប់ពី $29,000 ឡើងទៅនៅទីផ្សារអាមេរិកខាងជើង ហើយការចេញលក់ផ្លូវការណ៍ទំនងជានឹងធ្វើឡើងនៅដើមឆ្នាំ 2026៕