ក្រុមហ៊ុនផលិតរបស់បារាំង Peugeot បានធ្វើការបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីចុងក្រោយរបស់ខ្លួនចំនួនពីរម៉ូដែលដើម្បីពង្រឹង និងពង្រីកទីផ្សាររថយន្តអគ្គិសនីថ្មីរបស់ខ្លួន។ រថយន្តអគ្គិសនីស៊េរីថ្មីទាំងពីរម៉ូដែលនោះ គឺជា Peugeot e-3008 និង e-5008 Long Range Model។
រថយន្តអគ្គិសនី SUV របស់បារាំងទាំងពីរស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់កញ្ចប់អាគុយអគ្គិសនីធំជាងមុនដែលមានសមត្ថភាពកាន់ថាមពលក្នុងការបើកបរបានចម្ងាយផ្លូវ 700km និង 668km រៀងគ្នាទៅតាមជម្រើសម៉ូដែល ដែលធ្វើឲ្យរថយន្តស៊េរីថ្មីទាំងពីរម៉ូដែលនេះក្លាយជារថយន្តអគ្គិសនីដែលបើកបរបានចម្ងាយឆ្ងាយដំបូងគេរបស់ក្រុមហ៊ុន។
Peugeot e-3008 និង e-5008 Long Range Model បានបំពាក់នូវកញ្ចប់អាគុយអគ្គិសនីដែលផលិតឡើងដោយក្រុមហ៊ុនផលិតក្នុងប្រទេសបារាំងដោយប្រើស្លាក់ថា “Made in France”។ ហើយបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានបញ្ជាក់ថាកញ្ចប់អាគុយថ្មីដែលបំពាក់នៅលើ Peugeot e-3008 និង e-5008 គឺមិនត្រឹមតែផ្តល់នូវអនុភាពក្នុងការបើកបរប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយការបំពុលបរិយាកាសបានយ៉ាងល្អប្រសើរថែមទៀតផង។
Peugeot e-3008 និង e-5008 បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាម៉ូទ័រអគ្គិសនីថ្មីចុងក្រោយដែលមានកំលាំង 230 សេះ ឬ 170kW ធៀបនឹងម៉ូដែលមុនដែលប្រើម៉ូទ័រអគ្គិសនីកំលាំង 210 សេះ ឬ 157kW។ ជាងនេះទៅទៀត Peugeot បានបង្ហាញនូវប្រព័ន្ធជំនួយបន្ថែមថាមពលថ្មថ្មី “battery pre-conditioning system” ដែលជួយសម្រួលពេលវេលាក្នុងការសាកថ្មក្នុងការធ្វើដំណើរឆ្ងាយថែមទៀតផង។
សម្រាប់ម៉ូដែល Peugeot e-3008 Long Range បំពាក់នូវថាមពលថ្មទំហំ 96.9kWh និងគាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿន DC Charging system កំលាំង 160kW ដែលផ្តល់នូវអនុភាពក្នុងការសាកបញ្ចូលថាមពលថ្មពី 20% ទៅ 80% ប្រើពេលប្រមាណ 27 នាទីប៉ុណ្ណោះ ឬក៏សាកត្រឹម 10 នាទី អាចកាន់ក្នុងការបើកបរបានចម្ងាយផ្លូវដល់ 150 គីឡូម៉ែត្រ។
ចំនែកម៉ូដែល Peugeot e-5008 Long Range វិញ ជារថយន្ត Full-sized SUV ដែលអាចដាក់អ្នកដំណើរបាន 7 នាក់ និងអាចបើកបានចម្ងាយផ្លូវ 668km នៅពេលសាកថាមពលអាគុយពេញម្តង។ ម៉ូដែលនេះ គឺជាជម្រើសដ៏ល្អសម្រាប់គ្រួសារដែលមានសមាជិកច្រើន។ ចំពោះបច្ចេកវិទ្យាសាកភ្លើងចូលវិញ គឺដូចគ្នានឹងម៉ូដែល e-3008 ដែរ។ Peugeot e-3008 និង e-5008 Long Range មកជាមួយការធានារយៈពេលប្រើប្រាស់ដល់ទៅ 8 ឆ្នាំ ឬ160,000kmស្របតាមកម្មវិធី Peugeot Allure Care។
សម្រាប់តម្លៃវិញ ម៉ូដែល Peugeot e-3008 កំលាំង 210 សេះ ដំណើរការដោយប្រព័ន្ធ FWD មានតម្លៃចាប់ពីខ្ទង់ជាង €48,000 (អឺរ៉ូ)ខណៈពេលដែល e-5008 មានតម្លៃចាប់ពីខ្ទង់ €50,160 (អឺរ៉ូ)ឡើងទៅ៕