ក្រុមហ៊ុន Xiaomi បានបង្កើនការចាប់អារម្មណ៍កាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីជាមួយនឹងការបង្ហាញចេញគំរូរថយន្តអគ្គិសនីថ្មីម៉ូដែល SU7 Ultra ដែលជាប្រភេទរថយន្ត Supercar របស់ខ្លួន។ កាលពីពេលថ្មីៗនេះ គំរូ SU7 Ultra Supercar ត្រូវបានបង្ហាញចេញពីតំបន់ Nürburgring Nordschleife ដែលជាផ្លូវដ៏លំបាក និងមានភាពល្បីល្បាញដែលតែងតែប្រើសម្រាប់ការសាកល្បងយានយន្តដែលមានសមត្ថភាពខ្ពស់។ សម្រាប់គំរូដើមនៃ SU7 Ultra Supercar នឹងសាកល្បងជាផ្លូវការនូវតំបន់ Nürburgring ម្តងទៀតនៅក្នុងខែតុលាឆ្នាំនេះ។
យោងតាមរបាយការណ៍ Xiaomi គ្រោងនឹងបញ្ចេញកំណែផលិតដំបូងរបស់ SU7 Ultra នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025។ ទោះជាយ៉ាងណាសម្រាប់ការចេញលក់អាចនឹងត្រូវពន្យាពេលបន្ថែមទៀត នេះបើតាមបង្ហាញឲ្យឃើញនៅក្នុងកម្មវិធី Xiaomi Auto App។ ទោះជាយ៉ាងណាមានប្រភពមួយចំនួនបានបង្ហើបថា SU7 Ultra អាចនឹងត្រូវធ្វើការកំណត់រចនាបថជាថ្មីឡើងវិញពីរថយន្ត Sedan ទៅជារថយន្ត SUV ដែលនឹងបច្ចេកវិជ្ជាទំនើបទាន់សម័យ និងសមត្ថភាពពិសេស។
តាមការបង្ហើបពី Xiaomi នឹងមានតួរស្រោបជាមួយនឹងតួកាបោនពេញលេញ ដែលនឹងធ្វើឲ្យរថយន្តនេះមានទម្ងន់ស្រាលបំផុតត្រឹមតែ 1,900 គីឡូក្រាមប៉ុណ្ណោះ ដែលទម្ងន់ស្រាលដូចនេះអាចជួយឲ្យការបង្កើនល្បឿនរថយន្តបានលឿនឈានដល់ល្បឿនកំពូលរបស់វា។
បើតាមរបាយការណ៍ជាច្រើនបាននិយាយថា Xiaomi SU7 Ultra នឹងបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីដ៏មានអនុភាពនឹងដំណើរការដោយប្រព័ន្ធ 4WD ដែលអាចផលិតកំលាំងបាន 1,548 សេះ ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 1.97 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត (top speed) ដល់ 350km/h ជាមួយប្រព័ន្ធហ្វ្រាំងឆ្លាតវៃដែលអាចបញ្ឈប់រថយន្តត្រឹម 25 ម៉ែត្រ ពីល្បឿន 100km/h។
ក្រុមហ៊ុន Xiaomi បានកំណត់ពេលសម្រាប់ព្រឹត្តិការណ៍ក្នុងការបើកសម្ពោធផលិតផលដ៏សំខាន់មួយសម្រាប់ចុងខែតុលានេះ ដែលផលិតផលនោះគឺជា Xiaomi 15 series និង Xiaomi Pad 7 series រួមជាមួយនឹងផលិតផលដែលរំពឹងទុកផ្សេងទៀត។
ហើយក្នុងព្រឹត្តិការណ៍ថ្ងៃនោះ Xiaomi ត្រូវបានគេដឹងថាក៏អាចស្រាយបំភ្លឺអំពីការប្រកាសចេញរថយន្តម៉ូដែលថ្មី SU7 Ultra ក៏ដូចជាផែនការក្នុងការបង្ហាញផ្លូវរបស់ Xiaomi EV កាន់តែទូលំទូលាយផងដែរ។ រថយន្តអគ្គិសនីរបស់ Xiaomi គឺម៉ូដែល SU7 សម្រេចបានការលក់ដ៏គួរឱ្យចាប់អារម្មណ៍ចំនួនប្រហែល 16,000 គ្រឿងក្នុងខែកញ្ញា ដែលជារយៈពេលបួនខែជាប់គ្នានៃការលក់លើសពី 10,000 គ្រឿង។
Xiaomi មានគម្រោងក្នុងការជម្រុញការលក់ឲ្យឈានដល់គោលដៅចំនួន 20,000 គ្រឿងក្នុងខែតុលា បានធ្វើឱ្យប្រសើរនូវខ្សែផលិតកម្មជាមួយឧបរកណ៍បំពាក់ដោយបច្ចេកវិទ្យា AI និងការផលិតឆ្លាតវៃដើម្បីបង្កើនប្រសិទ្ធភាពសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួនឲ្យទាន់តម្រូវការទីផ្សារ៕