Xiaomi ទើបតែឈានដល់ដំណាក់កាលដ៏សំខាន់មួយជាមួយនឹងផ្នែករថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល Xiaomi SU7។ ដោយថ្មីៗនេះក្រុមហ៊ុនបានប្រកាសថា រថយន្តគ្រឿងទី 100,000 ត្រូវបានបិទខ្សែសង្វាក់ដំឡើងនៅក្នុងរោងចក្រនាទីក្រុងប៉េកាំង។ ដែលវាមានរយះពេលត្រឹមតែ 230 ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី SU7 ត្រូវបានក្រុមហ៊ុនបានដាក់លក់ជាផ្លូវការក្នុងខែមីនា។
SU7 គឺជាការឈានជើងចូលទីផ្សាររថយន្តអគ្គិសនីដំបូងរបស់ Xiaomi ហើយឥឡូវនេះវាបានក្លាយជាគូប្រកួតប្រជែងទីផ្សារយ៉ាងស្វិតស្វាញជាមួយនឹង Tesla Model 3។ សម្រាប់គ្រួសាររថយន្តអគ្គិសនីដំបូងរបស់ Xiaomi មានបីម៉ូដែល ក្នុងនោះមានដូចជា ម៉ូដែលស្តង់ដារ SU7, SU7 Pro និង SU7 Max។ ដោយម៉ូដែល SU7 ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់ជាមួយតម្លៃចាប់ពីក្រោម 3 ម៉ឺនដុល្លារ ដែលធ្វើឱ្យរថយន្តអគ្គិសនីមួយនេះក្លាយជាជម្រើសដែលមានតម្លៃសមរម្យជាងគេ បើធៀបទៅនឹងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិក Tesla។
នៅក្នុងខែតុលា Xiaomi ក៏បានធ្វើការប្រកាសចេញម៉ូដែលថ្មីមួយទៀតដែលមានឈ្មោះថា SU7 Ultra ដែលជាម៉ូដែលកំពូល មានការរចនាបែបរថយន្តប្រណាំងហើយមានតម្លៃជាង 11 ម៉ឺនដុល្លារអាមេរិក។ Xiaomi បានដាក់គោលដៅក្នុងការចែកចាយរថយន្ត SU7 របស់ខ្លួនសរុបដល់ចំនួន 10 ម៉ឺនគ្រឿងនៅមុនដំណាច់ឆ្នាំនេះ។ ប៉ុន្តែ ក្រោយទៀត ដោយឃើញពីសន្ទុះក្នុងការគាំទ្រខ្លាំងមកលើ SU7 ពីសំណាក់អតិថិជន Xiaomi ក៏បានផ្លាស់ប្តូរគម្រោងក្នុងការចែកចាយចំនួន 10 ម៉ឺនគ្រឿងត្រឹមចុងខែវិច្ឆិកានេះ និងដាក់គោលដៅថ្មីក្នុងការចែកចាយបានដល់ 12 ម៉ឺនគ្រឿងនៅចុងឆ្នាំ 2024។
ទោះជាយ៉ាងណា Xiaomi មិនបានបង្ហាញពីចំនួនក្នុងការចែកចាយប្រចាំខែពិតសម្រាប់ SU7 នោះទេ ប៉ុន្តែ បើតាមការរបាយការណ៍ការចែកចាយនាពេលកន្លងមកបង្ហាញថាការនាំចេញគឺបានចំនួនលើសពី 10,000 គ្រឿងចាប់ពីខែកក្កដាដល់ខែកញ្ញា និងបានកើនឡើងដល់ជាង 20,000 គ្រឿងក្នុងខែតុលា។ សម្រាប់សង្វាក់ផលិតរបស់ SU7 ត្រូវបានធ្វើឡើងនៅរោងចក្ររបស់ Xiaomi ផ្ទាល់ដែលស្ថិតនៅក្នុងទីក្រុងប៉េកាំង។ ដោយនៅដំណាក់កាលទី 1 រោងចក្រនេះមានសមត្ថភាពអាចផលិតបានចំនួន 150,000 គ្រឿង ហើយនៅដំណាក់កាលទីពីរបាននឹងកំពុងដំណើរការផលិត។
Xiaomi បាននឹងកំពុងជំរុញការផលិតប្រចាំខែរបស់ខ្លួនឲ្យបានដល់ 24,000 គ្រឿង។ ភាពជោគជ័យរបស់ SU7 គឺជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Xiaomi ដែលបានបង្ហាញពីភាពលេចធ្លោសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីជាសកល៕