no-alternative title
no-alternative title
no-alternative title
no-alternative title

BYD បានប្រារព្ធព្រឹត្តិការណ៍អបអរសាទរការផលិតរថយន្តទី 10 លានគ្រឿងរបស់ខ្លួន និងខួបលើកទី 30 ដែលនឹងមកដល់នាពេលខាងមុខ

នៅថ្ងៃទី 18 ខែវិច្ឆិកានេះ ក្រុមហ៊ុន BYD បានរៀបចំព្រឹត្តិការណ៍ពិសេសមួយដើម្បីអបអរសាទរការផលិតរថយន្តអគ្គិសនីថ្មី (NEV)ទី 10 លានគ្រឿងរបស់ខ្លួន ក៏ដូចជាការអបអរ ខួបលើកទី 30 ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះផងដែរ។ ក្នុងព្រឹត្តិការណ៍ថ្ងៃនេះ ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ BYD លោក Wang Chuanfu បានធ្វើការឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុននៅក្នុងរយៈពេល 3 ទសវត្សរ៍កន្លងមកនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្តទី 10 លានគ្រឿងដែលផលិតបាន គឺជាម៉ូដែល Denza Z9 ដែលទើបនឹងចេញពីសង្វាក់ផលិតកម្មថ្មីៗនេះ។ ហើយម្ចាស់រថយន្តទី 10 លានគ្រឿងនេះ គឺលោក Feng Ji ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតហ្គេម Game Science ដែលជាក្រុមហ៊ុនផលិតហ្គេមដ៏ល្បី "Black Myth: Wukong"។ 

 

កាលពីដើមឆ្នាំនេះ BYD បានចូលជាដៃគូជាមួយក្រុមហ៊ុន Game Science ដើម្បីក្លាយជាដៃគូម៉ាកយីហោរថយន្តផ្តាច់មុខសម្រាប់ហ្គេមមួយនេះ។ BYD ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ 1995 នៅទីក្រុង Shenzhen ដែលមានបុគ្គលិកត្រឹមតែ 20 នាក់ប៉ុណ្ណោះ ជាមួយនឹងដើមទុនសម្រាប់ចាប់ផ្តើមអាជីវកម្មចំនួន 2.5 លានយន់ ឬប្រហែល 345,000 ដុល្លារអាមេរិក។ បច្ចុប្បន្ន BYD បានក្លាយជាក្រុមហ៊ុនផលិតអគ្គិសនី (NEVs) ដ៏ធំបំផុតរបស់ពិភពលោក ដែលមានបុគ្គលិកជាង 900,000 នាក់នៅទូទាំងពិភពលោក។

ក្នុងឆ្នាំ 2003, BYD បានចូលប្រឡូកក្នុងឧស្សាហកម្មរថយន្តដោយទិញយកក្រុមហ៊ុន Xi'an Qinchuan Automobile ដែលដំបូងឡើយផ្តោតលើរថយន្តដែលប្រើម៉ាស៊ីនចំហេះក្នុង (ICE)។ មកដល់ឆ្នាំ 2004, BYD បានផលិតរថយន្តដំបូងរបស់ខ្លួនដែលមានឈ្មោះថា 316 ប៉ុន្តែត្រូវបបោះបង់ចោលវិញ ដោយសារតែមានតម្រូវការទាប។ ហើយរថយន្តផលិតដោយ BYD ផ្ទាល់ដំបូងបង្អស់ គឺម៉ូដែល BYD F3 ដែលបានប្រកាសចេញក្នុងឆ្នាំ 2005 ដោយទទួលបានការ ចាប់អារម្មណ៍ខ្លាំង ហើយបានក្លាយជារថយន្តគំរូរបស់ចិនដំបូងគេដែលលក់បានជាង 10,000 គ្រឿងក្នុងមួយខែ។

 

ដំបូងឡើយ BYD បានដោយផ្តោតតែទៅលើការផលិតថ្មដែលអាចសាកបាន និងបានក្លាយជាក្រុមហ៊ុនផលិតថ្មសាកធំជាងគេទីពីររបស់ពិភពលោកនៅក្នុងឆ្នាំ 1998។ BYD ក៏បានក្លាយជាអ្នកផ្គត់ផ្គង់ថ្មដ៏សំខាន់សម្រាប់ Motorola និង Nokia ក្នុងឆ្នាំ 2000 ដែលជំរុញទាំងប្រាក់ចំណូល និងកេរ្តិ៍ឈ្មោះរបស់ BYD កាន់តែមានភាពល្បីរន្ទឺនៅទូទាំងពិភពលោក។ BYD បានបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល F3e ក្នុងឆ្នាំ 2008 ហើយក៏ជាឆ្នាំដែល BYD ចូលប្រឡូកក្នុងទីផ្សាររថយន្ត NEV ជាផ្លូវការ។ ក្នុងឆ្នាំ 2020, BYD បានធ្វើការប្រកាសចេញកញ្ចប់ថ្មរថយន្តថ្មីឈ្មោះ Blade Battery របស់ខ្លួន ដោយសម្រេចបាននូវរបកគំហើញផ្នែកសុវត្ថិភាព រយះចម្ងាយបើកបរ និងល្បឿនសាកដ៏លឿន។ 

 

ក្រោមមក BYD ក៏បានប្រកាសចេញនូវប្រព័ន្ធ DM Platform ដែលជាប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រថយន្ត Plug-in-hybrid ដែលកាន់តែជួយពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនក្នុងឧស្សាហកម្មរថយន្ត NEV ថែមមួយកម្រិតទៀត។ នៅថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ2022 គឺរយះពេលប្រមាណតែបីឆ្នាំ BYD បានផលិតរថយន្តអគ្គិសនីថ្មី (NEV) បានដល់ទី  3  លានគ្រឿង ជាមួយម៉ូដែល BYD Seal។ នៅថ្ងៃទី 9 ខែសីហា ឆ្នាំ 2023, BYD បានបញ្ចេញរថយន្ត NEV ទី 5 លានគ្រឿងរបស់ខ្លួន ដែលជាការបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។

ហើយនៅខែកញ្ញាឆ្នាំ 2024, BYD បានឈានដល់ការបញ្ចេញរថយន្តទី 9 លានគ្រឿង ហើយក៏បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដំបូងគេនៅលើពិភពលោកដែលសម្រេចបាននូវបរិមាណផលិតដ៏ច្រើនក្នុងរយះពេលខ្លី។ ហើយមកទល់នឹងពេលនេះ BYD បានឈានដល់ការផលិតរថយន្តអគ្គិសនីទី 10 លានគ្រឿង និយាយទៅគឺមានរយៈពេលត្រឹមតែ 2 ខែប៉ុណ្ណោះ បន្ទាប់ពីការបញ្ចេញរថយន្តទី 9 លានគ្រឿងក្នុងខែកញ្ញា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម