កាលពីពេលថ្មីៗនេះ រថយន្ត Xiaomi SU7 ទី 100,000 គ្រឿង ត្រូវបានប្រកាសថា បានរំកឹលចេញពីសង្វាក់ផលិតកម្មជាផ្លូវការណ៍ ពីក្នុងរោងចក្រផលិតរបស់ Xiaomi នៅទីក្រុងប៉េងកាំងប្រទេសចិន។ ហើយនៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះ បានបញ្ជាក់ថា ខ្លួនបានធ្វើការនាំចេញរថយន្ត SU7 Series ទៅកាន់ដៃអតិជនបានចំនួន 100,000 គ្រឿងរួចហើយដែរ។
ជាមួយចំនួននៃការផលិត និងការនាំចេញដ៏មានសន្ទុះនេះ ក្រុមហ៊ុន Xiaomi បានធ្វើការផ្លាស់ប្តូរគម្រោង ដែលដើមឡើយកំនត់សម្រាប់ការនាំចេញឲ្យបានចំនួន 100,000 ម៉ឺនគ្រឿងក្នុងឆ្នាំ 2024 នេះ ប៉ុន្តែ នៅពេលនេះ Xiaomi បានផ្លាស់ប្តូរគម្រោងក្នុងការនាំចេញឲ្យបានយ៉ាងហោចណាស់ក៏បានចំនួន 130,000 គ្រឿងដែរនៅមុនដំណាច់ឆ្នាំនេះ។
ដោយបច្ចុប្បន្ននេះ Xiaomi បានបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនឡើងដល់ 24,000 គ្រឿងនៅក្នុងមួយខែ ដើម្បីឲ្យទាន់តម្រូវការរបស់អតិជន ដែលចំនួននេះ គឺកើនឡើងពាក់កណ្តាលពីសង្វាក់ផលិតដំណាក់កាលដំបូង។
កាលពីដើមឆ្នាំ Xiaomi បានដាក់គោលដៅក្នុងការនាំចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនចំនួន 100,000 គ្រឿង ហើយក្រោយការប្រកាសចេញលក់នាប៉ុន្មានខែមុននេះ ក្រុមហ៊ុនបានប្តូរគម្រោងក្នុងការនាំចេញឡើងដល់ 120,000 គ្រឿងក្នុងឆ្នាំ 2024 ហើយនៅពេលនេះដោយមានសន្ទុះក្នុងការគាំទ្រខ្លាំង Xiaomi ក៏បានបង្កើនចំនួននាំចេញឡើងដល់ 130,000 គ្រឿងនៅមុនដំណាច់ឆ្នាំនេះ ដោយបានបន្ថែមចំនួយឡើង 10,000 គ្រឿងបន្ថែមទៀត។
សម្រាប់ការហក់ចូលប្រឡូកក្នុងឧស្សាហកម្មរថយន្តអគ្គិសនីពីក្រុមហ៊ុន Xiaomi គឺពិតជាទទួលបានភាពជោគជ័យខ្លាំងមែនទែន ដែលផ្ទុយពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មី (New Start-up Company) មួយចំនួនទៀត ដែលប្រើពេលយូរដើម្បីសម្រេចគោលដៅក្នុងការផលិត ការលក់ ការនាំចេញរបស់ខ្លួន៕