ក្រុមហ៊ុន Samsung Electronics និង Audi បានចាប់ដៃគូសហការគ្នាក្នុងការបើកដំណើរការកម្មវិធី Samsung Vallet ធ្វើជាសោរក្នុងការភ្ជាប់បើកដំណើរការរថយន្តម៉ាក Audi មួយចំនួន ជំនួសឲ្យការប្រើប្រាស់សោររថយន្ត (Physical Key) ដែលផ្តល់នូវភាពងាយស្រួលដល់ម្ចាស់រថយន្តមិនចាំបាច់ដាក់សោរតាមខ្លួននោះទេ ដោយគ្រាន់តែមានស្មាតហ្វូន Galaxy បានហើយ។ កម្មវិធី Samsung Wallet អាចឲ្យម្ចាស់រថយន្ត Audi ធ្វើការពន្លត់ និងបញ្ឆេះម៉ាស៊ីនបានយ៉ាងណាស្រួល។
ជាមួយគ្នានេះម្ចាស់រថយន្តក៏អាចឲ្យសាច់ញាតិបងប្អូន មិត្តភក្តិជិតស្និតធ្វើការខ្ចីរថយន្តប្រើប្រាស់ដោយគ្រាន់តែធ្វើការផ្តេរ Digital Key តាមរយះ Samsung Wallet App ទៅកាន់ពួកគេ។ សម្រាប់ប្រព័ន្ធមុខងារថ្មីនេះ បានបំពេញតាមស្តង់ដារសុវត្ថិភាពកម្រិត EAL6+ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការផ្ទៀងផ្ទាត់ដោយផ្អែកទៅតាមប្រព័ន្ធចាក់សោរសុវត្ថិភាពទូរស័ព្ទដូចជា ការស្កែនក្រយ៉ៅម្រាមដៃតាមរយះប្រព័ន្ធ biometric ឬកូដ PIN ដើម្បីប្រើប្រាស់។ ក្នុងករណីម្ចាស់រថយន្តបានបាត់ទូរសព្ទ (ឬមិត្តភ័ក្តិបាត់ទូរស័ព្ទរបស់ពួកគេ) ម្ចាស់រថយន្តអាចទៅកាន់ផ្នែកបម្រើសេវាកម្ម Samsung Find ឲ្យធ្វើការចាក់សោ ឬលុបសោឌីជីថល ដើម្បីការពារនូវការប្រើប្រាស់ដើម្បីចូលប្រើរថយន្ត។
មុខងារ Keyless Entry ឬការប្រើប្រាស់កម្មវិធី Samsung Wallet ធ្វើជាសោររថយន្ត Audi នេះ នឹងដាក់ឲ្យដំណើរការជាផ្លូវការណ៍នៅទីផ្សារប៉ែកអឺរ៉ុបនៅចុងខែនេះ ដែលក្នុងនោះរួមមានចក្រភពអង់គ្លេស អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ ស៊ុយអែត ដាណឺម៉ាក ហ្វាំងឡង់ ន័រវេស និងស្វីស។ ការដាក់ឱ្យដំណើរការជាសកលនឹងត្រូវធ្វើឡើងឲ្យ "ស្របទៅតាមការកំណត់ពេលវេលានៃការប្រកាសរថយន្ត Audi ស៊េរីថ្មីៗ"។ សម្រាប់រថយន្ត Audi ដែលនឹងគាំទ្រនូវប្រព័ន្ធមុខងារថ្មី (Keyless Entry) រួមមានម៉ូដែល Audi A6 e-tron, Q6 e-tron និង Audi A5 Series។ ហើយសម្រាប់រថយន្ត Audi ម៉ូដែលថ្មីដែលត្រៀមបង្ហាញខ្លួននាពេលខាងមុខ ក៏នឹងគាំទ្រមុខងារពិសេសនេះផងដែរ។
ចំនែកស្មាតហ្វូន Galaxy Series របស់ Samsung ដែលគាំទ្រមុខងារថ្មីនេះ រួមមានគ្រួសារត្រកូល S-Series ចាប់ពីឆ្នាំ 2020 ឡើង ហើយម៉ូដែល Galaxy S22 FE ក៏គាំទ្របានផងដែរ។ ម៉ូដែល Galaxy Z Flip, Z Fold ដែលរាប់ចាប់ពីជំនាន់ Z Fold 2 ឡើងមក។ ហើយសូម្បីតែម៉ូដែល Galaxy Note 20 និង Note 20 Ultra ក៏គាំទ្រមុខងារភ្ជាប់បញ្ជារថយន្ត Audi ថ្មីនេះផងដែរ។ និយាយជារួមទៅ គឺគាំទ្រចាប់ពីទូរស័ព្ទដែលគាំទ្រដំណើរការដោយ Android 13 ឡើងតែម្តង៕