គិតទៅគឺមានរយះពេលប្រមាណជា 3 ឆ្នាំទៀតប៉ុណ្ណោះដែលក្រុមហ៊ុន Isuzu បានដាក់ចេញគម្រោងការក្នុងការប្រកាសចេញរថយន្តដឹកទំនិញ និងរថយន្តក្រុងបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ ឬហៅថា Autonomous នៅលើដងវិថី។ បើតាមការលើកឡើងរបស់ Isuzu រថយន្តដឹកទំនិញដំណើរការបើកបរដោយប្រព័ន្ធស្វយ័ត ឬ Autonomous អាចនឹងវាយលុកលើផ្លូវយ៉ាងឆាប់រហ័ស គឺនៅឆ្នាំ 2027។
យោងទៅលើការចេញផ្សាយដោយកាសែតពាណិជ្ជកម្មរបស់ជប៉ុន Nikkei Asia បានធ្វើការរាយការណ៍ថា ភាពជាដៃគូរវាងក្រុមហ៊ុន Isuzu Motors និងក្រុមហ៊ុនចាប់ផ្តើមកម្មវិធីរថយន្តថ្មីរបស់អាមេរិក Software startup Applied Intuition អាចនឹងជម្រុញលទ្ធភាពទៅរួចសម្រាប់រថយន្តដឹកទំនិញដំណើរការដោយប្រព័ន្ធ Autonomous នៅលើដងផ្លូវក្នុងប្រទេសជប៉ុននៅរយៈពេលបីឆ្នាំខាងមុខទៀតនេះ។
ប្រធានក្រុមហ៊ុន Isuzu លោក Shinsuke Minami បានពន្យល់ថា ម៉ាករថយន្តដឹកទំនិញមិនបានបង្កើតកម្មវិធីផ្ទាល់ខ្លួនទេ ប៉ុន្តែ ផ្ទុយទៅវិញវានឹងពឹងផ្អែកទៅលើក្រុមហ៊ុន Applied Intuition ដើម្បីបន្ថែមនៅប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងកម្រិត Level 4 automation ទៅរថយន្តដឹកទំនិញ Giga ថ្មីរបស់ខ្លួន។
ក្រុមហ៊ុន Isuzu រំពឹងថា ខ្លួននឹងប្រើប្រាស់រថយន្តដែលបើកបរដោយខ្លួនឯងជាលើកដំបូង សម្រាប់ការដឹកជញ្ជូនទំនិញរវាងឃ្លាំងមួយទៅឃ្លាំងផ្សេងទៀតរបស់ខ្លួននៅក្នុងប្រទេសជប៉ុន។ ខណៈពេលដែលស្វ័យភាពនៃប្រព័ន្ធ Level 4 automation គឺបង្កើននៅសមត្ថភាពក្នុងដល់រថយន្តសម្រាប់ការបើកបរពីគោលដៅមួយទៅគោលដៅផ្សេងបានយ៉ាងមានសុវត្ថិភាព ទោះបីស្ថិតនៅក្នុងបរិយាកាស និងអាកាសធាតុបែបណាក៏ដោយ។ ហើយប្រព័ន្ធនេះផ្តល់លទ្ធភាពឲ្យអ្នកបើកបរអាចធ្វើការត្រួតពិនិត្យ និងធ្វលការតម្រូវប្រតិបត្តិការរបស់ខ្លួនបាន ដូច្នេះអ្នកបើកអាចធ្វើអន្តរាគមន៍បានភ្លាមៗប្រសិនបើស្ថិតក្នុងករណីចាំបាច់។
លោក Minami បានប្រាប់កាសែត Nikkei ថា "ប្រសិនបើការបើកបរដោយខ្លួនឯងកាន់តែរីករាលដាលនាពេលអនាគត អាជីវកម្មរថយន្តបើកបរដោយខ្លួនឯងរបស់យើង គឺមានសក្តានុពលសម្រាប់ការលក់ដ៏សំខាន់"។ Isuzu ក៏កំពុងធ្វើការជាមួយក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំបូងរបស់ជប៉ុនឈ្មោះថា Tier IV ផងដែរ ដើម្បីបន្ថែមនូវបច្ចេកវិទ្យារថយន្តបើកបរស្វ័យភាពក្នុងកម្រិត Level 4 autonomous driving technology សម្រាប់ប្រើនៅលើរថយន្តក្រុងរបស់ខ្លួន សម្រាប់ប្រើប្រាស់នៅអាកាសយានដ្ឋាន Fukuoka ក៏ដូចជានៅក្នុងតំបន់ Greater Tokyo របស់ជប៉ុនថែមទៀតផង៕
ប្រភពព័ត៌មាន៖ Drive, Isuzu