រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងសម្រួលដ៏ការធ្វើបដិវត្តន៍ក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ដោយបានទម្លាក់ប្រាក់កម្ចីចំនួន 6.80 ពាន់លានអឺរ៉ូ ដែលស្មើរប្រមាណ 7.54 ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុន StarPlus Energy LLC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Stellantis និង Samsung SDI ។ ការវិនិយោគដ៏ធំនេះនឹងជំរុញដល់ការសាងសង់រោងចក្រថាមពលថ្មរថយន្តអគ្គិសនីប្រភេទលីចូម-អ៊ីយ៉ុងចំនួនពីរស្ថិតក្នុងក្រុង Kokomo នៃរដ្ឋ Indiana។
រោងចក្រថ្មីទាំងពីរនឹងបង្កើតការងារថ្មីដល់ប្រជាជនក្នុងតំបន់ប្រមាណ 2,800 នាក់នៅរោងចក្រខ្លួនឯង និងរាប់រយនាក់ទៀតនៅក្នុងបណ្តាញអ្នកផ្គត់ផ្គង់។ គម្រោងនេះ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសម្រាប់តំបន់ទាំងនេះ។ បន្ថែមពីលើការផ្តល់ការងារថ្មី ក្រុមហ៊ុន StarPlus Energy បានប្តេជ្ញាចិត្តចំពោះផែនការក្នុងការផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍ ដោយធ្វើការជាមួយអ្នកដឹកនាំក្នុងតំបន់ ដើម្បីធានាថាទាំងនេះ គឺជាការផ្តល់នូវមុខតំណែងដែលមានប្រាក់ខែល្អ ដែលរួមចំណែកដល់សុខុមាលភាពសេដ្ឋកិច្ចរបស់សហគមន៍។
នៅពេលដែលមានដំណើរការប្រតិបត្តិការពេញលេញរោងចក្រផលិតថាមពលថ្មរថយន្តអគ្គិសនីទាំងពីរនេះនឹងមានលទ្ធភាពក្នុងការផលិតថាមពលថ្មប្រមាណ 67 ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ដែលទិន្នន័យនេះ គឺនឹងផ្តល់នៅលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលថ្មរថយន្តអគ្គិសនីបានប្រហែល 670,000 គ្រឿងនៅក្នុងមួយឆ្នាំ។
លំហូរនៃការនាំចូលថ្មនេះនឹងបញ្ចូលដោយផ្ទាល់ទៅក្នុងផែនការផលិតកម្មរថយន្តអគ្គិសនីដ៏មានមហិច្ឆតារបស់ក្រុមហ៊ុន Stellantis ។ មានការបញ្ជាក់ផ្លូវការណ៍ថា សម្រាប់រោងចក្រទីមួយនឹងបើកទ្វារប្រតិបត្តិការណ៍របស់ខ្លួននៅដើមឆ្នាំ 2025 ហើយរោងចក្រថាមពលថ្មទីពីរនឹងបិទបញ្ចប់ការសាងសងនៅឆ្នាំ 2027៕