ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Zeekr បានបើកដំណើរការបន្ទាប់តាំងបង្ហាញរថយន្តក្នុងទីផ្សារសកល ឬ Global Showroom ទី 500 របស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងប្រទេសសិង្ហបុរី។ ស្របពេលជាមួយគ្នានេះ Zeekr ក៏បានធ្វើការប្រកាសចេញលក់រថយន្ត MPV ស៊េរីថ្មីម៉ូដែល Zeekr 009 នៅក្នុងប្រទេសនេះថែមទៀតផង។
បន្ទប់តាំងបង្ហាញរថយន្ត ឬ Showroom ទី 500 របស់ Zeekr មានទីតាំងស្ថិតនៅលើវិថី 9 Leng Kee Road។ Zeekr Center Singapore មានកម្ពស់ពីរជាន់ត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីក្នុងការទិញរថយន្តអគ្គិសនីប្រកបដោយភាពទាក់ទាញ និងភាពផ្ទាល់ខ្លួន។ ជាមួយការបើកដំណើរការ Showroom ថ្មីក្នុងប្រទេសប្រេស៊ីលនេះ បានធ្វើឲ្យ Zeekr មានបន្ទប់តាំងបង្ហាញរថយន្តផ្ទាល់ខ្លួនចំនួន 447 នៅក្នុងប្រទេសចិន និង 53 នៅក្រៅប្រទេស។
លោក Mars Chen អនុប្រធានក្រុមហ៊ុន Zeekr បាននិយាយថា "យើងមានសេចក្តីរំភើបរីករាយដែលអាចប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាមួយនឹងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Zeekr ចុងក្រោយបំផុតរបស់យើងនៅក្នុងប្រទេសសិង្ហបុរី ស្របពេលដែលយើងបាននឹងកំពុងបន្តពង្រឹងវត្តមានស្លាកយីហៅរបស់យើងនៅក្នុងប្រទេសនេះ និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត" ។
នៅក្នុងបន្ទាប់តាំងបង្ហាញរថយន្តថ្មីនេះ គេឃើញមានការដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីម៉ូដែល Zeekr 009 ដែលជាម៉ូដែលទីពីរបន្ទាប់ពី Zeekr X ដែលដាក់លក់នៅលើទីផ្សារប្រទេសសិង្ហបុរីកាលពីខែសីហា។ នៅទីផ្សារប្រទេសសិង្ហបុរី រថយន្ត Zeekr 009 មានជម្រើសម៉ូដែលមាន 7 កៅអី និង 6 កៅអី។
ដោយាទាំងពីរម៉ូដែល គឺប្រើប្រាស់កញ្ចប់ថាមពលថ្ម 116kWh ដែលផ្តល់ថាមពលសម្រាប់ការបើកបរបានដល់ទៅ 582គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង។ ខណៈដែលម៉ូដែល Zeekr 009 ដែលចេញលក់នៅទីផ្សារប្រទេសចិន គឺមានកញ្ចប់ថ្មទំហំ 108kWh។ រថយន្តស៊េរីថ្មីនេះ ក៏គាំទ្រកំលាំងសាកភ្លើងល្បឿនលឿនដែលសាកដល់ 80% ចំណាយពេល 30 នាទី ជាមួយប្រព័ន្ធសាកថ្មកម្រិត 5C CATL Kirin ដែលប្រើក្នុងប្រទេសចិននោះទេ។
Zeekr 009 ដែលជាររថយន្ត MPV ចេញលក់នៅទីផ្សារសិង្ហបុរី ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ (dual-motor) ដែលផ្តល់ឲ្យការជាន់សន្ទុះល្បឿនពី 0-100km/h ប្រើពេលប្រមាណ 4.5 វិនាទី។ សម្រាប់តម្លៃវិញ Zeekr 009 ម៉ូដែល 7 កៅអីមានតម្លៃប្រហែល $305,000 ខណៈម៉ូដែល Flagship 6-កៅអីមានតម្លៃខ្ទង់ $312,400។ ចំនែកម៉ូដែល Zeekr X មានតម្លៃខ្ទង់ប្រហែល $148,700 សម្រាប់ម៉ូដែល rear-wheel-drive និង $159,850 សម្រាប់ម៉ូដែល all-wheel-drive។
គិតមកទល់ពេលនេះក្រុមហ៊ុន Zeekr លក់រថយន្តបានជាង 360,000 គ្រឿង ហើយបច្ចុប្បន្នម៉ាកយីហោរថយន្តនេះបានចរាចរលក់នៅក្នុងទីផ្សារចំនួន 40 នៅជុំវិញពិភពលោក រួមទាំងទីផ្សារប្រទេសអភិវឌ្ឍន៍ដូចជា ប្រទេសអូស្ត្រាលី និងសហភាពអឺរ៉ុបផងដែរ។ Zeekr រំពឹងថា នឹងបង្កើនការបើកដំណើរការបន្ទប់តាំងបង្ហាញរថយន្តថ្មីឲ្យបានយ៉ាងហោចណាស់ចំនួន 520 ដែរ នៅមុនដំណាច់ឆ្នាំ 2024 នេះ៕