Toyota Supra Track Edition ឆ្នាំ 2025 បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ហើយនឹងមកដល់ឆ្នាំក្រោយ។ Toyota Supra Track Edition ស៊េរីឆ្នាំ 2025 ត្រូវបានគេមើលឃើញថា មានបំពាក់នូវប្រព័ន្ធបូមជាប្រភេទ bespoke suspension និងគ្រោងឆ្អឹងដែលផលិតឡើងពីធាតុកាបូនហ្វាយប័រប្រភេទ carbon fibre aero និងមានយ៉ាន់កង់ពណ៌ខ្មៅទំហំ 19 អ៊ីញជាប្រភេទ Alloy wheel។ ជាមួយគ្នានេះ Toyota Supra Track Edition 2025 ត្រូវបានកែប្រែបង្កើនទំហំប្រព័ន្ធហ្រ្វាំងខាងមុខធំជាងមុនដែលជួយឲ្យការបើកបរកាន់តែមានប្រសិទ្ធិភាព។
សម្រាប់សមត្ថភាពកំលាំងម៉ាស៊ីនវិញ Supra Track Edition 2025 ត្រូវបានក្រុមហ៊ុនរក្សាទុកកំលាំងដូចម៉ូដែល Supra ស្តង់ដារ ជាមួយម៉ាស៊ីនកំលាំង 285kW ដែលមានកំលាំងរមូល 500Nm។ ផ្នែកខាងក្នុងរបស់ Supra Track Edition 2025 ត្រូវបានកែលម្អថ្មីប្រកបដោយភាពប្រណិតជាមួយកៅអី និងកន្លែកដាក់ដៃនៅកណ្តាលស្រោបដោយស្បែកពណ៌ខ្មៅប្រភេទ black Alcantara upholstery រំលេចជាមួយការដេរដោយអំបោះពណ៌ក្រហម-ស នៅលើក្បាលកៅអីមានដាំនូវម៉ាក GR និងខ្សែក្រវ៉ាត់ការពារសុវត្ថិភាពពណ៌ក្រហមប្រកបដោយភាពទាក់ទាញបែបរថយន្តស្ព័រពិតៗតែម្តង។
Toyota Supra Track Edition 2025 បានជម្រើសដំណើរការដោយប្រអប់លេខដៃ និងប្រអប់លេខស្វ័យប្រវត្តិ។ ជាមួយគ្នានេះ នៅខាងក្នុង Supra Track Edition 2025 មានបំពាក់នូវអេក្រង់ពណ៌នៅលើ Dashboard, ប្រព័ន្ធបំពងសំឡេង JBL Audio System ចំនួន 12 គ្រាប់, កន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ និងមុខងារកំដៅកៅអីជាដើម។ រថយន្តស័្ពរស៊េរីថ្មីដ៏ទំនើបរបស់ Toyota មួយនេះត្រូវបាន គេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅឆ្នាំ 2025 ហើយអាចនឹងប្រើឈ្មោះថា 2025 Toyota Supra A90 Final Edition។
សម្រាប់សង្វាក់ផលិតកម្មរបស់រថយន្តស៊េរីថ្មី Supra ជំនាន់ទី 5 នឹងត្រូវចាប់ផ្តើមឡើងនៅក្នុងឆ្នាំ 2025 ដែលស្របពេលជាមួយគ្នាដែល Toyota ធ្វើការរៀបចំក្នុងការកែបែ្រសង្វាក់ផលិតកម្មរថយន្តទៅដំណើរការជាមួយប្រព័ន្ធម៉ាស៊ីន Hybrid ជំនាន់ទី 6 ទាំងស្រុង ដែលនឹងមកដល់នៅពាក់កណ្តាលទីពីរនៃទសវត្សន៍នេះ។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិលម្អិត និងតម្លៃ រួមនឹងថ្ងៃចេញ ក៏ដូចជាទីផ្សារដែលត្រូវចេញលក់រថយន្តជំនាន់ថ្មី Toyota Supra A90 Final Edition ឬ Supra Track Edition ឆ្នាំ 2025 មិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕